អចលនទ្រព្យ

ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបានជ័យលាភី ពានរង្វាន់អចលនទ្រព្យ លំដាប់អន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស

ភ្នំពេញ៖ នារាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ដែលជាដំណាក់កាល ចុងក្រោយនៃកម្មវិធី ប្រកាសពានរង្វាន់ ថ្នាក់តំបន់ និង ពិភពលោករបស់កម្មវិធី ពានរង្វាន់ អចលនទ្រព្យអន្តរជាតិ រៀបចំឡើង នៅសណ្ឋាគារ The Savoy Hotel នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលមានការចូលរួម ពីម្ចាស់ជ័យលាភី តំណាងប្រទេស និងតំបន់ទូទាំងពិភពលោកពី កម្មវិធីពានរង្វាន់ អចលនទ្រព្យ តំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អឺរ៉ុប តំបន់អាមេរិក តំបន់អាហ្វ្រិក តំបន់អារ៉ាប់ និង ពីចក្រភពអង់គ្លេស ក្រុមហ៊ុន ប៉េង ហួត គ្រុប តំណាងជ័យលាភី ពីប្រទេសកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិកមានកិត្តិយស ដែលទទួលបានជ័យលាភីពានរង្វាន់លំដាប់អន្តរជាតិ គឺ”ពានរង្វាន់អភិវឌ្ឍសេវាកម្មសាធារណៈ ល្អជាងគេប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក សំរាប់គម្រោង សាលសន្និបាត យូរ៉ូវីល / Best Public Service Development Asia Pacific for Euroville Convention Hall.”។

លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយក ក្រុមហ៊ុន ប៉េង ហួត គ្រុប បាន មានប្រសាសន៍ ពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ថា៖ ” នេះជាជោគជ័យថ្មីមួយទៀតរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានធ្វើឲ្យទង់ជាតិកម្ពុជា និងស្លាកយីហោ ក្រុមហ៊ុន បង្ហាញខ្លួន លើវេទិការអន្តរជាតិ នៅកណ្ដាលទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។

នេះមិនមែនជាការចៃដន្យទេដែល ក្រុមហ៊ុន ប៉េង ហួត គ្រុប យើងទទួលបានពានរង្វាន់ អ្នកអភិវឌ្ឍសេវាកម្ម សាធារណៈដែលល្អជាងគេប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមាន ការចូលរួម ពីបណ្ដាលប្រទេសនានា ពី៥ទ្វីបលើពិភពលោក។ នេះជាសមិទ្ធផល នៃការខិតខំ របស់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ នៅក្នុងក្រុមហ៊ុន ប៉េង ហួត គ្រុបយើងដែល បានសាមគ្គីគ្នា សំរេចចក្ខុវិស័យ របស់ក្រុមហ៊ុន ដើម្បីឈានមុខគេទាំងគុណភាព សោភ័ណភាព សេវាកម្ម ល្អជាងគេ ដូច្នេះខ្ញុំតំណាងឲ្យ ក្រុមហ៊ុន សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំទាំងអស់ នឹងសូមឲ្យថ្នាក់ដឹកនាំ ទាំងអស់ខិតខំបន្ថែមទៀត ដើម្បីសំរេចគោលដៅ ក្រុមហ៊ុនឈានទៅ ទទួលពានលំដាប់ ពិភពលោកបន្តទៀត។ ជាចុងក្រោយ ក្រុមហ៊ុនសូមថ្លែងអំណរគុណផងដែរ ដល់អតិថិជន ដែលបន្តផ្តល់ទំនុកចិត្ត និងគាំទ្រក្រុមហ៊ុនយើងខ្ញុំកន្លងមក ។”

ជារៀងរាល់ឆ្នាំក្រុមហ៊ុន International Property Media ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស តែងតែរៀបចំការប្រកួតប្រជែង យកពានរង្វាន់ អចលនទ្រព្យ អន្តរជាតិ តាមតំបន់នីមួយៗ ដូចជា អាស៊ីប៉ាស៊ីហ្វិក អាហ្វ្រិក អារ៉ាប់ អាមេរិក អឺរ៉ុប និងចក្រភពអង់គ្លេស ដើម្បីជ្រើសរើស រកក្រុមហ៊ុន ដែលល្អជាងគេ មកប្រកួតប្រជែង ដើម្បីសម្រិតសម្រាំង រកម្ចាស់ជ័យលាភី ចុងក្រោយប្រចាំ តំបន់នីមួយៗ និងពិភពលោក។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបានពានរង្វាន់លំដាប់ផ្កាយប្រាំ ចំនួន ០៣ និងពានរង្វាន់ផ្សេងៗ សរុប១៣ពានរង្វាន់ ពីកម្មវិធីពានរង្វាន់ អចលនទ្រព្យ អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំឡើងនៅសណ្ឋាគារ The Marriott Marquis Queen’s Park នៅទីក្រុងបាងកក ប្រទេសថៃ។

លើសពីនេះទៅទៀត ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានទទួលជ័យលាភី ជាក្រុមហ៊ុនអភិវឌ្ឍល្អជាងគេ ប្រចាំប្រទេសកម្ពុជា ចំនួន០៣ឆ្នាំ ជាប់គ្នាផងដែរ ពីកម្មវិធីពានរង្វាន់ អចលនទ្រព្យកម្ពុជា រៀបចំឡើងដោយក្រុមហ៊ុនProperty Guru ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ៕

Related Posts