ព័ត៌មានថ្មីៗ

មហោស្រពវិទ្យាសាស្រ្ត បំផុសគំនិត អនាគត អ្នកដឹកនាំ និងនវានុវត្តន៍ជន

ភ្នំពេញ៖ បើតាមរបាយការណ៍ របស់យើង បានឱ្យដឹងថា មហោស្រពពិព័រណ៍វិទ្យាសាស្រ្ត កម្ពុជាប្រចាំឆ្នាំលើកទី១៤ បានប្រព្រឹត្តទៅដោយជោគជ័យ។ ទន្ទឹមនឹងដំណើរ វិវត្តន៍នៃ មុខវិជ្ជាស្ទែមដែលគ្រប់ ដណ្ដប់លើរាល់ទិដ្ឋភាពនៃការរស់នៅប្រចាំថ្ងៃ សិស្ស-និស្សិតកម្ពុជា របស់យើងកំពុងបន្តប្រឹងប្រែង និងសិក្សា ប្រធានបទនានា និងមុខវិជ្ជាដ៏សំខាន់ ទាំងនេះ។

មហោស្រពពិព័រណ៍វិទ្យា សាស្រ្តកម្ពុជា ប្រចាំឆ្នាំលើកទី១៤ បានប្រព្រឹត្តទៅ កាលពីថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា និងថ្ងៃសៅរ៍ ទី១ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ ស្របតាមលក្ខណៈនៃ “ពិព័រណ៍វិទ្យាសាស្រ្ត” ទូទៅ និងច្របាច់បញ្ចូលនូវធាតុផ្សំ នៃមុខវិជ្ជា ស្ទែមដែលរួមមានវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ក្នុងគោលបំណង ផ្ដល់នូវថ្នាលអប់រំមួយបែបដ៏ល្អប្លែកយ៉ាងពិតប្រាកដ ជូនដល់ភ្ញៀវដែលបាន ចូលរួមទស្សនាទាំងអស់។

គួរបញ្ជាក់ថា ពិធីបើកទំព័រកម្មវិធី ពិព័រណ៍វិទ្យាសាស្រ្តនេះ ត្រូវបានចូលរួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងដោយបានថ្លែងអំពី សេចក្ដីរំភើប ទាក់ទងនឹងសារៈសំខាន់នៃពិព័រណ៍នេះ ក្នុងការជួយឱ្យសិស្ស-និស្សិតស្វែងយល់ និងទទួលបាន បទពិសោធន៍ជាក់ស្ដែង តាមរយៈការធ្វើពិសោធន៍ ការដាក់ឱ្យដំណើរការ និងការសិក្សាជាមួយ នឹងមុខវិជ្ជាស្ទែមទាំងនេះ។

រីឯពិធីបិទទំព័រកម្មវិធីពិព័រណ៍ វិទ្យាសាស្រ្តវិញបានទទួលអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អឹម កុច រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា ដែលបានផ្ដល់នូវកិច្ចគាំទ្រយ៉ាង ពេញទំហឹង និងលើកឡើងពីតួនាទីដ៏សំខាន់ នៃការអប់រំស្ទែមក្នុងការរួមចំណែក ចំពោះអនាគតសេដ្ឋកិច្ចកម្ពុជា។

កញ្ញា តេង សុផាណា តំណាងកុ្រមហ៊ុន ស្មាត អាស្យាតា និងដែលជាអ្នកឧបត្ថម្ភធំ នាឱកាសព្រឹត្តិការណ៍នេះ បានថ្លែងនិងទទួលវិញ្ញាបនបត្របញ្ជាក់ពី​ អនុស្សរណៈយោគយល់គ្នារយៈពេល៣ឆ្នាំ ហើយនេះសបញ្ជាក់ពី តឹកតាងនៃការប្ដេជ្ញាខ្ពស់របស់ ស្មាត អាស្យាតា ក្នុងការរួមចំណែកក្នុងបុព្វហេតុ មនុស្សជាតិ សង្គម និងផែនដីរបស់យើង។

តាមរយៈការព្យាយាម និងសាកល្បង រូបមន្ត ការផ្ដល់ឱកាសឱ្យសិស្ស-និស្សិតចូលរួមជាមួយ​ នឹងមុខវិជ្ជា ដែលគួរឱ្យចាប់ អារម្មណ៍នេះ និងផ្ដល់នូវ ទំនួលខុស ត្រូវដល់ពួកគាត់ ក្នុងការបង្ហាញពីស្នាដៃ និងសមត្ថភាព ជូនដល់ប្រទេសជាតិ បូករួមនឹងការលើក កម្ពស់គំនិតផ្ដួចផ្ដើម ដ៏ជោគជ័យនានា គឺសុទ្ធតែជាធាតុផ្សំ នៃភាពជោគជ័យ ដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍​នេះ ដូចសព្វមួយដង។

