ក្រុមហ៊ុនសាមសុង ផ្ដល់ប្រព័ន្ធចម្រោះទឹកស្អាត និងសម្ភារៈសិក្សា ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា ឃ្មួញ

ភ្នំពេញ៖ក្នុងរយៈពេល ៣ឆ្នាំជាប់ៗ គ្នាដែលកម្មវិធី “Samsung Love & Care” បានបង្កើតឡើងហើយនេះ ក៏ជាឆ្នាំទី៣ដែលក្រុមហ៊ុន សាមសុងប្រចាំ ប្រទេសកម្ពុជាបានផ្តួចផ្តើម គំនិតនិងបង្កើត កម្មវិធីនេះម្តងទៀត ដោយមានការចូលរួមពី អ្នកស្ម័គ្រចិត្តជាច្រើននាក់ ក្នុងគោលបំណងដើម្បីផ្តល់ជូន នូវប្រព័ន្ធចម្រោះទឹកស្អាត សម្ភារៈសិក្សា និងដបទឹកសម្រាប់សិស្សានុសិស្សជាង ៤០០នាក់ នៅសាលាបឋមសិក្សាឃ្មួញដែល ត្រូវបានធ្វើឡើងកាលពី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨។

កម្មវិធី Love and Care គឺជាគំនិតផ្តួចផ្តើម សកម្មភាព ស្ម័គ្រចិត្តជាសកលប្រចាំឆ្នាំ របស់ក្រុមហ៊ុនសាមសុង ហើយ ឆ្នាំនេះផងដែរ ក្រុមហ៊ុនសាមសុងបានជ្រើសរើស យកសាលាបឋមសិក្សា ឃ្មួញ ក្នុងការផ្ដល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាតដល់ សិក្សានុសិស្ស លោកគ្រូ អ្នកគ្រូដើម្បីសម្រួលដល់ការ ទទួលទានប្រចាំថ្ងៃ។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន ថៃសាមសុង អេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “យើងតែងតែប្តេជ្ញាចិត្តថា យើងនឹងខិតខំប្រឹងប្រែងឲ្យអស់ ពីសម្ថភាពក្នុងការបង្កើតសមិទ្ធផល អាជីវកម្ម ក្នុងការចូលរួមចំណែកជាមួយ នឹងសហគមន៍។ក្រៅពីកិច្ចការអាជីវកម្ម ដែលនាំមកនូវ ជីវិតងាយស្រួល និងផាសុកភាព ដល់អតិថិជនរបស់យើង យើងតែងតែបោះជំហានឈានទៅមុខ និងផ្ដល់អត្ថប្រយោជន៍ដ៏សំខាន់ ដើម្បីធ្វើឲ្យសហគមន៍ និងសង្គមជាតិ ដែលយើង រស់នៅកាន់តែប្រសើរ”។

លោកបន្តថា “ផលិតផលសាមសុង បានផ្សាភ្ជាប់ទំនាក់ទំនង ទៅនឹងជីវិតរស់នៅរបស់ប្រជាជន ហើយបុគ្គលិកយើងក៏បានផ្សាភ្ជាប់ ទំនាក់ទំនងជាមួយ សកម្មភាពមនុស្សធម៌ សប្បុរសធម៌ និងមេត្តាធម៌ មិនថាពួកគេស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ។ ម្យ៉ាងវិញទៀត យើងតែងតែចាត់ទុកកុមារ និងក្មេងៗ ជំនាន់ក្រោយជាទំពាំស្នងឬស្សី និងជាអនាគត របស់ប្រទេសកម្ពុជា។ នៅថ្ងៃណាមួយ កុមារៗនៅសាលារៀនរបស់យើងក្នុងថ្ងៃនេះ នឹងជួយអភិវឌ្ឍ ប្រទេសកម្ពុជា”។

លោក សេង តូ នាយកសាលា បឋមសិក្សាឃ្មួញ មានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្ដីរីករាយយ៉ាងក្រៃលែង ចំពោះសកម្មភាពសប្បុរសធម៌ របស់ក្រុមហ៊ុនសាមសុងក្នុងថ្ងៃនេះ តាមរយៈកម្មវិធី ”Samsung Love and Care’’ ។ ក្រុមហ៊ុនសាមសុង មិនត្រឹមតែផ្ដល់ភាព ងាយស្រួលនិងផាសុកភាពដល់ ជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈផលិតផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពនៃការផ្សា ភ្ជាប់ទំនាក់ទំនង រវាងបុគ្គលិករបស់សាមសុង និងសិស្សានុសិស្ស របស់យើងផងដែរ”។

លោកបានបន្ថែមថា បុគ្គលិករបស់ក្រុមហ៊ុនសាមសុង ត្រូវបានទទួលរាក់ទាក់ដោយ សេចក្ដីគោរពស្រឡាញ់ពីសិស្សានុសិស្ស។

ក្នុងឱកាសនោះ ក៏មានការចូលរួមពី កញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញាមាន សូនីតា ដែលតំណាងឲ្យផលិតផលសាមសុង បានស័គ្រ្មចិត្ត និងចំណាយពេលវេលាដ៏មាន តម្លៃផ្ទាល់ខ្លួន ដើម្បីផ្ដល់ជាកម្លាំងចិត្ត និងគំនិតវិជ្ជមាន ដល់សិស្សានុសិស្សផងដែរ។

កញ្ញា ឱក សុគន្ធកញ្ញា បានបញ្ជាក់ថា “នាងខ្ញុំពិតជាមានសេចក្ដីរំភើប ដែលបានមកដល់ទីនេះ និងបានចូលរួមក្នុងកម្មវិធីដ៏មានអត្ថន័យនេះ។ សាមសុងនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន ដើម្បីលើកកម្ពស់ការរស់នៅ របស់សិស្សានុសិស្ស ហើយសម្រាប់សកម្មភាពនេះ នាងខ្ញុំមានមោទនភាពក្នុងការធ្វើ ជាតារាតំណាងឲ្យសាមសុង”។

បន្ថែមពីនេះ កញ្ញាមាន សូនីតា ក៏បានឲ្យដឹងដែរថា “នាងខ្ញុំមានសេចក្ដីរីករាយដែលបានក្លាយជា សមាជិកមួយរបស់គ្រួសារ សាមសុង។ ហើយថ្ងៃនេះគឺពិតជាផ្តល់ នូវភាពរំភើបរីករាយដល់នាងខ្ញុំ ដែលបានមកចូលរួមនិងចែកសម្ភារៈ សិស្សាជូនដល់ប្អូនៗ កុមារទាំងអស់នាព្រឹកនេះ”។

ថ្ងៃដែលពោរពេញទៅដោយ ការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ត្រូវបានបញ្ចប់ ហើយកុមារនិង បុគ្គលិកស្ម័គ្រចិត្តរបស់ សាមសុងបានលាគ្នា ជាមួយស្នាមញញឹមដ៏រីករាយ ដោយបាននិយាយពាក្យថា «ជួបគ្នាម្តងទៀត!»៕