ហិរញ្ញវត្ថុ

សាលាអន្ដរជាតិអាស៊ាន ចុះកិច្ចព្រមព្រៀង ស្ដីពីការផ្ដល់សិទ្ធិប្រើប្រាស់ កម្មវិធីទម្លាប់ល្អទាំង៧ របស់បុគ្គលឆ្នើម សម្រាប់បង្ហាត់បង្រៀន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សាលាអន្ដរជាតិអាស៊ាន និងតំណាងចែកចាយកម្មវិធី​ ទម្លាប់ល្អទាំង៧ និង The Leader In Me ប្រចាំនៅកម្ពុជា បានរៀបចំ​ ពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងស្ដីពី ការផ្ដល់សិទ្ធិប្រើប្រាស់ កម្មវិធីទម្លាប់ល្អទាំង៧ (7 Habits of Highly Effective People) ក្នុងកម្មវិធីសិក្សា របស់សាលាអន្ដរជាតិ អាស៊ានគ្រប់សាខា ដល់កុមារ ដើម្បីចូលរួមចំណែក លើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ។

នៅក្នុងកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង ក្រោមមានការចូលរួម ពីសំណាក់ លោក ហុង លីម នាយកសាលាអន្ដរជាតិអាស៊ាន និងលោក ប៉ិច បូឡែន ប្រធានវិទ្យាស្ថាន អភីវឌ្ឍវិស័យអប់រំ និងជាតំណាងចែកចាយ កម្មវិធីទម្លាប់ល្អទាំង៧ និង The Leader In Me ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រួ-អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស សរុបចំនួន​ ៣០០នាក់។

លោក ហុង លីម នាយកសាលាអន្ដរជាតិអាស៊ាន បានបញ្ជាក់ឲ្យដឹងពីគោលបំណង ​នៃការដាក់ឲ្យប្អូនៗ សិក្សាកម្មវិធីទម្លាប់ល្អទាំង៧ ថា
ទី១៖ ដើម្បីឲ្យកម្មវិធីសិក្សា នៅសាលាអន្ដរជាតិអាស៊ាន មានភាពទំនើប និងសំបូរបែប
ទី២៖ ដើម្បីឲ្យប្អូនៗសិក្សានុសិស្ស ទទួលបានចំណេះដឹង អំពីទម្លាប់ល្អទាំង៧ និងរស់នៅជាមួយទម្លាប់ល្អទាំង៧
ទី៣៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាព។

លោក ហុង លីម បានបញ្ជាក់ផងដែរ សាលាក៏មានគ​ម្រោងប្រើប្រាស់ កម្មវិធីសិក្សា ដែលមានលក្ខណៈអន្ដរជាតិផ្សេងៗទៀត នាពេលខាងមុខ ដើម្បីធ្វើការសិក្សារបស់ប្អូនៗ សិស្សានុសិស្ស កាន់តែល្អប្រសើរជាងមុខ៕
ដោយ៖ ម៉ៅ ដារាត់

Related Posts