ព័ត៌មានថ្មីៗ

កម្ពុជា-ចិន រៀបចំពិព័រណ៍ ពាណិជ្ជកម្មចម្រុះ អន្តរជាតិលើក ទី២

ភ្នំពេញ ៖ កម្ពុជា-ចិន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នេះ បានដាក់សម្ពោធពិព័រណ៍ ពាណិជ្ជកម្មអន្តរជាតិលើកទី២ក្នុងន័យលើកកម្ពស់ពាណិជ្ជកម្ម រវាងអាស៊ី និងប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបយ៉ាងសកម្ម នូវយុទ្ធសាស្ត្រ«ខ្សែក្រវ៉ាត់មួយ វិថី មួយ» ។

លោក សំ សិរិរតន៍ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងពិធីសម្ពោធដំណើការពិព័រណ៍ នាព្រឹកថ្ងៃ ទី១០ ឧសភា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រថា ពិព័រណ៌ថ្ងៃនេះ ពិតជាមានសារៈសំខាន់ ក្នុងការរឹតចំណងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមានថែមទៀត។

លោកបន្តថា ពិព័រណ៍នេះ ក៏បានចូលរួមជំរុញកំណើន សេដ្ឋកិច្ចកម្ពុជាផងដែរ។ លើសពីនេះ ក៏ជាឱកាសមួយ សម្រាប់អ្នកវិនិយោគចិន ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត។

លោកបានបញ្ជាក់ថា «ពិព័រណ៍នេះ បានជំរុញក្នុងការ នាំចេញផលិតរបស់កម្ពុជា ផលិតបានទៅកាន់ប្រទេសចិន ក៏ដូចបណ្តាប្រទេសមួយចំនួនទៀត នៅលើពិភពលោកផងដែរ»។

លោករដ្ឋលេខាធិការ ក៏បានឲ្យដឹងទៀតថា បច្ចុប្បន្នកម្ពុជា ក៏បាននាំផលិតផលទៅចិនមួយចំនួនដូចជា កៅស៊ូ ផ្លែចេក ជាដើម។ ក្នុងនោះ កម្ពុជា-ចិនក៏បានចុះអនុស្សារណៈ យោគយល់គ្នាលើការនាំយកផលិតផលពីកម្ពុជាផងដែរ។

បើតាមការអះអាងរបស់លោករដ្ឋលេខាធិការ កម្ពុជានាំផលិតទៅលក់នៅចិន ត្រូវបានលើកលែងពន្ធ។ សម្រាប់ការនាំចេញផលិតផលទៅទីផ្សារចិន ទោះបីមានចំនួនតិច យ៉ាងណាក្តី ប៉ុន្តែក៏អាចជួយជំរុញនិងទប់ស្កាត់វិបត្តិការ នាំចេញកសិករផលកម្ពុជា ទៅកាន់សហភាពអឺរ៉ុបមួយចំនួនផងដែរ។

លោករដ្ឋលេខាធិការ ក៏បានបន្ថែមថា ការនាំផលិតផលទៅ ចិន អាចកាត់បន្ថយបានប្រមាណ២០%ពីការនាំទៅកាន់ទីផ្សារសហភាពអឺរ៉ុប ព្រោះភាគីកម្ពុជា និងចិនបានសម្រេចទិសដៅក្នុងការជួយគ្នាទៅវិញទៅមក ដែលជាគោល នយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ។

ពាក់ព័ន្ធពិព័រណ៍នេះដែរ លោកស្រី វ៉ាង លីពីង តំណាងឲ្យអ្នករៀបកម្មវិធី បានលើកឡើងថា ការរៀបចំពិព័រណ៌នេះ ដើម្បីឆ្លើយតបយ៉ាងសកម្មចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ និងវិថីមួយ»។

លោកស្រីបន្តថា ព្រឹត្តិការណ៍នេះ មានគោលបំណងដើម្បីបង្កើតវេទិកាប្រចាំតំបន់ នឹងមានជំនួបទាក់ទងរវាងអ្នកជំនួញទូទាំងពិភពលោក។ ក្នុងនោះ មកពីចិនចំនួន២០ខេត្ត និងខេត្តផ្សេងៗ នៃប្រទេសមួយចំនួនលើសកលលោកដែរ។

សូមរំលឹកថា ពិព័រណ៌ពាណិជ្ជកម្មនេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០-១២ ខែឧសភា មានសហគ្រាសជាង១០០ ដាក់បង្ហាញផលិតផល ដូចជាផលិតផលកសិកម្ម សំលៀក បំពាក់ និងស្បែកជើង អាហារ សំភារៈសំណង់ ផលិតផលអេឡិចត្រូនិច សំណង់និងបច្ចេកវិទ្យាជាន់ខ្ពស់ជាដើម ៕
ដោយ៖ អេង ប៊ូឆេង

Related Posts