ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស នឹងបង្កើត កម្មវិធី Run&Ride សប្បុរសធម៌កម្ពុជា២០១៧ ដើម្បីប្រមូលថវិកា ជួយដល់សាលារៀនតាមបណ្តាខេត្ត

ភ្នំពេញ៖ កម្មវិធីសប្បុរសធម៌ ដ៏ធំមួយគឺ Run&Ride សប្បុរសធម៌កម្ពុជា២០១៧ ដែលនឹងរៀបចំឡើងដោយក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ និង៣០ ខែមេសា ឆ្នាំ២០១៧ខាងមុខ ដើម្បីប្រមូលថវិកា ជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបត្ថម្ភ នូវសម្ភារៈសិក្សា ទៅដល់សាលារៀនមួយចំនួន នៅតាមបណ្តាខេត្ត ក្នុងប្រទេសកម្ពុជា ដែលមានការខ្វះខាត ។

ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានធ្វើពិធីសន្និសីទព័ត៌មាន នៅក្នុងរោងចក្រ ស្រាបៀរ កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កម្មវិធី Run&Ride សប្បុរសធម៌កម្ពុជា២០១៧ គឺជាការប្រកួត រត់ពាក់កណ្តាលម៉ារ៉ាតុង និងជាការប្រណាំងកង់ សរុបមាន៦វិញ្ញាសារ ហើយដើម្បីចូលរួមប្រកួត បេក្ខជន និងបេក្ខនារី ទាំងអស់ ត្រូវទិញសំបុត្រចូលរួម ដែលមានតម្លៃចាប់ពី ៥ដុល្លារ ឡើងទៅ អាស្រ័យតាមវិញ្ញាសារនីមួយៗ ដោយការប្រកួតនឹងធ្វើឡើង នៅទីក្រុងកោះពេជ្រ ចាប់ផ្តើមពីម៉ោង ៦ព្រឹក តទៅ ។

លោក លាងពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានមានប្រសាសន៍ ក្នុងពិធីសន្និសីទព័ត៌មាននេះថា “ក្រុមហ៊ុន នឹងទទួលរ៉ាប់រង រាល់ការចំណាយទាំងអស់ ក្នុងការរៀបចំកម្មវិធី សប្បុរសធម៌នេះ ដូច្នេះថវិកាដែលទទួលបានពីការ លក់សំបុត្រទាំងស្រុង នឹងយកទៅជួយ សាលាខ្វះខាតទាំងអស់” ។

លោកបានរំពឹងថា នឹងមានអ្នកចុះឈ្មោះ ប្រហែល២,០០០នាក់ ចូលរួមកម្មវិធី ដែលមានរយៈពេលពិរថ្ងៃនេះ ដែលអាចប្រមូលថវិកា បានប្រមាណ ៧០០០០ដុល្លារ យកទៅជួយសាលា ។

លោកបន្តថា ” យើងពិតជាមានមោទនៈភាព ដែលក្រុមហ៊ុនដែលវិនិយោគ ដោយកូនខ្មែរយើង១០០% អាចចូលរួមចំណែក លើកស្ទួយវិស័យអប់រំ សម្រាប់កូនខ្មែរ ដែលជាវិស័យស្នូលមួយ របស់ប្រទេសកម្ពុជាយើង” ។

គួរបញ្ជាក់ផងដែរថា កន្លងមកក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ សាលាចំនួយបី នៅរាជធានីភ្នំពេញ មានដូចជាវិទ្យាល័យ ជាស៊ីមសាមគ្គី វិទ្យាល័យទួលអំពិល និងបឋមសិក្សា-អនុវិទ្យាល័យដង្កោផងដែរ ៕