ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀង ជាមួយ GMAC ស្តីពីការប្រើប្រាស់ សេវាបើកប្រាក់បៀវត្ស កម្មករ-កម្មការិនី នៅកម្ពុជា

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រកាសឲ្យដឹងថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ជាមួយ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) ស្តីពីការប្រើប្រាស់ សេវាបើកប្រាក់បៀវត្ស ជាមួយសេវារបស់ធនាគារ ដែលមានជម្រើសច្រើនយ៉ាង និងផ្តល់ភាពងាយស្រួលដល់កម្មករ កម្មការិនី មិនចំណាយពេលច្រើន ក្នុងការតំម្រងជួរ និងរហ័ស ជាពិសេសមានសុវត្ថិភាពខ្ពស់ ។
ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងដោយ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា GMAC និងមានការចូលរួម ពីភ្ញៀវកិត្តិយសជាច្រើននាក់ទៀតផងដែរ ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្តីសោមនស្សរីករាយ ដោយបានចាប់ដៃគូ សហប្រតិបត្ដិការជាមួយ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) ក្នុងការបម្រើសេវាបើកប្រាក់បៀវត្ស ជូនដល់កម្មករ-កម្មការិនី រោងចក្រកាត់ដេរ តាមរយៈសេវាធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយបញ្ចូលទឹកប្រាក់ ក្នុងគណនីប្រាក់បៀវត្ស របស់កម្មករ-កម្មការិនី ដោយប្រព័ន្ឋអេឡិចត្រូនិក និងផ្តល់ភាពងាយស្រួល ឆាប់រហ័ស មានសុវត្ថិភាពខ្ពស់ ចៀសវាងនូវហានិភ័យផ្សេងៗ និងចំណេញពេលវេលា ក្នុងការបើកប្រាក់បៀវត្ស ដល់បងប្អូនកម្មករ-កម្មការនី ។

លោកបន្តថា តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់មធ្យោបាយបើកប្រាក់បៀវត្ស ងាយស្រួលប្រកបដោយ ប្រសិទ្ធភាពខ្ពស់ដល់កម្មករ-កម្មការិនី នៃរោចក្រកាត់ដេរ ដែលជាសមាជិក សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) ។ កម្មករ-កម្មការិនី អាចបើកប្រាក់បៀវត្ស តាមរយៈអេស៊ីលីដា យូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) អេធីអឹម (ATM) គ្រប់ពេលវេលា ២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១ សប្តាហ៍ ឬបញ្ជរបេឡា នៅតាមការិយាល័យ សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់ខេត្ត-ក្រុងទូទាំង ព្រះរាជាណាចក្រកម្ពុជា រៀងរាល់ម៉ោងធ្វើការ ដោយមិនគិតថ្លៃសេវា ។
លោកបានបញ្ជាក់ទៀតថា ពិសេសជាងនេះទៅទៀត តាមរយៈសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត កម្មករ-កម្មការិនី អាចធ្វើការផ្ទេរប្រាក់ ទៅកាន់សាច់ញាតិ/បងប្អូន, បង់ថ្លៃប្រើប្រាស់ទឹក-ភ្លើង, ទិញកាតទូរស័ព្ទ, ពិនិត្យមើលទឹកប្រាក់ ក្នុងគណនី និងប្រតិបត្តិការផ្សេងៗ ជាច្រើនទៀត រួមទាំងការទូទាត់ថ្លៃទិញទំនិញ និងសេវាកម្ម នានាតាមរយៈឃ្យូអរកូដ ដែលមាននៅតាមទីតាំង ដៃគូទាន់ចិត្ត របស់ធនាគារ អេស៊ីលីដា ប្រមាណជាង ១៦,០០០ ដៃគូ នៅទូទាំងប្រទេស ដោយមិនគិតថ្លៃសេវា ។
លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគម រោងចក្រកាត់ដេរ នៅកម្ពុជា GMAC បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានជួយដល់កម្មករ-កម្មារិនីយ៉ាងច្រើន ហើយផ្ដល់ នូវសុវត្ថិភាពខ្ពស់ និងឆាប់រហ័ស ជាក់ស្ដែង លោកក៏បានប្រើប្រាស់ នូវសេវាធនាគារ អេឡិចត្រូនិករបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាពិសេស សេវាអេស៊ីលីដា យូនីធីទាន់ចិត្ត ផងដែរ។ លោកប្រធានសមាគម បានបញ្ជាក់ទៀតថា នៅពេលដែល កម្មករប្រើប្រាស់ សេវារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បងប្អូនកម្មករ-កម្មការិនី អាចចំណេញបានច្រើន ដោយអាចធ្វើការចាត់ចែងសាច់ប្រាក់ និងធ្វើប្រតិបត្តិការ សេវាធនាគារតាមរយៈទូរស័ព្ទចល័ត បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។
គួររំលឹកថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បច្ចុប្បន្ន មានសមាជិក ប្រមាណ៥៦៦ រោងច្រកកាត់ដេរ និងមានកម្មករ-កម្មការិនីចំនួន ៦០៨.៤៧៩នាក់ ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺធនាគារ អេស៊ីលីដា ឡាវ លីមីធីត អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង អេស៊ីលីដា ប្រូភើធី អិលធីឌី ព្រមទាំងមាន ការិយាល័យតំណាង នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុប ចំនួនជាង ៥,៦៩ ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុប ចំនួន ៣,៤៧ពាន់លានដុល្លារ អាមេរិក និងប្រាក់បញ្ញើសន្សំ សរុបចំនួន ៣,៧៩ ពាន់លានដុល្លារអាមេរិក និងមានអតិថិជន ប្រមាណជាង ២,៥ លាននាក់ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០១៨ នេះ៕
ដោយ៖ ម៉ៅ ដារាត់





