ជាតិ ប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា និងអាហារូបករណ៍ ដល់សិស្សឆ្នើម ចំណេះទូទៅភាសាខ្មែរ នៃសាលាអន្ដរជាតិ អាស៊ាន ប្រចាំឆ្នាំ២០១៨

ភ្នំពេញ៖ សាលាអន្ដរជាតិអាស៊ាន បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ប័ណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ដល់សិស្សឆ្នើម ថ្នាក់ចំណេះទូទៅ ភាសាខ្មែរ ប្រចាំឆ្នាំសិក្សា ២០១៧-២០១៨ ដែលធ្វើឡើង នៅសាលអង្គរ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ ។

ពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ប័ណ្ណសរសើររង្វាន់ និងអាហារូបករណ៍ ដល់សិស្សឆ្នើម ថ្នាក់ចំណេះទូទៅ ភាសាខ្មែរ ប្រចាំឆ្នាំនេះ ត្រូវបានសាលាអន្តរជាតិអាស៊ាន ប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់ សិស្សានុសិស្ស ដែលបានខិតខំ ប្រឹងប្រែងរៀនសូត្រ ក្នុងនាមជាទំពាំងស្នងឬស្សី ។

លោកស្រី សូយ សុមានិត នាយិការង សាលាអន្ដរជាតិអាស៊ាន បានសម្ដែង នូវស្រលាញ់ពេញចិត្តចំពោះ សិស្សានុសិស្សទាំងអស់ ដែលតែងតែគោរពវិន័យសាលា គោរពលោកគ្រូ អ្នកគ្រូ ស្ដាប់ដំបូន្មាន លោកឪពុក អ្នកម្ដាយ យកចិត្ដទុកដាក់ ចំពោះការរៀនសូត្រ និងតែងតែចូលរួមគ្រប់សកម្មភាពរបស់សាលារៀន។

លោកស្រី សូយ សុមានិត បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចង់ចាំថា ចំណេះដឹងមិនត្រឹមតែ អាចផ្លាស់ប្ដូរជីវិតយើង ឬអាចផ្លាស់ប្ដូរជីវភាពក្រុមគ្រួសារ និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចចូលរួម ចំណែកផ្លាស់ប្ដូរមុខមាត់ នៃប្រទេសជាតិ នាអនាគតទៀតផង។

ដើម្បីក្រើនរំលឹក សិស្សានុសិស្សទាំងអស់ ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្ដល្អ និងពលរដ្ឋល្អ នាយិការងសាលាអន្ដរជាតិអាស៊ាន បានបញ្ជាក់ថា ក្មួយៗត្រូវស្រលាញ់ការសិក្សា ស្រលាញ់លោកឪពុក អ្នកម្ដាយ ស្រលាញ់សាលារៀន និងត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។

លោកស្រី សូយ សុមានិត បានបន្ថែមទៀត ដោយឲ្យសិស្សានុសិស្សទាំងអស់ ប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្លួន ចូលរួមផ្សព្វផ្សាយចរាចរណ៍ ចេះយោគយល់ និងមានអធ្យាស្រ័យគ្នា ដើម្បីធានាបាននូវសុវត្ថិភាព ផ្ទាល់ខ្លួនផង និងអ្នកដទៃ ក៏ដូចជារក្សាបាននូវសេចក្ដីថ្លៃថ្នូដល់សង្គមជាតិទាំងមូល។

លោកស្រី សូយ សុមានិត បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាស្ថាប័នអប់រំ សាលាអន្ដរជាតិអាស៊ាន នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឲ្យមានដំណើរការរីកចម្រើន គួរជាទីមោទនៈ ក្នុងបុព្វហេតុអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕ដោយ៖ ម៉ៅ ដារាត់