អនុប្រធាន ស.ស.យ.ក រាជធានី៖ កុមារជាក្តីសង្ឃឹម របស់យើងទំាងអស់គ្នា! ទំាងអស់គ្នា ដើម្បីអនាគតដ៏រឹងមំា របស់កម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសពិធី “ក្តីសុបិន” ក្រោមអធិបតីភាព របស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នាអគារខេមរានី នៃការិយាល័យ របស់ ស.ស.យ.ក រាជធានីភ្នំពេញ លោកស្រី តិមា វិច្ឆិកាល អនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ បានលើកឡើងថា កុមារជាក្តីសង្ឃឹម របស់យើងទំាងអស់គ្នា! ទំាងអស់គ្នា ដើម្បីអនាគតដ៏រឹងមំា របស់កម្ពុជា ។

ក្នុង​ឱកាសនោះ លោកស្រី តិមា វិច្ឆិកាល អនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ បានឲ្យដឹងថា “ការរៀបចំពិធីនេះឡើង​ គឺស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងអនុវត្តស្របតាម ចក្ខុវិស័យ​ របស់សហភាពសហព័ន្ធ យុវជនកម្ពុជា ក្រោមការដឹកនំារបស់ លោក ហ៊ុន ម៉ានី ដែលដាក់ចេញ​ នូវឯកសារយុទ្ធសាស្ត្រស្តីពី «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ដើម្បីបណ្តុះឆន្ទៈមនសិកា និងកសាងសមត្ថភាព យុវជនឱ្យស្រឡាញ់ ការពារ ថែរក្សាជាតិមាតុភូមិ លើកតម្កើងកិត្យានុភាពជាតិ បម្រើប្រជាជន ដោយក្តីស្មោះត្រង់ និងបន្តមរតកនៃគំរូវីរភាព ដ៏អង់អាចមោះមុត របស់យុវជនជំនាន់មុន ព្រមទំាងផ្អែកតាម ឯកសារស្តីពី «គំនិតផ្តួចផ្តើមពន្លកសង្គម» របស់ សហភាពសហព័ន្ធ យុវជនកម្ពុជា រាជធានីភ្នំពេញ ដែលមានកម្មវិធីចំនួន១៥ បានតម្រង់ទិស និងជំរុញលើកទឹកចិត្ត ឱ្យយុវជនចេះមានគំនិតផ្តួចផ្តើម និងរៀបចំចាត់តំាងអនុវត្ត ដើម្បីចូលរួមចំណែក ធ្វើឱ្យកាន់តែប្រសើរឡើង នូវការកសាងសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងការលើកកម្ពស់ កិច្ចការមនុស្សធម៌” ។

លោកស្រីបន្តថា “កុមារជាក្តីសង្ឃឹម របស់យើងទំាងអស់គ្នា! ទំាងអស់គ្នា ដើម្បីអនាគតដ៏រឹងមំា របស់កម្ពុជា! កម្មវិធី “ក្តីសុបិន” គឺជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាព​ ជាច្រើនទៀត ដែលសមាជិក សមាជិកា នៃក្រុមគ្រួសារ សហភាពសហព័ន្ធ យុវជនកម្ពុជា រាជធានីភ្នំពេញ បានខិតខំយកអស់កម្លំាងកាយចិត្ត ក្នុងការផ្តួចផ្តើមរៀបចំ សម្រាប់កុមារ ជាពិសេសកុមារកំព្រា និងកុមារខ្វះទីពឹង ដើម្បីបណ្តុះឆន្ទះ សេចក្តីប៉ងប្រាថ្នា សីលធម៌ សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម ព្រមទាំងផ្តល់ការលើកទឹកចិត្ត ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ពីយើងទំាងអស់គ្នា តាមរយៈការផ្តល់ជូន នូវការបូប​ និងសម្ភារៈសិក្សា ព្រមទំាងផ្តល់ឱកាស ឱ្យចូលរួមទស្សនាស្វែងយល់ និងកម្សាន្តជាមួយ នឹងការដាក់តាំងបង្ហាញ ពីការសិក្សា សិល្បៈ កីឡា តន្ត្រី គំនូរ វិទ្យាសាស្ត្រពិត គំនិតច្នៃប្រឌិត បច្ចេកវិទ្យាទំនើប និងការអប់រំផ្លូវចិត្ត បែបព្រះពុទ្ធសាសនា សរុបប្រមាណជា ២០ស្តង់ ផងដែរ។ លើសពីនេះ កម្មវិធីនឹងមានការចែករំលែក ពីចំណេះដឹង ក្នុងការថែរក្សាសុខភាព រាងកាយ សុខភាពមាត់ធ្មេញ ការរស់នៅស្អាត និងការស្រលាញ់ថែរក្សា ធម្មជាតិ ព្រៃឈើ សត្វព្រៃ និងបរិស្ថានជុំវិញខ្លួនជាដើម ។

កម្មវិធី “ក្តីសុបិន” ដែលរៀបចំដោយ ស.ស.យ.ក រាជធានីភ្នំពេញ​​ ដើម្បីផ្តល់ក្តីស្រលាញ់ យកចិត្តទុកដាក់ និងកលើកទឹកចិត្ត​ ដល់កុមារកំព្រា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានចែកការបូប និងសម្ភារៈសិក្សា ចំនួន ៦១៦ឈុត ជូនដល់កុមារកំព្រា ចំនួន៦១៦នាក់ ដែលកំពុងរស់នៅ ក្នុងមណ្ឌល ចំនួន ៩​ នៅរាជធានីភ្នំពេញ រួមមាន៖
-អង្គការនៃក្តីសង្ឃឹមអាស៊ី​ ចំនួន ៥៨នាក់
-អង្គការសំរោង ចំនួន ៥៤នាក់
-អង្គការ KKEV ចំនួន ១១៣នាក់
-សមាគមសចលនាវប្បធម៌ជាតិ ដើម្បីកុមារក្រីក្រ    ចំនួន ៣០នាក់
-អង្គការវិចិត្រករខ្មែរដើម្បីកុមារ ចំនួន ៥០នាក់
-មណ្ឌលកុលាបទី៤ ចំនួន ៧៨នាក់
-មណ្ឌលភ្នំពេញថ្មី ចំនួន ៦៧នាក់
-អង្គការផ្ទះបាយកុមារ ចំនួន ១៥០នាក់
-អង្គការ ការអភិវឌ្ឍកុមារកម្ពុជា ចំនួន ១៦នាក់៕