ព័ត៌មានថ្មីៗ

WeGO ស្វាគមន៍ ការពង្រីកសេវាហៅកង់បី ដល់ខេត្តបាត់ដំបង ដោយការផ្ដល់ជូនពិសេស

សេវាកក់ហៅកង់បីរបស់ខ្មែរ ដែលផ្ដោតលើសុវត្ថិភាពគឺ ក្រុមហ៊ុន WeGO បានពង្រីកសេវា ដឹកអ្នកដំណើររបស់ខ្លួន ដល់ទឹកដី ខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។ ការឈានជើងចូលទឹកដីបាត់ដំបង គឺដើម្បីបង្កភាពងាយស្រួល ដល់អតិថិជនរបស់ខ្លួន និងដើម្បីឆ្លើយតប ទៅនឹងសំណូមពរ របស់អតិថិជនចាស់ ដែលរស់នៅលើទឹកដីខេត្ត លោកតាដំបងគ្រញូង ដែលទន្ទឹងរង់ចាំកន្លងមក។ នេះបើតាមការបញ្ជាក់ ប្រាប់របស់ថ្នាក់ដឹកនាំ ក្រុមហ៊ុនផ្ដល់សេវាដឹកអ្នកដំណើរ តាមកម្មវិធីទូរសព្ទដដែល។

“ឥលូវនេះ បងប្អូនខេត្តបាត់ដំបង អាចហៅ WeGO ជិះបានយ៉ាងស្រួលហើយ មិនបាច់តថ្លៃដូចមុនទេ ។ នេះជាការបញ្ជាក់របស់លោក ខេន សុវណ្ណរ៉ា អគ្គនាយកក្រុមហ៊ុន G.O WeGO។ យើង [WeGO] មកនេះគឺដើម្បីរួមចំណែក ផ្ដល់ជាជម្រើស ធ្វើដំណើរថ្មីកាន់តែងាយស្រួល ដែលបងប្អូនខេត្តបាត់ដំបង អាចមានទំនុកចិត្តលើសុវត្ថិភាព”។

អ្វីដែលកាន់តែពិសេសដើម្បីជាការស្វាគមន៍ ក្រុមហ៊ុន WeGO បានផ្តល់ជូនប្រូម៉ូសិនពិសេសមួយ គឺទទួលបានការបញ្ចុះតម្លៃ 2000 រៀល សម្រាប់ការជិះ 5 ដងពីថ្ងៃទី 13 ដល់ 19 ខែមករា ឆ្នាំ 2019 ដោយគ្រាន់តែវាយប្រូម៉ូកូដ “EP2FTL” ចូលក្នុងប្រអប់ Promo នៅក្នុង App ជាការស្រេច។

ថ្នាក់ដឹកនាំក្រុមហ៊ុន ផ្ដល់សេវាដឹកអ្នកដំណើរ តាមទូរសព្ទដៃ បន្ថែមថា ការជ្រើសប្រើសេវាកម្ម របស់ក្រុមហ៊ុន WeGO មិនត្រឹមតែសម្រួលការធ្វើដំណើរ លើដងផ្លូវតែមួយមុខ តែប្រៀបបាននឹងការជួយ ដល់ជីវភាពដៃគូបើកបរកង់បីដូចគ្នា។ ត្រង់នេះ លោកបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ជីវភាព ដៃគូបើកបរជាបេសកកម្ម របស់ក្រុមហ៊ុនតាមរយៈការកាត់កម្រៃទាប ជាងក្រុមហ៊ុន ដែលជាដៃគូប្រកួតប្រជែងរបស់ខ្លួន ដូច្នេះលោកសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ ខេត្តបាត់ដំបង នឹងជួយគាំទ្រ។

លើសពីនេះ ក្រុមហ៊ុនក៏ផ្ដល់ជូន កញ្ចប់ការពារសុវត្ថិភាព ដល់ទាំងអ្នកបើកបរ (ម្នាក់) និងភ្ញៀវ (២នាក់) ពីធានារ៉ាប់រង Forte ក្នុងករណីមានគ្រោះថ្នាក់ រាល់ពេលធ្វើដំណើរ ដោយប្រើកម្មវិធី ទូរសព្ទរបស់ WeGO ទៀតផង។ ធានារ៉ាប់រងខាងលើ ការពារលើគ្រោះថ្នាក់ពេលធ្វើដំណើរ ដែលប៉ះពាល់ដល់អាយុជីវិត ពិការភាព និងរបួសស្នាមនានា។

ខេត្តបាត់ដំបងជាខេត្តទី ៣ ហើយ ដែលក្រុមហ៊ុន WeGO ពង្រីកសេវាទៅដល់បន្ថែម ពីលើរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ដោយឡែក បណ្ដាទីប្រជុំជន មួយចំនួនទៀតរួមមាន ក្រុងសិរីសោភ័ណ ផ្សារព្រំប៉ៃលិន និងក្រុងប៉ោយប៉ែត ក៏ទើបបើកឲ្យលោក អ្នកអាចកក់ហៅកង់បី WeGO ជិះបានហើយដែរ។ នាពេលឆាប់ៗខាងមុខ ក្រុមហ៊ុននឹងបន្តពង្រីក ទៅខេត្តសក្ដានុពលផ្សេងទៀត ទូទាំងប្រទេសកម្ពុជា៕

Related Posts