សមាគម អ្នកជំនាញ អចលនទ្រព្យ កម្ពុជា ចុះ MOU ជាមួយ ក្រុមហ៊ុន ថៃ VR Global Property

ភ្នំពេញ៖សមាគមអ្នកជំនាញ អចលនទ្រព្យ កម្ពុជា (CREA) កាលពីល្ងាចថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះអនុស្សារណៈ នៃការយោគយល់ ជាមួយក្រុមហ៊ុន ថៃ VR Global Property (VRGP) ក្នុងន័យកិច្ចសហប្រតិបត្តិការ និងបង្កើនចំណងមិត្តភាពអោយ កាន់តែស្អិតរមួតបន្ថែមទៀត។
ក្នុងនោះអនុស្សរណៈនេះផងដែរ ភាគីទាំងពីរ បានឯកភាព ចែករំលែកក្រមសីលធម៌ និងបទដ្ឋាននានារៀងៗខ្លួន ហើយនឹងពិភាក្សាពីការបង្កើនស្តង់ដារ វិជ្ជាជីវៈនៅក្នុងវិស័យ អចលនទ្រព្យ ហើយនឹងបើកឳកាស ឲ្យសមាជិករៀងៗខ្លួន ធ្វើកិច្ចសហប្រតិបត្តការដោយ សហការគ្នាធ្វើការនៅក្នុងទីផ្សារ របស់ខ្លួន ក៏ដូចជា ផ្លាស់ប្តូរនូវព័ត៌មានបច្ចុប្បន្នភាព ស្តីពីស្ថានភាពទីផ្សារអចលនទ្រព្យ, នីតិវិធីអចលនទ្រព្យ, ច្បាប់ទាក់ទងនឹងការផ្តល់អាជ្ញាប័ណ្ណ, ពន្ធដារនិងវិនិយោគបរទេសផ្សេងៗទៀតផងដែរ។
បន្ថែមលើសពីនោះ ភាគីនីមួយៗនឹងខិតខំប្រឹងប្រែងយ៉ាងមុតមាំ ដើម្បីលើកកម្ពស់ផលិតផល សេវាកម្ម និងវគ្គសិក្សាផ្សេងៗ ដើម្បីបង្កើនចំណេះជំនាញដល់សមាជិក និងសិក្ខាកាមទាំងអស់ ដែលបានចូលរួមរៀនវគ្គបណ្តុះបណ្តាលខ្លីៗ ផ្នែកអចលនទ្រព្យ។
គួរបញ្ជាក់ផងដែរថា សមាគមអ្នកជំនាញអចលនទ្រព្យ (Cambodia Real Estate Association CREA) ត្រូវបានបង្កើតឡើងក្នុងគោលបំណង លើកស្ទួចវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា អោយស្របទៅតាមស្តង់ដារអន្តរជាតិ ក៏ដូចជាចែករំលែកគ្នា ទៅវិញទៅមក នូវបទពិសោធន៍ និងចំណេះដឹង ផ្នែកអចលនទ្រព្យ រវាងសមាជិកក្នុងសមាគមទាំងអស់៕








