កីឡារាំ សម្លឹងរកមេដាយ ស៊ីហ្គេម ក្រោយជោគជ័យ ក្នុងជើងឯក អាស៊ីនៅ ហុងកុង

ភ្នំពេញ៖ បន្ទាប់ពីដណ្ដើមបាន លទ្ធផលដ៏ល្អលើស ក្ដីរំពឹងនូវមេដាយចំនួន ៦គ្រឿង ក្នុងការប្រកួតកីឡារាំកម្រិតអាស៊ី នៃព្រឹត្តិការណ៍ Asian Dance Sport Championship 2018 និងព្រឹត្តិការណ៍ Asian-Hong Kong Open 2018 នៅទីក្រុងហុងកុង ប្រទេសចិន ថ្នាក់ដឹកនាំសហព័ន្ធកីឡារាំកម្ពុជា  មានមោទនៈភាពជាខ្លាំង ហើយបានប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីចូលរួមប្រកួតដណ្ដើមមេដាយលើឆាក អន្ដរជាតិជាបន្ដបន្ទាប់ ពិសេសគឺការត្រៀមស៊ីហ្គេម នៅហ្វីលីពីន នាឆ្នាំ២០១៩ខាងមុខ ។

លោកជំទាវ ញែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ពេលលោកជំទាវអញ្ជើញទៅទទួលស្វាគមន៍ ដំណើរវិលត្រឡប់មកដល់កម្ពុជា កាលពីយប់មិញថា ការដណ្ដើមបានមេដាយកម្រិតអាស៊ីចំនួន ៦គ្រឿងខាងលើ គឺជាសមិទ្ធិផលដ៏ល្អស្ទើរ មិនគួរឲ្យជឿ ខណៈសហព័ន្ធរំពឹងការចូលរួម ប្រកួតលើកដំបូង នៅហុងកុង គឺសហព័ន្ធចង់បានត្រឹម បទពិសោធន៍ សម្រាប់អភិវឌ្ឍន៍សមត្ថភាព បន្ថែមប៉ុណ្ណោះ តែក្រោយដណ្ដើមបានជោគជ័យ សម្រាប់បេសកកម្មលើកនេះ លោកជំទាវបានប្ដេជ្ញាចិត្ត នឹងបន្ដការខិតខំអភិវឌ្ឍន៍កីឡារាំ កម្ពុជាបន្ថែមទៀត ដើម្បីឆ្ពោះទៅដណ្ដើមមេដាយ លើឆាកអន្ដរជាតិ ។

ប្រធានសហព័ន្ធដដែលបន្ដថា អ្វីដែលសំខាន់ គឺឆ្នាំ២០១៩ខាងមុខ កីឡារាំនឹងមានក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ដូច្នេះសមិទ្ធិផលនេះ នឹងជំរុញកីឡាករ-កីឡាការិនីម្នាក់ៗ ឲ្យកាន់តែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តោតលើព្រឹត្តិការណ៍ប្រចាំតំបន់ដ៏ធំនេះ ។

លោកជំទាវថា «ការហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០១៩ គឹជាការហ្វឹកហាត់ក្នុងស្រុក ដោយមានអញ្ជើញគ្រូបង្វឹក បរទេសមកជួយបង្ហាត់ ក៏ដូចជាគ្រូបង្វឹកក្នុងស្រុក ។ ជាក់ស្ដែងលោក ច័ន្ទ វ៉ិចទ័រ និងកញ្ញា ព្រាប ដានីអែលឡា មិនត្រឹមតែជាកីឡាករ-កីឡាការិនីតំណាងកម្ពុជាទេ ពួកគេក៏មានសមត្ថភាព ដើម្បីបង្ហាត់ដល់កីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជាដែរ» ។

គួរបញ្ជាក់ថា សម្រាប់ដំណើរមាតុភូមិនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជាកាលពីយប់មិញ ក៏មានការចូលរួមទទួលស្វាគមន៍ពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមទាំងតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។

ចំពោះលទ្ធផលទទួលបាន រួមមាន៖ Asian Dance Sport Championship 2018 កីឡាករ ច័ន្ទ វ៉ិចទ័រ និងកីឡាការិនី ព្រាប ដានីអែលឡា ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសារាំគូចង្វាក់ Cha Cha Cha  ។

ឯព្រឹត្តិការណ៍ Asian  Hong Kong Open 2018 កីឡាករ ច័ន្ទ វ៉ិចទ័រ និងកញ្ញា ព្រាប ដានីអែលឡា ឈ្នះមេដាយមាស ១ លើវិញ្ញាសា 5-dance ។ កីឡាករ សេង សុគីម ឈ្នះមេដាយប្រាក់ ១ លើវិញ្ញាសាឯកត្តជនរាំចង្វាក់ Cha Cha Cha និងមេដាយសំរឹទ្ធ ១ លើវិញ្ញាសារាំចង្វាក់ Rumba ។ កីឡាករ ម៉ូវ ដាវីន និងកញ្ញា ម៉ូវ ដានីតា ឈ្នះមេដាយសំរឹទ្ធ ២ លើវិញ្ញាសារាំចង្វាក់ Cha Cha Cha បែប Jive និងវិញ្ញាសា Latin-Cha Cha Cha ៕ ដោយ៖ លី សង្ហារ