ក្រសួងឧស្សាហកម្ម ជំរុញឲ្យសិប្បកម្ម ផលិតទឹកកក ផលិតតាមស្តង់ដារ

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋាន សហគ្រាសធុនតូច-មធ្យម និងសិប្បកម្ម លោក ឡាំ គីមឡេង  បានថ្លែងថា នៅពេលខាងមុខ ក្រសួងនឹងជំរុញឲ្យ សិប្បកម្មផលិតទឹកកក នៅទូទាំងប្រទេសត្រូវផលិត ឲ្យបានត្រឹមត្រូវ តាមលក្ខណៈស្តង់ដារ បច្ចេកទេស។ នេះបើតាមការចេញផ្សាយពី AKP។

លោក  ឡាំ គីមឡេង បានបញ្ជាក់ថា  បច្ចុប្បន្ន សិប្បកម្មផលិតទឹកកក នៅរាជធានីភ្នំពេញ មានប្រមាណជា៥០កន្លែង។ សម្រាប់ទិសដៅរបស់ ក្រសួងចង់បាននោះ គឺធ្វើយ៉ាងណា ឲ្យផលិតផលទឹកកកទាំងអស់ ពោលមិនមែនធ្វើតែនៅ រាជធានីភ្នំពេញនោះទេ គឺអនុវត្តន៍នៅទូទាំង ប្រទេសឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងស្តង់ដារ ។

លោក នេត មុនីប៉ុណ្ណាកា  ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ លើកឡើងថា   លោកនឹងជំរុញឲ្យមាន ការត្រួតពិនិត្យទៅលើ គុណភាពផលិតផល ដែលមានសារៈប្រយោជន៍ នៃការផលិតផលទឹកកក សម្រាប់យកទៅចរាចរណ៍ គ្រប់ទីកន្លែងឲ្យមានគុណភាព មិនបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ឬបរិភោគ។

លោកប្រធានមន្ទីរ ឧស្សាហកម្មបញ្ជាក់ថា  ចាប់ពីចុង ខែមីនា មន្ទីរនឹងដាក់កម្មវិធីចុះ ធ្វើការពន្យល់ណែនាំ នៅតាមសិប្បកម្ម ផលិតទឹកកកនានា ដើម្បីពិសោធន៍ទឹកកក ដែលផលិត និងកែតម្រូវឲ្យត្រូវ តាមស្តង់ដារ ដើម្បីការពារសុខភាព ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ៕