Uncategorized

តំណាងសណ្ឋាគារ ឋានសួគ៌សុខា នាំយកថវិកា​ ៥ពាន់ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ តំណាងសណ្ឋាគារ ឋានសួគ៌សុខា នាំយកថវិកា សប្បុរសធម៌សរុបចំនួន ៥,០០០ ដុល្លារអាមេរិក បានពីព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៥ លើភ្នំបូកគោ ដើម្បីប្រគល់ជូន ដល់មន្ទីរពេទ្យគន្ធបុប្ផា ។

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើភ្នំបូកគោ គឺជាព្រឹត្តិការណ៍កីឡា សប្បុរសធម៌ធំជាងគេ នៅក្នុងខេត្តកំពត ដែលរៀបចំឡើង ដោយ សណ្ឋាគារឋានសួគ៌ សុខា ក្រោមការអនុញ្ញាត ពីអ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខា អូតែល និងការចូលរួមគ្រាំទ្រ ពីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC)។

លោកស្រី សុខ ចន្ធី បានថ្លែងថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីសុខភាព ភាពសប្បាយរីករាយ និងជួយដល់សង្គម ក្នុងកិច្ចការសប្បុរសធម៌  ជាមួយនឹងការរៃអង្គាសថវិកា ពីអ្នកចុះឈ្មោះ រត់ប្រណាំងម៉ារ៉ាតុង និងប្រណាំងកង់ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដែល ជាក្តីសង្ឈឹមរបស់ កុមារកម្ពុជា។

ក្នុងឱកាសនោះដែរ សណ្ឋាគារឋានសួគ៌ សុខា ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ បំផុតដល់ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា អ្នកឧបត្ថម្ភកម្មវិធី និងអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ក្នុងការចូលរួម។ សណ្ឋាគារក៏សង្ឃឹមថា នៅឆ្នាំក្រោយ អ្នកចូលរួមនឹងមានចំនួន កើនឡើងជាលំដាប់ ដើម្បីចូលរួមជួយ ដល់មន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសជួយដល់ កុមារកម្ពុជា។

គួររំលឹកថាព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៥ លើភ្នំបូកគោ ត្រូវបានប្រារព្ធឡើង កាលពីថ្ងៃទី ២៨-២៩ ខែតុលាកន្លងទៅថ្មីៗនេះ រៃអង្គាស បានថវិកា សប្បុរសធម៌សរុបចំនួន ៥,០០០ ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងរយៈពេល ៥ ឆ្នាំមកនេះ ព្រឹត្តិការណ៍រត់ប្រណាំង អន្តរជាតិពាក់កណ្តាល ម៉ារ៉ាតុង និងប្រណាំង កង់លើភ្នំបូកគោ បានជួយរៃអង្គាសថរិកា សប្បុរសធម៌ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា សរុបចំនួន ២២,៧០០ ដុល្លារអាមេរិក។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ សប្បុរសធម៌នេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលបើកទូលាយ សម្រាប់អ្នកចូលរួម ទាំងជនជាតិខ្មែរ និងបរទេស ជាមួយនឹងការប្រគុំតន្រ្តីខ្នាតធំ ដោយមានការសម្តែង ពីតារាល្បីៗ ស្តង់អាហារ និងភេសជ្ជៈដ៏ច្រើនសម្បូរបែប និងល្បែងកម្សាន្តជាច្រើនផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៦១៦ ១២៦៕

Related Posts