Uncategorized

ក្រសួងរ៉ែ​ និងថាមពល​ សម្រេចផ្អាក សកម្មភាពទីតាំង រណ្តៅដី​ ២កន្លែង​ទៀត​ នៅស្រុកកណ្តាលស្ទឹង

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ បានសម្រេចផ្អាកសកម្មភាព ទីតាំងរណ្តៅដីចំនួន ២កន្លែងទៀត ស្រុកកណ្តាលស្ទឹង និងស្រុកពញាឮ ខេត្តកណ្តាល។

ការសម្រេចផ្អាកទីតាំងរណ្ដៅដី ២កន្លែងទៀតនេះ គ្រាដែលលោក ឌិត ទីណា រដ្ឋលេខាធិការ  និងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានដឹកនាំមន្ត្រីក្រោមឪវាទ ចុះប្រតិបត្តិការល្បាតចល័ត ត្រួតពិនិត្យរថយន្តដឹកដី ថ្ម ខ្សាច់ ដែលខុសបច្ចេកទេស មិនគ្របឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងរ៉ែ និងថាមពល ធ្វើឲ្យជ្រុះរាយប៉ាយលើដងផ្លូវ និងរំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ ដោយរថយន្តមិនមានលក្ខណៈ បច្ចេកទេសគ្រប់គ្រាន់ សំបកកង់សឹករិចរិល ដឹកសំពីងសំពោង គ្មានវិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ប្រកបអាជីវកម្ម និងគ្មានបណ្ណបើកបរ ។

ក្នុងប្រតិបត្តិការនេះ នគរបាលចរាចរណ៍ រួមជាមួយក្រសួងរ៉ែនិងថាមពល បានឃាត់រថយន្តដឹក ថ្ម ខ្សាច់ ចំនួន ៧គ្រឿង ធ្វើការអប់រំណែនាំ កែតម្រូវនិងពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា៥៦ មាត្រា៥៧ និងមាត្រា៦៦ ។

ជាមួយនោះដែរ ក្រសួងរ៉ែនិងថាមបានសម្រេចផ្អាកសកម្មភាពទីតាំងរណ្តៅដីចំនួនពីរកន្លែងនៅស្រុកកណ្តាលស្ទឹង និងស្រុកពញាឮ ខេត្តកណ្តាល។

សូមបញ្ជាក់ថា ក្នុងនាមនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់ សូមអំពាវនាវដល់បងប្អូនអជីវករដឹកដី ថ្ម ខ្សាច់ គ្រួស សូមចូលរួមគោរពច្បាបស្តីចរាចរណ៍ផ្លូវគោក និងអនុវត្តតាមការណែនាំ របស់ក្រសួងរ៉ែនិងថាមពល ៕

Related Posts