ស.ស.យ.ក ភ្នំពេញ នឹងរៀបចំកម្មវិធី “ក្តីសុបិន” នៅថ្ងៃទី២០ខាងមុខ ដើម្បីចែករំលែកចំណេះដឹង និងការអប់រំផ្លូវចិត្ត ដល់កុមារ

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ នឹងរៀបចំកម្មវិធី “ក្តីសុបិន” ក្រោមអធិបតីភាព លោក សាយ សំអាល់ ប្រធានសហព័ន្ធយុបជនកម្ពុជា រាជធានីភ្នំពេញ ក្នុងគោលបំណង បណ្តុះបណ្តាលឆន្ទៈ សេក្តីប្រាថ្នា សីលធម៌ សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមសម្រាប់កុមារ តាមរយៈការចូលទស្សនា ស្វែងយល់​ តាមស្តង់ពិព័រណ៍ការសិក្សា សិល្បៈ កីឡា តន្ត្រី គំនូរ បច្ចេកវិទ្យា វិទ្យាសាស្ត្រ ការថែរក្សាបរិស្ថាន និងការអប់រំផ្លូវកាយ ផ្លូវចិត្ត​ តាមបែបព្រះពុទ្ធសាសនា ។

ជាមួយគ្នានេះ​​ ដើម្បីផ្តល់ក្តីស្រលាញ់ យកចិត្តទុកដាក់ និងកលើកទឹកចិត្តដល់កុមារកំព្រា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នឹងចែកការបូប និងសម្ភារៈសិក្សា ចំនួន ៦១៦ឈុត ជូនដល់កុមារកំព្រា ចំនួន៦១៦នាក់ ដែលកំពុងរស់នៅ ក្នុងមណ្ឌល ចំនួន ៩នៅរាជធានីភ្នំពេញ ។

កម្មវិធីនេះ នឹងត្រូវធ្វើឡើងនាថ្ងៃសៅរ៍ទី២០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៨ព្រឹក ដល់៥ល្ងាច ទីតាំង អគារខេមរានី ស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលមានអាស័យដ្ឋាន វិថីវិចិត្រសិល្បៈ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ចូលរួមដោយសេរី! ការចូលរួមរបស់លោកអ្នក គឺជាចំណែកធំមួយ ធ្វើឲ្យក្តីសុបិន របស់កុមារក្លាយជាការពិត៕