ហិរញ្ញវត្ថុ

ហត្ថាកសិករ ឧបត្ថម្ភអគារ ការិយាល័យសិក្សា និងសម្ភារៈសិក្សា មានតម្លៃជាង ៤ម៉ឺនដុល្លារ ដល់សិស្សានុសិស្ស ខេត្តពោធិ៍សាត់

ភ្នំពេញ៖ ហត្ថាកសិករ បានរៀបចំពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារការិយាល័យសិក្សា និងផ្តល់នូវសម្ភារៈសិក្សា ដែលមានតម្លៃសរុប ជាង​ ៤ម៉ឺនដុល្លារ ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាពោធិ៍សាត់ ដែលស្ថិតក្នុងខេត្តពោធ៍សាត់ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ។

ថ្លែងនៅក្នុងកម្មវិធីនេះ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃ ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា៖ “គណៈគ្រប់គ្រង និងបុគ្គលិក ហត្ថាកសិករទាំងអស់ រួមទាំងរូបខ្ញុំបាទ ពិតជាមានសេចក្តីរីករាយ ដែលពួកយើងបានចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យអប់រំ តាមសហគមនានា ហើយរំពឹងថា អគារការិយាល័យថ្មី នឹងជួយឲ្យលោកគ្រូអ្នកគ្រូ ព្រមទាំងក្មួយៗ សិស្សានុសិស្ស មានភាពងាយស្រួល ក្នុងធ្វើការងារប្រចាំថ្ងៃ និងសិក្សារៀនសូត្រ។ វាជាការតាំងចិត្ត របស់យើងទាំងអស់គ្នា ក្នុងការចូលរួមអភិវឌ្ឍន៍ ប្រទេសរបស់យើង ទោះតិចក្តី ឬច្រើនក្តី។”

អគារការិយាល័យសិក្សា ដែលត្រូវប្រគល់ជូននេះ មានបន្ទប់ធ្វើការចំនួន២ និងបន្ទប់ប្រជុំចំនួន១ ដែលមានក្រលាផ្ទៃ សរុប១៤៤ ម៉ែត្រការ៉េ។ បន្ទាប់ពីបានទទួល នូវអគារថ្មីនាពេលនេះ អគារការិយាល័យសិក្សាចាស់ នឹងត្រូវបានរៀបចំ ជាបន្ទប់សិក្សា របស់សិស្សចំនួន ៤ថ្នាក់ជំនួសវិញ ដែលអាចឲ្យសិស្សានុសិស្ស មានថ្នាក់រៀន កាន់តែច្រើនជាងមុន ។ ក្រៅពីនេះ ក៏មានការផ្តល់ជូន នូវសម្ភារៈសិក្សា ដែលមានដូចជាសៀវភៅប៊ិច ជាដើមដល់សិស្សពូកែ ចំនួន១៨៧នាក់ និងថវិកា ដល់លោកគ្រូអ្នកគ្រូ ចំនួន១៧០នាក់ ។

លោក ឆេង រិទ្ធ ដែលជានាយក នៃសាលាបឋមសិក្សាពោធិ៍សាត់ បានថ្លែងអំណរគុណ ជាអនែកចំពោះហត្ថាកសិករ ដែលបានយកចិត្តទុកដាក់ ចំពោះវិស័យអប់រំ នៅក្នុងខេត្តពោធិ៍សាត់នេះ។ អគារការិយាល័យនេះ នឹងជួយឲ្យលោកគ្រូអ្នកគ្រូ មានកន្លែងធ្វើការងារ និងប្រជុំបានសមរម្យ ជាងមុន ។”

នេះមិនមែនជាលើកទីមួយទេ ហត្ថាកសិករ ចូលរួមចំណែកក្នុងការអភិវឌ្ឍ សហគមន៍ នៅក្នុងខេត្តពោធិ៍សាត់។ កាលពីពេលកន្លងទៅនេះ ហត្ថាកសិករ បានសាងសង នូវអគារក្នុងមន្ទីរពេទ្យបង្អែក ភ្នំក្រវាញ ព្រមទាំងអគារសិក្សា និងសមិទ្ធិផលផ្សេងៗ ទៀតជាច្រើន ។

ហត្ថាកសិករ ត្រូវបានសាធារណជន ទទួលស្គាល់ថា គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ដែលមានភាពរឹងមាំ ផ្នែកហិរញ្ញវត្ថុ និងមានភាពចាស់ទុំជាងគេ ក្នុងដំណើរការអាជីវកម្ម តាំងពីដើមទស្សវត្សរ៍ទី៩០ ជាងនេះទៅទៀត ហត្ថាកសិករ ជានិច្ចជាកាល តែងតែបង្ហាញខ្លួនយ៉ាងសកម្ម ក្នុងតួនាទីជាគ្រឹះស្ថានឯកជន ដែលបានបរិច្ចាគ ធនធានផ្ទាល់ខ្លួន ដើម្បីអភិវឌ្ឍសហគមន៍ ទាំងក្នុងវិស័យសុខាភិបាល វិស័យអប់រំ ព្រមទាំងការបង្កើត ជាឱកាសការងារ ការចែករំលែកចំណេះដឹង លើការគ្រប់គ្រង ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាពិសេស ការដោះស្រាយ និងនីតិវិធីចាកចេញ ពីបំណុលនៅតាម សហគមន៍នានា៕

Related Posts