អចលនទ្រព្យ

ក្រុមហ៊ុនចិន បង្ហាញផែនការ សាងសង់រោងចក្រ​ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅផ្សារព្រៃទទឹង

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យចិន មិញ ស៊ីញ បានសហការជាមួយក្រុមហ៊ុន អចលនទ្រព្យ ECC Real Estate នៅកម្ពុជា បានរៀបចំពិធី គ្រុងពាលីបង្ហាញពីគម្រោង វិនិយោគរោងចក្រជាច្រើនកន្លែង ហើយមានផែនការ បង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅផ្សារព្រៃទទឹង មានផ្ទៃដីជិត២០ហិកតា ស្ថិតនៅភូមព្រែកឬស្សី ឃុំព្រះនិព្វាន ស្រុកកងពិសី ខេត្តកំពង់ស្ពឺ ។

លោក លី អានមិញ អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ មិញ ស៊ីញ មកពីប្រទេសចិន បានលើកឡើង កាលពីថ្ងៃទី១៣ ខែមករាថា ការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ផ្សារព្រឹកទទឹងនេះ ជាការបង្ហាញនូវទំនាកទំនង ផ្លូវមួយ ខ្សែប្រវ៉ាត់មួយ របស់ប្រមុខដឹកនាំចិន ហើយក្នុងនោះ ប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលចិន សម្លឹងឃើញឱកាស កាន់តែច្រើនក្នុងការវិនិយោគ មិនត្រឹមតែវិស័យឧស្សាហកម្ម តែប៉ុណ្ណោះទេ សូម្បីតែវិស័យដីធ្លី វិស័យពាណិជ្ជកម្ម ក៏មានសក្តានុពលច្រើន ។

លោកបានបន្ថែមទៀតថា កម្ពុជាជាឱកាសមួយ សម្រាប់អ្នកវិនិយោគិនចិន ស្ទើរគ្រប់វិស័យ ហើយ ប្រទេសចិន នឹងទាក់ទាញអ្នកវិនិយោគថ្មីៗដទៃទៀត ដើម្បីមកអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាបន្តទៀត ពីព្រោះកម្ពុជា កំពុងតែអំណោយផល ខាងបរិស្ថានវិនិយោគល្អ និងអនុគ្រោះ ដល់ការធ្វើពាណិជ្ជកម្ម មានលក្ខណៈល្អប្រសើរផងដែរ ។

ចំណែក លោក ឃួន សូខាន់ឌី អគ្គនាយករងក្រុមហ៊ុន អចលនទ្រព្យ ECC Real Estate បានមានប្រសាសន៍ ក្នុងពិធីបើកកាដ្ឋាន កាលពីថ្ងៃទី១៣ ខែមករានេះថា តាមទស្សនវិស័យវែងឆ្ងាយ របស់យើងខ្ញុំឃើញថា តំបន់សេដ្ឋកិច្ចពិសេស ផ្សារព្រៃទទឹង ជាតំបន់ឧស្សាហកម្មមួយ ដែលមានផ្ទៃដី រាប់រយហិកតា ហើយជាតំណុចចាប់ផ្តើមដំបូង ដែលចិនមកសាងសង់រោងចក្រ ដោយសារតែជាតំបន់ផ្តល់ទឹក អគ្គិសនី ជិតគ្រប់គ្រាន់ផងដែរ ។

លោកបានលើកឡើងទៀតថា សម្រាប់ការបើកការដ្ឋានសង់ រោងចក្រខ្នាតតូច និងខ្នាតធំ រួមនិងផ្ទះល្វែងជាច្រើនទៀត គឺសងសង់ដើម្បីលក់ ឬជួលឲ្យប្រជាពលរដ្ឋ និងអតិថិជនរស់នៅ ហើយការវិនិយោគនេះ នឹងបង្កើតការងារជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតំបន់នេះផ្ទាល់តែម្តង ។

លើសពីនេះ លោកបានបន្ថែមទៀតថា ការវិនិយោគរបស់អ្នកវិនិយោគិនចិននេះ​ គឺបង្កើតរោចក្រ និងលំនៅឋាន ហើយដោយមើលឃើញ ពីសក្តានុពលនេះហើយ ទើបសម្រេចចិត្ត បោះទុនវិនិយោគបង្កើតជា តំបន់សេដ្ឋកិច្ចពិសេសតែម្តង ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខ ជាលំដាប់ជាមួយនិងសុខសន្តិភាព របស់កម្ពុជា ជាពិសេសក្រោមការដឹកនាំ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា និងទំនាក់ទំនងជិតស្និទ្ធ ជាមួយមេដឹកនាំចិន៕

 

 

 

 

 

 

 

 

 

 

Related Posts