ក្រុមហ៊ុន ព័ត៌មានថ្មីៗ

កម្មវិធីសិក្សាថ្មី បែបស្ទែម (STEM) ត្រូវបានដាក់ដំណើរការ នៅមជ្ឈមណ្ឌលអប់រំកុមារ រ៉ូបូស៊ីង សាខា Urban Space ទួលគោក ជាលើកដំបូង

ភ្នំពេញ៖ ក្រោយប្រកាសជាផ្លូវការ ការនាំយកនូវកម្មវិធីសិក្សាអប់រំបែបថ្មី STEM លំដាប់ថ្នាក់ពិភពលោក ពីសហរដ្ឋអាមេរិក មកកាន់កម្ពុជាហើយនោះ កម្មវិធីសិក្សា ដែលមានឈ្មោះថា RoboThink ត្រូវបានដាក់ដំណើរការ ជាផ្លូវការដំបូងបង្អស់ នៅមជ្ឈមមណ្ឌលអប់រំកុមារ រ៉ូបូស៊ីង សាខា Urban Space ទួលគោក ដោយទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អាណាព្យាបាល និងក្មេងតូចៗជាច្រើន ខណៈដែលកម្មវិធីសិក្សានេះ នឹងដាក់ដំណើរការជាបន្តបន្ទាប់ តាមសាលាអន្តរជាតិ ជាដៃគូសហការជាច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការដាក់ដំណើរការ កម្មវិធីសិក្សាអប់រំបែបស្ទែម (STEM) លំដាប់ថ្នាក់ពិភពលោក ដែលមានឈ្មោះថា រ៉ូបូស៊ីង (RoboThink) តាមរយៈក្រុមហ៊ុន រៀលលាននែរ ខូអិលធីដី នឹងផ្តល់នូវការអប់រំ ដល់ក្មេងៗ តាមរយៈថ្នាក់រៀនសាងសង់រ៉ូបូត និងសរសេរកូដ សម្រាប់កុមារ នឹងផ្តល់នូវចំណេះដឹង ព្រមជាមួយភាពសប្បាយ ដល់កុមារ អាចយល់ដឹងទាក់ទងនឹង ការច្នៃប្រឌិត ក្នុងការសាងសង់គ្រឿងយន្ត ការសរសេរកូដ អភិវឌ្ឍសមត្ថភាព ខួរក្បាលកុមារ បានយ៉ាងមានប្រសិទ្ធិភាព ដោយអនុវត្តផ្ទាល់ ជាមួយនឹងឧបករណ៍រ៉ូបូស៊ីង (RoboThink) លាយឡំ ការសិក្សាបែបកម្សាន្ត យ៉ាងសប្បាយរីករាយផងដែរ ។

រ៉ូបូស៊ីង (RoboThink) ជាកម្មវិធីសិក្សាអប់រំ ដ៏មានប្រជាប្រិយភាព និងរីកចម្រើនឆាប់រហ័ស ដែលមានការិយាល័យ នៅសហរដ្ឋអាមេរិក កាណាដា កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៉ាណាម៉ា អាហ្វ្រិចខាងត្បូង ប្រទេសអែរឡង់ និងប្រទេសចិន ។ ហើយប ច្ចុប្បន្ន រ៉ូបូស៊ីង (RoboThink) កំពុងតែអប់រំ មនុស្សជំនាន់ក្រោយ អំពីការកែច្នៃ ផ្នែកបច្ចេកវិទ្យា វិស្វកម្ម និងសរសេរកូដ ដល់កុមារ នៅក្នុងប្រទេស និងជំរុញ ឲ្យពួកគេក្លាយជាអ្នកដឹកនាំ នៅក្នុងវិស័យបច្ចេកវិទ្យា នៅតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោក ។

រ៉ូបូស៊ីង (RoboThink) នឹងត្រូវបានដាក់ដំណើរការ បង្រៀនដល់ក្មេងៗ ដែលមានអាយុចាប់ពី៦ ដល់១៤ឆ្នាំ (ថ្នាក់ទី១ដល់ទី៨) កម្មវិធីអប់រំបែបស្ទែម (STEM) តែមួយគត់ របស់ រ៉ូបូស៊ីង (RoboThink) ត្រូវបានផ្តោតលើ វិធីសាស្ត្រសិក្សាចុងក្រោយ របស់ស្ទែម (STEM) ផ្នែក Hardware និងផ្នែក Software និងជាកម្មវិធីសិក្សា លំដាប់ថ្នាក់ពិភពលោក ដែលបង្កើតឡើង ដោយក្រុមអ្នកស្រាវជ្រាវ ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក និងកូរ៉េ ។

គួររំលឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រ និងអនុញ្ញាតិ ឲ្យកម្មវិធី រ៉ូបូស៊ីង (RoboThink) ដាក់ដំណើរការសាកល្បង នៅសាលារៀនបឋមសិក្សា ព្រះនរោត្តម រាជធានីភ្នំពេញ តាមរយៈលិខិតលេខ ២៣០១ អយក.ផក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

គួរបញ្ជាក់ថា ក្រុមហ៊ុនរៀលលាននែរ បានធ្វើការប្រកាសជាផ្លូវការ ការនាំយក​ នូវកម្មវិធីសិក្សាអប់រំបែបស្ទែម (STEM) លំដាប់ថ្នាក់ពិភពលោក តែមួយគត់ កំពុងមកដល់ប្រទេសកម្ពុជា ដែលមានឈ្មោះថា រ៉ូបូស៊ីង (RoboThink) ពីសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ នាសណ្ឋាគារ សូហ្វីថែលភ្នំពេញ ក្រោមវត្តមានលោក សាន្ត វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាងគណៈគ្រប់គ្រង ក្រុមហ៊ុន រៀលលាននែរ អគ្គនាយកក្រុមហ៊ុន RoboThink មកពីសហរដ្ឋអាមេរិក ដៃគូសហការជាច្រើនចូលរួមផងដែរ៕ ដោយ៖ ដារាត់

Related Posts