ព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍ទស្សនីយភាពល្ខោនយីកេ រឿងទុំទាវ ក្រោមប្រធានបទ «ទុំទាវ៣ជំនាន់»

ភ្នំពេញ៖ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងាររៀបចំមហាព្រឹត្តិការណ៍ទស្សនីយភាព ល្ខោនយីកេ រឿងទុំទាវ ក្រោមប្រធានបទ «ទុំទាវ៣ជំនាន់» បានរៀបចំពិធីសំពះគ្រូ និងធ្វើការហាត់សមការសម្ដែងទស្សនីយភាព ល្ខោនយីកេ រឿងទុំទាវ ដើម្បីសម្ដែងជូនប្រជាជនកម្ពុជាទស្សនាផ្ទាល់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ។

ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធមនុស្ស ពិភពលោកលើកទី៧០ សហភាព សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំ មហាព្រឹត្តិការណ៍ទស្សនីយភាព ល្ខោនយីកេ រឿងទុំទាវ ក្រោមប្រធានបទ «ទុំទាវ៣ជំនាន់» ក្នុងគោលបំណងរំលឹកគុណដល់លោកគ្រូ អ្នកគ្រូសិល្បករជើងចាស់ ដែលបានសម្ដែងជាតួល្ខោនយីកេ រឿងទុំទាវនេះតាំងពីទសវត្សរ៍ទី៦០និង៨០ ហើយបាននិងកំពុងបន្តចូលរួមលើកស្ទួយតម្លៃសិល្បៈវប្បធម៌ ដ៏ចំណាស់មួយនេះរហូតមកដល់សព្វថ្ងៃ។

ព្រឹត្តិការណ៍ដ៏ធំនេះ នឹងប្រជុំដោយសិល្បករល្ខោនយីកេ ទាំង៣ជំនាន់ រួមមានសិល្បករ-សិល្បការិនី ជើងចាស់កាលពីទសវត្សរ៍ទី៦០ ទសវត្សរ៍ទី៨០ និងសិល្បករសម័យបច្ចុប្បន្ន ប្រមាណជាង១០០នាក់ ដែលនឹងត្រូវឡើងមកសម្ដែងរួមគ្នាលើឆាកតែមួយ។ ព្រឹត្តិការណ៍ទស្សនីយភាពល្ខោនយីកេ រឿងទុំទាវ នឹងសម្ដែងផ្ទាល់ជូនប្រជាជនកម្ពុជា ជាពិសេសយុវជន និងសិស្សានុសិស្ស បានទស្សនាដោយឮឥតគិតថ្លៃ៕

 

 

 

 

 

 

 

 

Related Posts