លក្ខណៈពិសេសពិតប្រាកដ នៃព្រឹត្តិការណ៍រយៈពេល ពីរថ្ងៃនេះ គឺជាគម្រោងស្ទែម របស់ប្អូនៗសិស្សានុសិស្សពី​ សាលានានាជាច្រើន។ គម្រោងសរុបចំនួន២៤០​គម្រោងត្រូវបានដាក់តាំងបង្ហាញ និងបង្កើតឡើងដោយ សិស្សានុសិស្សមកពី សាលាចំនួន១៥ ដែលរួមមាន​សាលាមកពី ខេត្តបាត់ដំបងផងដែរ។ តាមរយៈគម្រោងទាំងនេះ ពួកគាត់ពិតជាអាចប្រើប្រាស់ ការអប់រំស្ទែមដែល ពួកគាត់ចូលចិត្តបំផុត ហើយយើង​ក៏ បានផ្ដល់ផងដែរនូវភាព រីករាយជាច្រើនដល់​​មហាជនដែលបានចូលរួមទស្សនា នៅតាមស្ដង់បង្ហាញគម្រោងនានា និងស្វែងយល់ពីទ្រឹស្ដីគួរឱ្យចាប់អារម្មណ៍ផ្សេងៗ រួមទាំងអាថ៌កំបាំងវិទ្យាសាស្រ្ត​ពិសេសៗផងដែរ។

ព្រឹត្តិការណ៍នេះបានផ្ដល់ជូនផងដែរ នូវការបង្ហាញលើឆាក ដែលគួរជាទីចាប់អារម្មណ៍ ជាមួយនឹងលក្ខណៈ វិទ្យាសាស្រ្តពិសេសៗ បាឋកថាដែលបង្ហាញដោយអ្នកជំនាញ ក្នុងការងារស្ទែម ក្រោមប្រធានបទនៃការអប់រំស្ទែម អាជីពការងារ ស្ទែម រួមនឹងប្រធានបទបរិស្ថាននានា សម្រាប់កម្ពុជា នាពេលបច្ចុប្បន្ន។ ក្រៅពីនេះ យើងក៏មានជាការប្រគំតន្ត្រីសម្រាប់ថ្ងៃនីមួយៗ នៃព្រឹត្តិការណ៍ទាំងពីរថ្ងៃនេះផងដែរ។ ម្យ៉ាងវិញទៀត យើងបានទទួលការចូលរួម ពីសំណាក់ “Nutty Scientists Cambodia” ដែលញុំាងឱ្យកម្មវិធីនេះមានបរិយាកាស កាន់តែរីករាយ។

ដោយឡែក ការប្រកួតសំណេរ ប្រកបដោយភាព ច្នៃប្រឌិត និងការប្រកួត សិល្បៈគំនូរ ដែលបង្កើតឡើង ដើម្បីអបអរ មហោស្រពពិព័រណ៍ វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំនេះ ក៏បានផ្ដល់នូវឱកាសដល់សិស្សា​ នុសិស្សក្នុង ការស្វែងយល់ អំពីការអប់រំស្ទែមដែរ។ ស្នាដៃរបស់ជ័យលាភីត្រូវ បានដាក់តាំងបង្ហាញ ជូនមហាជនទស្សនា។

រីឯការប្រកួតរ៉ូបូត របស់ សមាគមរ៉ូបូតអូឡាំព្យាដ ពិភពលោក បានទាក់ទាញចំណាប់អារម្មណ៍ របស់សិស្សានុសិស្ស ក្នុងក្រុងភ្នំពេញ យ៉ាងខ្លាំង រួចមកហើយ នៅដើមឆ្នាំនេះ ហើយមហោស្រពពិព័រណ៍ វិទ្យាសាស្រ្ត របស់យើងក៏បានពាំនាំការបង្ហាញរ៉ូបូតនេះជូនដល់សិស្សានុសិស្ស បន្ថែមទៀត ដើម្បីធ្វើការស្វែងយល់ អំពីបច្ចេកវិទ្យា។ ម្យ៉ាងវិញទៀត យើងក៏មានការដាក់តាំង បង្ហាញ រ៉ូបូតផ្សេងៗ រួមទាំង “ស៊ូម៉ូរ៉ូបូត” ដែលផ្ដល់នូវទិដ្ឋភាពដ៏ពិសេសមួយ នៃបច្ចេកវិទ្យា និងដែលបានទាក់ទាញចំណាប់ អារម្មណ៍របស់អ្នក ចូលរួមទស្សនា។

គួរបញ្ជាក់ផងដែរថា យើងក៏មានគម្រោង ស្ទែមរបស់កុមារតូចៗ (Kids Corner) ក្នុងគោលបំណងដាក់តាំងបង្ហាញភាពច្នៃប្រឌិត និងចំណាប់អារម្មណ៍របស់​ ពួកគាត់តាមបែបវិទ្យាសាស្រ្តដែរ។

ជាការពិត មុខវិជ្ជាស្ទែម នឹងបន្ត ទទួលបានការយក ចិត្តទុកដាក់ និងប្ដេជ្ញាខ្ពស់ លើការអប់រំ នាពេលអនាគត នៅទូទាំងពិភពលោក ហើយជានិច្ចកាលព្រឹត្តិការណ៍ ដូចនេះគឺជាមធ្យោបាយ មួយដ៏មាន ប្រសិទ្ធភាព ក្នុងការបំផុស និងជំរុញគំនិត របស់សិស្ស-និស្សិត ឱ្យរួមចំណែក ក្នុងមុខវិជ្ជាស្ទែមនេះ។ យើងខ្ញុំបានចាប់ផ្ដើមត្រៀម លក្ខណៈ រៀបចំ មហោស្រពពិព័រណ៍ វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៥ សម្រាប់ឆ្នាំ ក្រោយរួចហើយ និងសូមស្វាមគន៍ចំពោះការចូលរួម ទស្សនាដ៏កាន់តែច្រើនកុះកុរ របស់អ្នកចូលរួម និងមហាជន៕

Related Posts