BNI Dynamic Chapter យកអំណោយ សប្បុរសធម៌ សរុបថវិកា ជាង ៧ ០០០ដុល្លារ ជូនសិស្សានុសិស្ស បឋមសិក្សា សេ្សត្របូរី ខេត្តពោធិ៍សាត់

ភ្នំពេញ៖ BNI Dynamic Chapter បាននាំយកអំណោយសប្បុរសធម៌ ជាសំភារៈសិក្សា និងថវិកា សរុបជាង ៧ ០០០ដុល្លារអាមេរិក តាមរយៈកម្មវិធី សប្បុរសធម៌ “ស្នាមញញឹមថ្មី សម្រាប់ឆ្នាំសិក្សាថ្មី” កាលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ទៅចែកជូនសិស្សានុសិស្ស សាលាបឋមសិក្សា សេក្សត្របូរី ស្ថិតនៅឃុំសន្ត្រៃ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សមាជិក នៃ BNI Dynamic Chapter បានបង្កើតឡើងនូវកម្មវិធី សប្បុរសធម៌ថ្មីមួយ ដែលហៅថា “ស្នាមញញឹមថ្មី ឆ្នាំសិក្សាថ្មី” ដើម្បីចូលរួមចំណែក ការងារមនុស្សធម៌ក្នុងសង្គម ដោយបាននាំយកអំណោយជាច្រើន ទៅចែកជូនកុមាររាកុមារី សិស្សានុសិស្ស ដែលសិក្សានៅសាលា នៅតំបន់ដាច់ស្រយាល ជួរភ្នំក្រវាញ ដែលមានការខ្វះខាត ដោយអំណោយទាំងអស់ បានមកពី ការរួបរួមសាមគ្គី និងទឹកចិត្តសប្បុរស របស់សមាជិក នៃគ្រួសារ BNI Dynamic Chapter ទាំងអស់ប្រមាណជាង ៦០ម្ចាស់អាជីវកម្ម  ។

អំណោយសប្បុរសធ៌ ដែលត្រូរបានយកទៅចែកជូនប្អូនៗ កុមារតូច ដែលកំពុងសិក្សា នៅសាលាបឋមសិក្សា សេ្សត្របូរី មានដូចជាអាហារ មាននំប៉័ង ទឹកដោះគោ ១៤០កេស ស្មើនឹង ៣៣៦០ប្រអប់ ថ្នាំដុសធ្មេញ ថ្នាំពេទ្យវីតាមីន អាវភ្លៀង សំលៀកបំពាក់ឯកសណ្ឋានសិស្ស ២៧៩ឈុត សំភារៈសិក្សាមានដូច កាតាប សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប កង់១១គ្រឿង សម្រាប់ប្រគល់ជូនសិស្ស ដែលមានផ្ទះឆ្ងាយពីសាលានិងមានការខ្វះខាត រួមថវិកាសម្រាប់ប្រគេនព្រះសង្ឃ ប្រគល់ជូន លោកនាយកសាលា ជូនលោកគ្រូ អ្នកគ្រូ ចាស់ៗ ដែលនៅទីនោះ រួមមានថវិការសម្រាប់រៀបចំអាហារសាមគ្គីថ្ងៃត្រង់ជុំគ្នា និងសំភារៈជាច្រើនមុខទៀត សរុបជាថវិកាចំនួន ៧ ៧៥២ដុល្លារអាមេរិក ។

គួរបញ្ជាក់ផងដែរថា BNI Dynamic Chapter គឺជាបណ្តុំម្ចាស់អាជីវកម្មធំៗជាច្រើន ប្រមាណជាង៦០អាជីវកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា សុទ្ធសឹងតែមានបទពិសោធន៍ខ្ពស់ ដែលបង្កើតឡើង ក្នុងគោលបំណង រួបរួមជាថ្លុងមួយ ដែលអាចជួយគ្នាទៅវិញទៅមក និងដើម្បីឆ្ពោះទៅរកភាពជោគជ័យ នូវអាជីវកម្ម នៃសមាជិកទាំងអស់ ហើយក្រៅពីមមាញឹក នឹងការងារអាជីវកម្មម្តេចក្តី BNI Dynamic Chaper នៅតែឆ្លៀតពេល ជួយការងារសង្គម ក៏ដូចជានាំយកអំណោយ ចែកជូនអ្នកក្រីក្រខ្វះខាតជាដើម៕