ព័ត៌មានថ្មីៗ យុទ្ធសាស្ត្រីផ្សារ

បណ្តាញអ្នកជំនួញ BNI Cambodia ប្រកាសជាផ្លូវការ ដំណើរការ BNI Blue Print Chapter

ភ្នំពេញ៖ ដើម្បីជម្រុញឱកាសអាជីវកម្ម ទៅកាន់ដៃគូ និងបន្តពង្រឹងសកម្មភាព ក្នុងការជួយដល់ម្ចាស់អាជីវកម្ម ទាំងឡាយ ឲ្យឆ្ពោះទៅរកភាពជោគជ័យខ្លាំងឡើងៗ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ បណ្តាញអ្នកជំនួញ BNI Cambodia បានបើកប្រកាស ការដាក់ឲ្យដំណើរការ ជាផ្លូវការនូវ “BNI Blue Print Chapter”។

លោក Seu Sopheak Executive Director BNI Cambodia Support Team បានឲ្យដឹងថា មូលហេតុដែលបង្កើត BNI Blue Print Chapter នេះ ដោយសារតែ BNI Cambodia មើលឃើញឱកាសអាជីវកម្ម របស់ពួកគាត់ទាំងនៅក្នុងស្រុក ព្រមទាំងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់អាជីវកម្មមានឱកាសជួយជុំគ្នា ដែលសុទ្ធតែម្ចាស់អាជីវកម្ម មានវិជ្ជាជីវៈ។ បច្ចុប្បន្ន BNI Blue Print Chapter មានសមាជិកជាង២០នាក់ ហើយនឹងគ្រោងជ្រើសរើសមា្ចស់អាជីវកម្ម បន្ថែមលើសពី ៣០នាក់ឡើងទៅ ដែលសុទ្ធសឹងតែម្ចាស់ អាជីវកម្ម មានសមត្ថភាពនិងគុណភាពខ្ពស់។

លោកបន្តថា ម្ចាស់អាជីវកម្មណាដែលចង់ចូលជាសមាជិក BNI Cambodia នឹងទទួលបាន ផលប្រយោជន៍ប្រាំយ៉ាង ក្នុងការពង្រឹងអាជីវកម្មរបស់ខ្លួន ឲ្យកាន់តែរឹងមាំបន្ថែមទៀត ក្នុងនោះរួមមានៈ ទី១ក្រុមទីផ្សារដ៏ធំ ទី២ គឺបាននូវសិទ្ធិផ្ដាច់មុខ នៅក្នុងក្រុមរបស់អាជីវកម្មខ្លួន ទី៣ ប្រភពអតិថិជន ជាប្រចាំ ទី៤ វគ្គបណ្ដុះបណ្ដា ចែករំលែក បទពិសោធន៍ ដើម្បីធ្វើឲ្យម្ចាស់អាជីវកម្ម មានការរីកចម្រើន កាន់តែខ្លាំងបន្ថែមទៀត និងទី៥ គឺធ្វើឲ្យម្ចាស់អាជីវកម្ម មានទំនាក់ទំនងយូរអង្វែង ជាមួយគ្នាផងដែរ។

BNI គឺជាបណ្ដាញម្ចាស់អាជីវកម្ម ដែលធំជាងគេ និងជោគជ័យជាងគេបង្អស់ លើពិភពលោក ក្នុងចំណោមស្ថាប័នដូចគ្នា ដែលបានបង្កើតឡើងដំបូងបង្អស់ នៅសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៨៥។ BNI កំពុងមានប្រតិបត្តិការនៅក្នុង ៧៣ប្រទេស ហើយគិតត្រឹម១២ខែចុងក្រោយ BNI ទូទាំងសាកលលោក មានជាង ៨៧១៨ Chapter មានសមាជិកសរុបជាង ២៤៤ពាន់រូប បង្កើតបានអាជីវកម្ម ជាង ១០,៦លានឱកាស និង បានបង្កើតទៅជាសាច់ប្រាក់ ចំនួន ១៥,៥ពាន់លានដុល្លារអាមេរិក។

BNI បានចូលមកកម្ពុជា នៅក្នុងឆ្នាំ២០១៣ ហើយស្ថិតិក្នុងឆ្នាំ 2017 សមាជិករបស់ BNI នៅកម្ពុជាបានបោះឱកាស​អាជីវកម្ម ឲ្យគ្នាចំនួន 20,539ឱកាស ដែលបង្កើត ជាប្រាក់ចំណូលបានជាង 19.95លានដុល្លារអាមេរិក។

BNI មានគោលការណ៍ និង លក្ខខណ្ឌក្នុងការទទួល សមាជិកចូលដ៏ច្បាស់លាស់ និងមានស្តង់ដារ ដោយផ្ដល់អាទិភាព​ដល់ម្ចាស់អាជីវកម្ម​ ដែលមានសក្តានុពល មានផ្នត់គំនិតវិជ្ជមាន និងគាំទ្រការជួយគ្នាទៅវិញទៅមក ដើម្បីជោគជ័យរួមគ្នាប៉ុណ្ណោះ។ ម្យ៉ាងទៀត គោលការណ៍មួយរបស់ BNI គឺមិនអនុញ្ញាតឲ្យសមាជិក ដែលមានប្រភេទ​អាជីវកម្ម ប្រកួតប្រជែងគ្នា ចូលរួមក្នុង Chapter តែមួយឡើយ ដែលធ្វើឲ្យសមាជិកទាំងអស់ ធ្វើការរួមគ្នា​ដោយភាពរីករាយ និង ស្និទ្ធស្នាលបំផុត។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះ មានម្ចាស់អាជីវកម្ម និងសហគ្រាស ជាច្រើនពាន់នាក់ បាននឹងកំពុងចូលរួម នៅក្នុង BNI Cambodia ដែលជាផ្នែកមួយយ៉ាងសំខាន់ និងផុសផុល ជាមួយការជួយជម្រុញ ឱកាសអាជីវកម្ម ទៅកាន់ដៃគូ សមាជិករបស់ខ្លួន ដែលមានទំហំទឹកប្រាក់ រាប់ម៉ឺនដុល្លារអាមេរិក និងបន្តពង្រឹងសកម្មភាពរបស់ខ្លួន ទៅមុខជាប់ជានិច្ច ក្នុងការជួយដល់ម្ចាស់អាជីវកម្មទាំងឡាយ ឲ្យឆ្ពោះទៅរក ភាពជោគជ័យខ្លាំងឡើងៗ៕

Related Posts