ក្រុមហ៊ុនសាមសុង បើកវគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ ដើម្បីបន្តជួយយុវជន ក្នុងការបញ្ចេញ សក្តានុពល និងសមត្ថភាព របស់ពួកគេ

ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ ត្រូវបានបើកជាផ្លូវការ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដោយមានសិក្ខាកាមចូលរួមចំនួន៨០ នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដួចផ្ដើមដោយក្រុមហ៊ុន សាមសុងដោយសហការ ជាមួយវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ដើម្បីផ្ដល់ឱកាស ឲ្យយុវជនកម្ពុជាក្នុងការបញ្ចេញ សក្តានុពលផ្នែកបច្ចេកវិទ្យា និងដើម្បីដោះស្រាយបញ្ហា កង្វះវិស្វករអេឡិកត្រូនិក នៅប្រទេសកម្ពុជា​ ដូចជាការជួសជុល និងការថែទាំផលិតផល អេឡិកត្រូនិកដែលរួមមាន ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃជាដើម។

ដោយប្រកាន់ភ្ជាប់ជាមួយ គោលការណ៍រួមចំណែក ផ្ដល់ផលវិជ្ជមានដល់សង្គម ក្នុងប្រតិបត្តិការផ្តល់សេវានិងផ្គត់ផ្គង់ ផលិតផល ក្រុមហ៊ុនសាមសុងតែងតែ បង្កើតឱកាសសម្រាប់ប្រជាជន និងសហគមន៍សំរាប់ការ អភិវឌ្ឍឲ្យកាន់តែប្រសើរឡើងជាលំដាប់។ ក្នុងនោះ ការរួមចំណែកបណ្ដុះបណ្ដាល ធនធានមនុស្ស គឺជាអាទិភាពមួយរបស់ក្រុមហ៊ុន ដោយធ្វើយ៉ាងណាជួយដល់យុវជន ដើម្បីឲ្យពួកគេអាចបញ្ចេញសក្តានុពល និងទេព្យកោសល្យរបស់ខ្លួនក្នុងការបម្រើជីវភាពខ្លួនឯងផង និងសង្គមជាតិទាំងមូលផង។

ថ្លែងក្នុងឱកាសបើក វគ្គបណ្ដុះបណ្ដាលនោះ លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិកប្រចាំ ប្រទេសកម្ពុជា បានបញ្ជាក់ថា “សម្រាប់សាមសុង នេះគឺជាកិច្ចការដែលមាន សារៈសំខាន់ណាស់ក្នុង ការជួយដល់សង្គម ព្រោះគោលបំណងរបស់យើង មិនមែនផ្ដោតតែលើការ លក់ផលិតផលនោះមួយមុខនោះឡើយ ពោលគឺយើងក៏ចួលរួមផ្ដល់ផលប្រយោជន៍ ដល់សង្គមតាមរយ:ការពង្រីកចំណេះដឹង ទៅលើផ្នែកគ្រឿងអេឡិចត្រូនិក ”។

លោកបានបន្តទៀតថា “យើងរំពឹងទុកថា វគ្គបណ្ដុះបណ្ដាលជំនាន់ទី៥នេះ នឹងបន្តភាពជោគជ័យរបស់យើងក្នុងការផ្ទេរ ចំណេះនិងជំនាញចាំបាច់ ដល់សិក្ខាកាមទាំង៨០នាក់ដែលបានចូលរួមក្នុងវគ្គនេះ ហើយសង្ឃឹមជឿជាក់ថាជំនាញទាំងនេះ នឹងជួយឲ្យប្អូនៗចូលរួមបានកាន់តែច្រើនក្នុងការអភិវឌ្ឍសង្គមជាតិ និងអនាគតរបស់ខ្លួន។”

លោក ប៊ុន ភារិន នាយកវិទ្យស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល Samsung Tech Institute នេះគឺជាឧទាហរណ៍ដ៏ល្អមួយ នៃការចូលរួមរបស់វិស័យឯកជនជាមួយ នឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្ស ក៏ដូចជាការចូលរួមក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ផងដែរ ។

គួររំលឹកថា Samsung Tech Institute ត្រូវបានបង្កើតឡើងចំនួន ៤ ជំនាន់រួចមកហើយ តាំងពីឆ្នាំ ២០១៤  ដោយបានបណ្ដុះបណ្ដាលសិក្ខាកាមសរុបជិត 300 នាក់ ហើយដែល សិក្ខាកាមទាំងនេះបាននិងកំពុងបន្តចែកចាយចំណេះដឹងរបស់គាត់ដល់ប្រជាជនកម្ពុជារាប់ពាន់នាក់តាមការបង្ហាត់បង្ហាញក្រៅសាលា ។  ដោយឡែកវគ្គបណ្ដុះបណ្ដាលលើកទី៥នេះ មានសិក្ខាកាមចូលរួមចំនួន៨០នាក់ដើម្បីសិក្សាលើជំនាញជួសជុល ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃ ក្នុងរយៈពេល៣ខែ ។​ គួរកត់សម្គាល់ថា Samsung Tech Institute នេះគឺជាវគ្គបណ្ដុះបណ្ដាលមួយដែលពិសេសនិងទំនើបជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាព្រោះត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ ព្រមទាំងទទួលនូវការប្រឹក្សាយោបល់ពីអ្នកជំនាញរបស់សាមសុងផងដែរ ។

ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល សិក្ខាកាមទាំងអស់នឹងត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សាដើម្បីទទួលវិញ្ញាបនបត្រ ហើយសិស្សឆ្នើមចំនួន៨នាក់ នឹងទទួលបានឱកាសការងារ និងការបណ្ដុះបណ្ដាលការងារពីបណ្ដាញដៃគូក្រុមហ៊ុនធំៗជាច្រើនរបស់សាមសុងនៅកម្ពុជាផងដែរ៕