ព័ត៌មានថ្មីៗ

សាលាអន្តរជាតិ អាស៊ាន ប្រគល់វិញ្ញាបនបត្រ និងផ្តល់អាហារូបករណ៍ ដល់សិស្សពូកែ ប្រចាំឆ្នាំ

ភ្នំពេញ៖ សាលាអន្តរជាតិ អាស៊ាន ដែលទទួលបានការជឿជាក់ ពីសំណាក់មាតាបីតា ជាច្រើន ពាន់នាក់ ទៅលើការបណ្តុះបណ្តាល ធនធានមនុស្ស នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធី ប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ប័ណ្ណសរសើរ និងអាហារូបករណ៍ ជូនដល់សិស្សពូកែ ព្រមទាំងពិធីប្រគល់ប័ណ្ណសរសើរ ជូនបុគ្គលិកថ្នាក់ដឹកនាំឆ្នើម ប្រចាំឆ្នាំ២០១៨ ដែលលោកគ្រូអ្នកគ្រូ បានខិតខំ យកចិត្តទុកដាក់ ចំពោះការបង្ហាត់បង្រៀន សិស្សានុសិស្ស ពីថ្នាក់មត្តេយ្យ ឲ្យមានក្រមសិលៈធម៌ល្អ និងក្លាយជាកូនល្អ សិស្សល្អ ដែលជាចំណុចពិសេស ធ្វើអោយអាណាព្យាបាលជាច្រើន ពេញចិត្ត ចំពោះការអប់រំ នៅទីនេះ ។

លោក ហុង លឹម អគ្គនាយកសាលាអន្តរជាតិ អាស៊ាន បានលើកឡើងថា វត្តមានរបស់អាណាព្យាបាល និងសិស្សានុសិស្ស ជាងបួនពាន់នាក់ នាឱកាសនេះ បានឆ្លុះបញ្ជាំង និងជាភស្តុតាង បញ្ជាក់យ៉ាងច្បាស់ អំពីសារៈសំខាន់ លើការអប់រំ បណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីអោយក្លាយជា​ ទំពាំងស្នងឬស្សី ដ៏ល្អផូផង រឹងមាំសម្រាប់គ្រួសារ និងប្រទេសជាតិ ពីសាលាអន្តរជាតិ អាស៊ាន ។


លោក ហុង លឹម បានលើកឡើងដែលថា ដើម្បីទទួលបានការអប់រំមួយដ៏ល្អ អោយមានទាំងចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ត្រូវផ្អែកលើកត្តាជាច្រើន ដូចជា កត្តាបុគ្គលិក កត្តាគ្រួសារ កត្តាសាលារៀន ការចូលរួមរបស់សិស្ស ភាពអំណត់ព្យាយាម និងកត្តាពេលវេលាជាដើម ហើយលោក បានជឿជាក់ថា សាលាអន្តរជាតិអាស៊ាន ពិតជាអាចដឹកដៃ និងនាំសិស្សានុសិស្ស ដែលសិក្សានៅទីនេះ ឆ្ពោះទៅកាន់ អនាគតរុងរឿង នាពេលអនាគត ដែលឈរលើគោលការណ៍ គុណភាព និងក្រមវិជ្ជាជីវៈជាធំ ។

ពិធីដ៏អោឡារិកនេះ ធ្វើឡើងក្នុងគោលបំណង លើកទឹកចិត្តដល់បុគ្គលិក និងថ្នាក់ដឹកនាំ សម្រាប់ឆ្នាំ២០១៨ សរុប១៣០នាក់ ព្រមទាំងលើកទឹកចិត្ត សិស្សានុសិស្ស ១០០៨នាក់ ដែលបានបញ្ចប់ការសិក្សា គ្រប់កម្រិតពីសាលាអន្តរជាតិ អាស៊ាន និងមានការផ្តល់អាហារូបករណ៍សិក្សា សម្រាប់ឆ្នាំ២០១៩ ២៤នាក់ សរុបជាទឹកប្រាក់ចំនួន ៦៤២៦ដុល្លារ ។

ក្នុងឱកាសនេះ ក៏មានការប្រគល់ប្រាក់រង្វាន់ ១លាន៥ម៉ឺនរៀល សិស្សជ័យលាភី ប្រកបពាក្យ និងអំណាន និងការចាប់រង្វាន់ លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលសិក្សា នៅសាលាអន្តរជាតិ អាស៊ាន មានមួកសុវត្ថិភាព កង្ហារ កុំព្យូទ័រ ម៉ាស៊ីនបោកខោអាវ ទូទឹកកក និងរង្វាន់ធំ ម៉ូតូ Zoomer X ចំនួន ១គ្រឿងផងដែរ។

គួរបញ្ជាក់ថា សាលាអន្តរជាតិ អាស៊ាន គឺជាស្ថាប័នអប់រំឯកជនមួយ ដែលឈរលើគោការណ៍ គុណភាព និងក្រមវិជ្ជាជីវៈជាធំ៕ ដោយ៖ ម៉ៅ ដារាត់
     

Related Posts