ក្រុមហ៊ុន ព័ត៌មានថ្មីៗ ហិរញ្ញវត្ថុ

GFG Investment បន្តពង្រីកវិសាលភាព លើវិស័យជួញដូរ​ ឧបករណ៍និស្សន្ទ នៅកម្ពុជា តាមរយៈការសហការជាដៃគូ ជាមួយ Aronex Corporation

ភ្នំពេញ៖ ក្រុមហ៊ុនពីរ រួមមាន​ GFG Investment ជាក្រុមហ៊ុនក្នុងស្រុក ទទួលបានអាជ្ញាប័ណ្ណ ជាសហភាគីកណ្តាល លើវិស័យការជួញដូរ ឧបករណ៍និស្សន្ទ បានធ្វើការចុះ អនុស្សរណៈយោគយល់គ្នា (MOU) ជាមួយនិងក្រុមហ៊ុន Aronex Corporation ដែលជាក្រុមហ៊ុនក្រៅស្រុក ដើម្បីជម្រុញ និងពង្រីកវិសាលភាព ក្នុងការជួញដូរ រូបិប័ណ្ណអន្តរជាតិ នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសពិធី ចុះអនុស្សរណៈយោគយល់គ្នា រវាង​ GFG Investment ជាមួយនឹង Aronex Corporation នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ ធ្វើឡើងក្រោមអធិបតីភាព លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការ មូលបត្រកម្ពុជា​ ក្នុងនោះលោក ស្រី សំណាង នាយកគ្រប់គ្រងទូទៅ (GM) នៃក្រុមហ៊ុនវិនិយោគ GFG Investment បានលើកឡើងថា ក្នុងរយៈពេលដែល GFG Investment ទទួលបានអញ្ញាប័ណ្ណ លើវិស័យជួញដូរឧបករណ៍និស្សន្ទ នៅកម្ពុជា មានភាពរីកចម្រើន គួរឲ្យកត់សម្គាល់ ​ដោយសារតែមាន ការគ្រប់គ្រងយ៉ាងល្អ ពីគណៈកម្មាធិការមូលបត្រកម្ពុជា ដែលបានជម្រុញ ឲ្យវិស័យមួយនេះ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ៣០ក្រុមហ៊ុន ដែលបានទទួលអាជ្ញាប័ណ្ណ ​បូករួម៤ក្រុមហ៊ុនផងដែរ ដែលទទួលបានអាជ្ញាប័ណ្ណ ជាសហភាគីកណ្តាល​ ។ ទាំងនេះហើយ គឺជាទំព័រថ្មីមួយសម្រាប់ GFG Investment ដែលទទួលយកក្រុមហ៊ុន Aronex Corporation​ មកធ្វើជាដៃគូសហការ ដើម្បីពង្រឹង ក៏ដូចជា ពង្រីកទាក់ទងទៅនឹង ការជួញដូរឧបករណ៍និស្សន្ទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យមានភាពរីកចម្រើន មួយកម្រិតទៀត ។

លោកបានបន្តថា GFG Investment គឺជាក្រុមហ៊ុនសហភាគីកណ្តាលមួយ ក្នុងចំណោមក្រុមហ៊ុន៤នៅកម្ពុជា ដែលមិនធ្លាប់ទទួលយក ក្រុមហ៊ុនទីពីរពីមុននោះឡើយ ដោយនេះជាទំព័រថ្មី មួយ ដែលក្រុមហ៊ុ​ន​ GFG Investment ទទួលយក Aronex Corporation ធ្វើជាដៃគូរយុទ្ធសាស្ត្រ ដែលផ្តោតលើការសហកាដ៏ធំបំផុត តាមរយៈការអប់រំ ពោលការរៀបចំសិក្ខាសាលា ការរៀបចំកម្មវិធីផ្សេងៗ ដើម្បីពន្យល់អតិថិជន ឲ្យបានយល់ឲ្យច្បាស់ពីកម្រិតហានិភ័យ ទៅលើការជួញដូរវិស័យមួយនេះ និងចេះបំឡែងហានិភ័យ ឲ្យប្រែក្លាយទៅជាផលចំណេញ ដែលនេះជាគោលដៅរួមមួយ របស់ GFG Investment បាននឹងកំពុងពង្រឹងធ្វើជាបន្តបន្ទាប់ ។

នាយកគ្រប់គ្រងទូទៅ (GM) នៃក្រុមហ៊ុនវិនិយោគ GFG Investment បានផ្តាច់ជ្ញា នឹងធ្វើការសហការគ្នាបន្តទៀត ដើម្បីជម្រុញឲ្យរីកដុះដាល នៃវិស័យជួញដូរឧបករណ៍និស្សន្ទនេះ នឹងជឿជាក់ថា វិស័យជួញដូរឧបករណ៍និស្សន្ទ នៅពីរឆ្នាំខាងមុខទៀត នឹងមានភាពរីកដុះដាល់ ខ្លាំងមួយកម្រិតទៀត ។

ជាមួយគ្នានេះ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការ មូលបត្រកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន GFG Investment បានក្លាយទៅជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនទាំង៤ប៉ុណ្ណោះ ដែលទទួលបានអាជ្ញាប័ណ្ណព្រមគ្នាផ្នែក សហភាគីកណ្តាល​ រហូតមកដល់ពេលបច្ចុប្បន្ន ។ កត្តាដែលចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ ទីផ្សារឧបករណ៍និស្សន្ទបន្ថែមនេះ គឺជាទំនុកចិត្តទីផ្សារ ហើយនេះជាគោលដៅរួមគ្នាមួយ ដែលក្រុមហ៊ុនទាំងពីរនេះមាន (GFG Investment និង Aronex Coparation) គឺធ្វើយ៉ាងណា ធ្វើឲ្យមានទំនុកចិត្តកើតឡើងជាមុនសិន មុននឹងទាញយកផលប្រយោជន៍ ចេញពីទីផ្សារ ។

អគ្គនាយកគណៈកម្មការ មូលបត្រកម្ពុជា ក៏បានលើកឡើងបន្ថែមថា ដើម្បីឲ្យវិស័យឧបករណ៍និស្សន្ទ ដើរទៅមុខបានវែងឆ្ងាយ លោកបានស្នើឲ្យក្រុមហ៊ុន ធ្វើយ៉ាងណា ផ្តល់នូវទំនុកចិត្ត ដល់អតិថិជន ប្រកាន់ភ្ជាប់ នូវវិជ្ជាជីវច្បាស់លាស់ លើវិស័យមួយនេះ ។ មួយវិញទៀត ត្រូវធ្វើយ៉ាងណា ផ្តល់តម្លាភាព សុវត្ថិភាព ជាមួយអតិថិជន ពោលត្រូវផ្តល់នូវទំនុកចិត្ត ជាពិសេសសុវត្ថិភាព ដល់អតិថិជន ដែលបានធ្វើការជួញដូរ លើវិស័យឧបករណ៍និស្សន្ទនេះ៕ ដោយ៖ ដារាត់

Related Posts