ព័ត៌មានថ្មីៗ

ម្ចាស់ឃ្លាំងលក់រថយន្ត S-Auto និងគូដណ្តឹង ដើររើសសំរាមរួមគ្នា ជាមួយក្មេងៗជាង៥០០នាក់ ដើម្បីអបអរ ទិវាជាតិ ទីក្រុងស្អាត លើកទី៧

ភ្នំពេញ៖ ក្នុងឱកាសទិវាជាតិ​ ទីក្រុងស្អាត លើកទី៧ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ម្ចាស់ឃ្លាំងលក់រថយន្ត S-Auto លោក ប៊ុន រតនា ជាមួយគូរដណ្តឹងកញ្ញា លីឈី ទាំងពីរនាក់ បានបង្កើតកម្មវិធីមួយ ដោយបានដើររើសសំរាម នៅទីថ្លាសាលាបឋមសិក្សាវត្តលើ ជាមួយនិងក្មេងៗប្រមាណជា ៥៣៦នាក់ ក្រោមបរិយាកាស សប្បាយរីករាយ ព្រមទាំងនាំយកនូវសម្ភារៈសិក្សា ទៅចែកជូន ដល់ក្មេងៗផងដែរ ។

សកម្មភាព ដើររើសសំរាម របស់លោក ប៊ុន រតនា និងកញ្ញា លីឈី ជាមួយក្មេងជាច្រើនរយនាក់នេះ ធ្វើឡើងនៅក្នុងទីធ្លាសាលា បឋមសិក្សាវត្តលើ ដែលស្ថិតនៅស្រុកគីរីវង្ស ខេត្តតាកែវ ដោយមានការសម្អាតបរិស្ថាន ព្រមជាមួយ ការនាំយក នូវសំភារៈសិក្សា ចែកជូនដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅទីនោះ ព្រមទាំងធ្វើការណែនាំ ដល់ក្មេងៗ អោយយល់ដឹងពី ការថែទាំបរិស្ថាន ដោយត្រូវរក្សាអនាម័យ ត្រូវយកសំរាម ឬកាកសំណល់ ចោលទៅក្នុងធុងសំរាម និងមិនត្រូវបោះចោល ពាសវាលពាសកាលនោះទេ។

ក្នុងឱកាសនោះដែរ លោក ប៊ុន រតនា បានឲ្យដឹងថា ដូចបានដឹងស្រាប់ហើយ ពួកខ្ញុំទាំងពីរនាក់ ជា​អ្នកដែលចូលចិត្ត រើសសំរាម ដើម្បីសំអាតបរិស្ថាន ហើយការដឹកនាំក្មេងៗ ទាំង ៥៣៦នាក់ រើសសំរាមនេះ ក្នុងគោលបំណង ឲ្យពួកគាត់ចេះស្រលាញ់បរិស្ថាន ព្រោះថា​ក្មេងៗ ​ជាទំពាំងស្នងឬស្សី និងជាក្រដាសស១សន្លឹក អាចនឹងប្រឈមគ្រប់ពេល តែបើយើងបង្ហាញ សកម្មភាពគំរូល្អ​ បែបនេះទៅគាត់ នឹងដក់ក្នុងអារម្មណ៍ ចេះសម្អាត និងស្រលាញ់បរិស្ថាន​ ហើយនឹងបន្តសកម្មភាព ទៅកាន់មិត្តភក្តិគាត់ផ្សេងៗទៀត” ។

លោកបានបន្តថា “ផ្តើមចេញពីយើងម្នាក់ ទៅមនុស្សម្នាក់ទៀត នោះបរិស្ថាន ប្រទេសរបស់យើង នឹងស្រស់ស្អាត ឲ្យវាសាកសម ​ទៅនឹង​ពាក្យមួយឃ្លាថា បរិស្ថានស្អាត សុខភាពល្អ” ។​

លោក ប៊ុន រតនា និង កញ្ញា លីឈី បានបញ្ជាក់ថា សកម្មភាពរើសសំរាមនេះ ពួកខ្ញុំនឹងបន្តទៅកាន់កន្លែងផ្សេងៗទៀត ដោយមិនផ្អាកដំណើរនោះទេ ឲ្យសាកសមឈ្មោះពូសំរាម និង រាជនីសំរាម ។

គួរឲ្យដឹងដែរថា លោក ប៊ុន រតនា ហៅសេម និង កញ្ញា លីឈី ជាញឹកញាប់ តែងតែដឹកដៃគ្នា ចុះរើសសំរាម រហូតត្រូវបាន មហាជនជាច្រើន ទទួលស្គាល់នៅលើ បណ្តាញសង្គមហ្វេសប៊ុក ថាជាគូស្នេហ៍ចូលចិត្តរើសសំរាម និងស្រលាញ់នូវបរិស្ថានផងដែរ៕ ដារាត់

Related Posts