ព័ត៌មានថ្មីៗ

ការប្រកួតប្រជែង រ៉ូបូតអូឡាំព្យាដ ពិភពលោក សម្រាប់ជុំប្រកួត នៅកម្ពុជាឆ្នាំ២០១៩ នឹងមកដល់ឆាប់ៗនេះហើយ

ភ្នំពេញ៖ ការប្រកួតប្រជែងរ៉ូបូត អូឡាំព្យាដ ពិភពលោកសម្រាប់ ជុំប្រកួតនៅកម្ពុជា ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួម ពីសំណាក់យុវជនឆ្នើម របស់កម្ពុជាដើម្បី ធ្វើការប្រកួតដណ្ដើមយកពានរង្វាន់ និងឱកាសធ្វើជាតំណាងប្រទេសកម្ពុជា ឡើងទៅប្រកួតនៅជុំអន្តរជាតិ នៅក្នុងប្រទេសហុងគ្រី នៅចុងឆ្នាំនេះ។

ការប្រកួតប្រជែងនេះ បែងចែកជាពីរវិញ្ញាសា ទី១គឺការប្រកួតលើវិញ្ញសាទូទៅ តាមរយៈការប្រើរ៉ូបូត LEGO Mindstorm និងទី២គឺវិញ្ញាសាសេរី ដែលតម្រូវឱ្យបេក្ខជនប្រើគំនិតច្នៃប្រឌិត និងបង្កើតដំណោះស្រាយថ្មីសម្រាប់ ការបង្កើតទីក្រុងប្រកបដោយនិរន្តរភាព នៅថ្ងៃអនាគត តាមរយៈការប្រើប្រាស់គ្រឿងរ៉ូបូត និងកម្មវិធីរ៉ូបូតគ្រប់ប្រភេទ។ បេក្ខជនកម្រិតកុមារ (១៣-១៥ឆ្នាំ) និងយុវជន (១៦-១៩ឆ្នាំ) គឺអាចចូលរួមប្រកួតនៅក្នុងវិញ្ញាសា ទាំងពីរនេះបានដូចគ្នា។

បន្ទាប់ពីការត្រៀមរៀបចំ បង្កើតកម្មវិធី សាកល្បង និងធ្វើតេស្តអស់រយៈពេល ជាច្រើនខែមក យើងខ្ញុំសូមគោរពអញ្ជើញ សិស្សានុសិស្ស អ្នកគ្រូ លោកគ្រូ មាតាបិតា និងសាធារណជន មេត្តាចូលរួមលើកទឹកចិត្ត បេក្ខជន នាឱកាសនេះ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨:០០ តទៅ។

ក្រោមគម្រោង “រ៉ូបូតកម្ពុជា” និងរៀបចំដោយអង្គការ ពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ដែលជាអង្គការ ក្រៅរដ្ឋាភិបាលក្នុងស្រុក នេះជាឆ្នាំទីពីរហើយ ដែលការប្រកួតប្រជែង រ៉ូបូតអូឡាំព្យាដពិភពលោកសម្រាប់ជុំប្រកួត នៅកម្ពុជាត្រូវបានរៀបចំ ឡើង។ យើងខ្ញុំសូមបន្តថ្លែងអំណរ ដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលចូលរួមទទួលស្គាល់ថា រ៉ូបូតគឺជាវិធីសាស្រ្ត ដ៏រីករាយមួយដើម្បីបណ្ដុះសា្មរតី យុវជនកម្ពុជា ឱ្យចូលចិត្តការសិក្សា មុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ យើងខ្ញុំក៏សូមថ្លែង អំណរគុណផងដែរដល់ដៃគូ សហការឧបត្ថម្ភដែលមានដូចជា iOne UBTECH និង BRIGHT ដែលបានចូលរួមលើក កម្ពស់ការអប់រំរ៉ូបូត និងរួមចំណែកកសាង អនាគតប្រទេសកម្ពុជា ប្រកបដោយភាពត្រចះត្រចង់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ អង្គការពិព័រណ៌វិទ្យាសាស្រ្តកម្ពុជា តាមរយៈអ៊ីមែល wro@stemcambodia.ngo ទូរស័ព្ទ 023 72 72 62 ឬវេបសាយhttp://www.stemcambodia.ngo/world-robot-olympiad/

Related Posts