ព័ត៌មានថ្មីៗ

ប្រាសាក់ បន្តសកម្មភាព មនុស្សធម៌ ដោយបរិច្ចាគថវិកា ចំនួន ៨០លានរៀល ជូនចំពោះ កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ប្រាសាក់ ជាគ្រឹះស្ថានឈរលេខរៀងទី១ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាគ្រឹះស្ថានធំមួយ ក្នុងចំណោមធនាគារធំទាំង ៥នៅកម្ពុជា កាលពីថ្ងៃទី ៨ខែឧសភា ឆ្នាំ ២០១៩ បានបរិច្ចាគថវិកាចំនួន ៨០លានរៀល ជូនចំពោះកាកបាទក្រហម កម្ពុជាក្នុងពិធីប្រារព្ធខួបលើកទី ១៥៦ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា» ដើម្បីចូលរួមចំណែកក្នុង សកម្មភាពមនុស្សធម៌ និងអនុលោមតាមតម្លៃស្នូលរបស់ ប្រាសាក់ក្នុងការគាំទ្រ សុខុមាលភាពសង្គម។

ព្រឹត្តិការណ៍ទិវាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា និងអបអរខួប 100 ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (1919-2019) បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីសមាជិក កាកបាទក្រហមកម្ពុជា សមាជិករដ្ឋសភា មន្រ្តីរដ្ឋាភិបាល ម្ចាស់ជំនួយជាតិ និងអន្តរជាតិ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងអ្នកតំណាងគណៈកម្មការអន្តរជាតិកាកបាទក្រហម។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានមានប្រសាសន៍ថា “ប្រាសាក់បានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងកិច្ចការសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃ និងផ្ដល់ជាផលប្រយោជន៍ជូនសង្គម និងស្ថាប័នទាំងមូល។ ស្របទៅនឹងទស្សនៈវិស័យ និងភាពទំនួលខុសត្រូវរបស់ស្ថាប័នទៅនឹងសង្គម ប្រាសាក់ក៏បានចូលរួមក្នុងកម្មវិធីជាច្រើន ដូចជា សាងសង់អគារបណ្ណាល័យ ឧបត្ថម្ភការវះកាត់មាត់ឆែប ចូលរួមឧបត្ថម្ភដល់សិស្សពូកែ ទិវាអំណានជាតិ ការអប់រំ «ខ្ញុំស្រលាញ់ប្រាក់រៀល» យល់ដឹងពីហិរញ្ញវត្ថុ ចូលរួមបរិច្ចាគឈាម គាំទ្រកម្មវិធីពង្រឹងសមត្ថភាពរបស់យុវជន និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់សហគមន៍ជាដើម”។

លោក សាយ សូនី បានបន្ថែមថា “ប្រាសាក់ ពិតជាមានសេចក្ដីរីករាយណាស់ដែលបានចូលរួមគាំទ្រដល់សកម្មភាពសង្គម និងការជួយជនរងគ្រោះដោយគ្រោះមហន្តរាយ និងវិបត្តិភ័យផ្សេងៗ ដោយការបរិច្ចាគទឹកប្រាក់តាមរយៈកាកបាទក្រហមកម្ពុជា។ ប្រាសាក់សង្ឃឹមថា ការបរិច្ចាគថវិកានាពេលនេះ នឹងចូលរួមចំណែកក្នុងការជួយឱ្យកាកបាទក្រហមកម្ពុជាកាន់តែមានលទ្ធភាពទូលំទូលាយជួយដល់ជនងាយរងគ្រោះបន្ថែមទៀត”។

សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានឯកជន និងមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា ហើយកំពុងផ្តល់សេវាហិរញ្ញវត្ថុជាច្រើនរួមមាន សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ សេវាធនាគារចល័ត សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស និងម៉ាស៊ីនឆូតកាតនៅទូទាំងប្រទេស។ បច្ចុប្បន្ននេះ ការបង់ថ្លៃទឹក បង់ថ្លៃភ្លើង ផ្ទេរប្រាក់ទៅដៃគូជំនួញ ឬ ទៅមនុស្សជាទីស្រឡាញ់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ឬ ផ្ទេរប្រាក់ទៅកាន់អ្នកគ្មានគណនី តាមរយៈសេវាធនាគារចល័ត (Mobile Banking & Internet Banking) និងម៉ាស៊ីនអេធីអឹមប្រាសាក់ មិនគិតកម្រៃសេវា។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងយើងខ្ញុំតាម 023 999 911 ឬ 086 999 911 ឬ 096 9 999 911 ឬ វេបសាយត៍ www.prasac.com.kh

Related Posts