បុរីភ្នំពេញថ្មី បើកគម្រោងថ្មី ជាមួយនឹងតម្លៃថោកជាងមុន

ភ្នំពេញ៖ ដោយទទួលបានការគាំទ្រពីអតិថិជន ដែលជាវគម្រោងមុនៗ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនបុរីភ្នំពេញថ្មី បានបញ្ចុះបឋមសិលា បើកការដ្ឋាន​​​ សាងសង់គម្រោងថ្មី “គ្រីស្ដាល់ផាក” មួយទៀត នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាមួយនឹងតម្លៃថោក ជាងគម្រោងមុនៗ បន្ដិចបន្ដួចទៀតផង ។ នេះបើតាមការបញ្ជាក់ របស់លោក ភូ សម្បត្តិ ប្រធានផ្នែកទីផ្សារ របស់បុរីភ្នំពេញថ្មី ។

លោក ភូ សម្បត្តិ បានបញ្ជាក់ថា ដោយសារគម្រោង “គ្រីស្ដាល់ផាក” ស្ថិតនៅឆ្ងាយពីរាជធានីភ្នំពេញ ជាងគម្រោងមុនបន្ដិច ទើបក្រុមហ៊ុនសម្រេចបញ្ចុះតម្លៃ បន្ដិចបន្ដួចដែរ ។ ប៉ុន្ដែបើនិយាយពីគុណភាពវិញ គឺមិនចាញ់គម្រោងមុនៗ ដាច់ខាត ហើយថែមទាំង ជាទីតាំងល្អ ព្រោះគ្រីស្ដាល់ផាក ស្ថិតលើទីតាំង មានច្រកចេញចូលច្រើន ។ ម្យ៉ាងទៀត គឺនៅជិតផ្លូវវេងស្រេង ខណៈអតិថិជន អាចធ្វើដំណើរកាត់ទៅផ្លូវ ២០០៤ ទៅមកបានយ៉ាងងាយទៀតផង ។

អ្នកស្រី គីម ងីន បុគ្គលិកផ្នែកលក់ជាន់ខ្ពស់ ប្រចាំបុរីភ្នំពេញថ្មី បានបញ្ជាក់ថា ជាមួយនឹងគម្រោងថ្មីនេះ គឺមានប្រភេទផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ និងវិឡាទោលដូចមុនដែរ ដែលមាតម្លៃចាប់ពីជាង ១១ម៉ឺនឡើង ។ ប៉ុន្ដែសម្រាប់អតិថជិន ដែលមកទិញ ឬកក់ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកានេះ នឹងទទួលបានការបញ្ចុះតម្លៃចាប់ពី ៣ភាគរយ ទៅ ៨ភាគរយ ។ អ្វីដែលពិសេស ក្រុមហ៊ុនក៏ផ្ដល់ជូន នូវការបង់រំលោះអត់មានការប្រាក់ ជាមួយក្រុមហ៊ុន ហើយក៏អាចបង់រំលោះ ជាមួយធនាគារបានពីមួយឆ្នាំ ដល់ ១៥ឆ្នាំផងដែរ ។

ជាមួយនឹងការពង្រីកគម្រោងទី៩ នេះដែរ លោក ភូ សម្បត្តិ បានបន្ថែមថា លោករំពឹងយ៉ាងមុតមាំ អតិថិជន នឹងបន្ដគាំទ្រគម្រោងថ្មីនេះ ដោយសំអាងលើគុណភាពគ្រឹះ សំណាង ប្រព័ន្ធលូ សួនច្បារ និងសោភ័ណ្ឌភាពទូទៅ ពិសេសគឺកន្លងមក បុរីតែងទទួលបានការសរសើរពីអតិថិន មិនធ្លាប់មានបញ្ហាអ្វីមួយឡើយ ដែលជាកត្ដាធ្វើឲ្យអតិថិជន មានទំនុកចិត្តខ្ពស់ក្នុងការទិញ និងមានភាពកក់ក្ដៅ ជាមួយនឹងប្រព័ន្ធច្បាប់ បន្ទាប់ពីក្រុមហ៊ុនបានចុះបញ្ជី ពាណិជ្ជកម្មត្រឹមត្រូវ និងមានអជ្ញាបណ្ឌ សាងសង់ត្រឹមត្រូវ ពីក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

សូមបញ្ជាក់ថា គម្រោងថ្មី គ្រីស្ដាល់ផាក ដែលជាគម្រោងទី៩ របស់បុរីភ្នំពេញថ្មី គឺសាងសង់លើផ្ទៃដីប្រមាណជា ៤ហិចតា ដែលមានផ្ទះល្វែង និងវីឡា សរុបប្រមាណចំនួន ១៩៣ផ្ទះ៕