Uncategorized

លោក ប៉ាន់ សូរស័ក្តិ ថាចូលជាសមាជិក WTO ជាការវិនិយោគ សម្រាប់ការប្រកួត ប្រជែងក្នុង ពេលអនាគត

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក បាន់ សូរស័ក្តិ បានលើកឡើងថា ការចូលជាសមាជិក អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ជាការវិនិយោគ សម្រាប់ការប្រកួតប្រជែង ក្នុងពេលអនាគត ដែលនាំមកនូវ អត្ថប្រយោជន៍ធំធេង សម្រាប់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម ។

លោកបានបញ្ជាក់ថា ប៉ុន្តែការចូលជាសមាជិកនេះ មានឧបសគ្គជាច្រើននៅចំពោះមុខ ដែលត្រូវអនុវត្តន៍ស្រប តាមកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់អង្គការ WTO ។

ក្នុងឱកាសចូលរួមកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិក WTO កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នាខេត្តសៀមរាប ក្រោមប្រធានបទ “ការអនុវត្តល្អបំផុតស្តីពី ការចូលជាសមាជិករបស់ប្រទេស អភិវឌ្ឍន៍តិចតួច” លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ខ្ញុំសូមលើកទឹកចិត្តដល់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដែលមិនទាន់ចូលជាសមាជិក WTO ជាពិសេសប្រទេសស៊ូដង់ និងកូម៉ូរូស ធ្វើការតស៊ូជាមួយកម្ពុជា ឆ្ពោះទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១១ ដើម្បីទទួលបានការអនុម័តចូលជាសមាជិកអង្គការ WTO” ។

កិច្ចប្រជុំតុមូលចិនលើកទី៥ ដែលប្រារព្ធឡើងនៅកម្ពុជា រយៈពេល៣ថ្ងៃនេះ ទទួលបានជោគជ័យត្រចេះត្រចង់ ព្រមទាំងបានចែករំលែក និងរៀនសូត្រពីបទពិសោធន៍ល្អៗ ក៏ដូចជាបញ្ហាប្រឈមផ្សេងជាលក្ខណៈស៊ីជម្រៅ និងប្រាកដនិយមសម្រាប់ប្រទេសចូលរួមទាំងអស់ ។

លើសពីនេះកិច្ចប្រជុំក៏បានផ្ដល់នូវមូលដ្ឋានគ្រឹះរឹងមាំដល់ប្រទេស LDCs ដែលបានស្នើចូល ជាសមាជិក WTO ក្នុងការរៀបចំយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ព្រមទាំងការស្នើសុំជំនួយបច្ចេកទេស ពីស្ថាប័នពាក់ ព័ន្ធដូចជាអង្គការ WTO, សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC), មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) និងសន្និសីទអង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ដើម្បី ស្នើសុំចូលជា សមាជិក WTO ដោយជោគជ័យក្នុងពេលអនាគត ៕

Related Posts