សហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ រៀបចំពិព័រណ៌ សាកលវិទ្យាល័យលើកទី២ ឆ្នាំ២០១៧ រយៈពេល២ថ្ងៃ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការរៀបចំពិព័រណ៌ សាកលវិទ្យាល័យលើកទី១ នាឆ្នាំ២០១៦ រួចមក ស.ស.យ.ក រាជធានីភ្នំពេញ បានបន្តរៀបចំ ព្រឹត្តិការណ៍អប់រំនេះជាថ្មីទៀត ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងសហការរៀបចំដោយ ក្រុមហ៊ុនរៀបចំកម្មវិធី រំដួល ដែលពិព័រណ៍សាកលវិទ្យាល័យ លើកទី២ នេះ ប្រារព្ធធ្វើឡើងរយៈពេល ២ថ្ងៃពេញ នៅថ្ងៃទី១៤ និង១៥ ខែតុលា ឆ្នាំ ២០១៧ នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ។

កម្មវិធី ពិព័រណ៌សាកលវិទ្យាល័យ លើកទី២ ឆ្នាំ២០១៧ នេះប្រព្រឹត្តិទៅក្រោមការឧបត្ថម្ភ ដោយក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន SL Cambodia, ក្រុមហ៊ុន ATHE Cambodia និងសហការផ្សព្វផ្សាយ ដោយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល រួមជាមួយក្រុមហ៊ុន និងស្ថាប័នផ្សព្វផ្សាយជាច្រើនទៀតផងដែរ ។ វេទិកានេះ មានគ្រឹះស្ថាន ឧត្តមសិក្សារបស់រដ្ឋ និងឯកជនប្រមាណជា ៤០ គ្រឹះស្ថាន និងក្រុមហ៊ុនឯកជន ប្រមាណជាង ៣០ក្រុមហ៊ុន ចូលរួមការដាក់តាំង បង្ហាញបញ្ជរពិព័រណ៌ ដើម្បីផ្សព្វផ្សាយព័ត៌មាន ទៅកាន់មាតាបិតា សិស្សនិស្សិត លោកគ្រូ អ្នកគ្រូ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើន ដែលអញ្ជើញមកពីគ្រប់មជ្ឈដ្ឋាន សរុបប្រមាណជាង ១០,០០០នាក់ ។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី តាំងពិព័រណ៍សាកលវិទ្យាល័យ អ្នកស្រី នុត រត្ថា អគ្គនាយិកាក្រុមហ៊ុន រំដួលរៀបចំកម្មវិធី និងជាប្រធានគម្រោង កម្មវិធី «ពិព័រណ៍សាកលវិទ្យាល័យ» បានមានមតិស្វាគមន៍ និងបានឲ្យដឹងថា “ពិព័រណ៍មួយនេះ គឺជាឱកាសមួយ ដែលអាចឲ្យបណ្តា សាកលវិទ្យាល័យទាំងអស់ បញ្ចេញទិសដៅ ក្នុងការបណ្តុះបណ្តាល យុវជនរបស់ខ្លួននីមួយៗ និងអាចផ្តល់ឱកាស ដល់យុវជន សិស្សានុសិស្ស ដែលទើបតែបញ្ចប់ការសិក្សា ថ្នាក់ទុតិយភូមិ អាចជ្រើសរើសបាន នូវមុខជំនាញ ក៏ដូចជាមុខវិជ្ជា និងសាកលវិទ្យាល័យណាមួយ ដែលខ្លួនពេញចិត្ត ដើម្បីបណ្តុះបណ្តាសមត្ថភាព និងឱ្យក្លាយជាធនធានមនុស្ស ដែលមានសមត្ថភាព ក្នុងការលើកស្ទួយ និងអភិវឌ្ឍដល់ សង្គមជាតិផងដែរ” ។

សូមបញ្ជាក់ថា កម្មវិធី ពិព័រណ៌សាកលវិទ្យាល័យ គឺព្រឹត្តិការណ៍ពិព័រណ៌ វិស័យអប់រំដ៏ធំមួយ ដែលរៀបចំឡើង ជាពិសេសសម្រាប់សិស្សានុសិស្ស ថ្នាក់មធ្យមសិក្សា ដើម្បីទាក់ទាញយក ការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ប្អូនៗ ទៅលើការសិក្សាបន្ត នៅថ្នាក់ឧត្តមសិក្សា និងការសិក្សាជំនាញវិជ្ជាជីវៈ ក្រោយការបញ្ចប់ការសិក្សា ថ្នាក់មធ្យមសិក្សា និងដើម្បីមានមូលដ្ឋានរឹងមាំ ក្នុងការក្លាយខ្លួនជាធនធានគ្រឹះ សម្រាប់ខ្លួនឯង គ្រួសារ សង្គម និងប្រទេសជាតិ។ ជាមួយនឹងការដាក់តាំងបង្ហាញ នូវបញ្ជរព័ត៌មានជាច្រើននោះ វេទិកានេះ ក៏នឹងមានកម្មវិធីពិសេសៗ ជាច្រើនទៀតដូចជា បទបាឋកថា​ ស្តីពីការជ្រើសរើស ជំនាញសិក្សា បំនិនជីវិត កិច្ចពិភាក្សាមួយចំនួន ដោយមានការចូលរួម ពីវាគ្មិនល្បីៗក្នុងវិស័យអប់រំ ក្រុមនិស្សិតឆ្នើម​ តាមសាកលវិទ្យាល័យនានា និងមានកម្មវិធីកំសាន្ត ចាប់រង្វាន់ផ្សេងៗ និងអារូបករណ៍ រួមទាំងការប្រគុំតន្រ្តី ដោយមានការចូលរួម ដោយសិល្បករល្បីៗ ក្នុងជួរយុវវ័យផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធី ពិព័រណ៍សាកលវិទ្យាល័យនេះ នឹងមានរយៈពេល ២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៨យប់ ដោយមានកម្មវិធីសម្តែង សិល្បៈបុរាណ និងសម័យ ដែលការសម្តែងនេះ នឹងមានការចូលរួម​ ពីសំណាក់តារាល្បីៗ ការសម្ដែងរបស់សិស្ស និស្សិត ប្រចាំសាលា ក៏ដូចជា អ្នកចម្រៀង មិនចម្លងពីបរទេស ដែលរួមមាន លោក អ៊ួង សូរិយា កញ្ញា ចិត កញ្ចនា ក្រុម Rose Band ក្រុម 6-Light និងក្រុមរាំ OMG ព្រមទាំងតារាកិត្តិយស ជាច្រើនរូបទៀត៕