ព័ត៌មានថ្មីៗ

ក្រុមយុវជនប្រមូលសំរាម នៅលូបឹងត្របែក ទទួលបានការឧបត្ថម្តលើកទឹកចិត្ត

ភ្នំពេញ៖យុវជន សាន ដារ៉ាវីត ដែលមនុស្សគ្រប់គ្នា បានស្គាល់លើបណ្ដាញសង្គម ដែលបានផ្តួចផ្តើមក្នុងការប្រមូលសំរាម នៅតាមលូទឹកស្អុយបឹងត្របែក កាលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩កន្លងទៅថ្មីៗ ដើម្បីគាំទ្រ និងជាការលើកទឹកចិត្ត ដល់យុវជរូបនេះ ក្រុមហ៊ុនបាយ័ន បេកឃើរី អ៊ីនដាសស្រ្ទី ឯ.ក បាននាំយកនូវសម្ភារៈមួយចំនួនជូនដល់ពួកគេ។

យុវជន សាន ដារ៉ាវីត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលកាលពីថ្ងៃ១២ ខែមីនា ថា គោលបំណងរបស់ក្រុមលោកនេះ ចង់ធ្វើឲ្យទីក្រុងភ្នំពេញ គ្មានសំរាមប្លាស្ទីកនិងគ្មាន ដីហុយ ទើបកើតមានគំនិតមួយចុះប្រមូលសំរាមនេះ។ យុវជន ដារ៉ាវីត បានស្នើឲ្យចូលរួមសហការទាំងអស់គ្នា ចំពោះការចូលរួមសម្អាតបរិស្ថាន ជាពិសេសលើបញ្ហាសំរាម ដើម្បីលើកម្ពស់សោភ័ណភាព និងសុខុមាលភាពពលរដ្ឋផងដែរ។

លោកបានរៀបរាប់ទៀតថា “សូមប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា កុំចោទឬបន្ទោសពីណាខុសពីណាត្រូវ ឬអ្នកនៅខាងលើខាងក្រោមក៏ដោយ” ។

ទាក់ទងនឹងការបោះសំរាមនៅប្រឡាយលូបឹងត្របែកនេះដែរ យុវជន ដារ៉ាវីត អះអាងថា ក្នុងនាមជាយុវជន គ្រាន់តែព្យាយាមជួយរើស ឬសម្អាតបរិស្ថានទាំងអស់គ្នា ដើម្បីទីក្រុងភ្នំពេញមានសោភ័ណភាព ដោយមិនចាំបាច់ទៅបន្ទោសឬជេរអ្នកណាដែរ។

យុវជនសាន ដារ៉ាវីតរូបនេះ បញ្ជាក់ថា “គម្រោងរបស់ខ្ញុំធ្វើនេះ គឺធ្វើដើម្បីឲ្យអ្នកសម្អាតច្រើនជាងអ្នកបោះ (សំរាមបលូបឹងត្របែក) ដូច្នេះខ្ញុំមិនដឹងថា អ្នកបោះសំរាមច្រើនប៉ុណ្ណាទេ តែបច្ចុប្បន្ននេះ ខ្ញុំកំពុងបង្កើនអ្នកសម្អាត(សំរាម)” ។

ចំណែកលោក ភូក សុខផេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម នៃក្រុមហ៊ុនបាយ័ន បានឲ្យដឹងថា​ គោលបំណងនៃការផ្ដល់នូវសម្ភារៈនេះ ដើម្បីផ្ដល់ជាកម្លាំងចិត្ត ក៏ដូចជាការលើកទឹកចិត្ត ដល់ក្រុមយុវជន ដារ៉ាវីត ដែលក្រុមពួកគាត់បានលះបង់ ពេលវេលាដ៏មានតម្លៃ ព្រមទាំងកម្លាំងកាយចិត្តដោយ ស្ម័គចិត្ត មកចុះជួយសម្អាតសំរាម ប្រឡាយលូបឹងត្របែក ដើម្បីរក្សានូវសោភ័ណភាពទីក្រុងភ្នំពេញ។

ជាចុងក្រោយយុវជនសាន ដារ៉ាវីត បានថ្លែងអំណរដល់ក្រុមហ៊ុន បាយ័ន ដែលបានផ្ដល់នូវសម្ភារៈមួយចំនួនដល់ក្រុមរបស់លោក។ ចំពោះសម្ភារៈទាំងនោះរួមមាន ការ៉ុងចំនួន១ពាន់ ស្រោមដៃ ស្រោមជើ ទឹកសុទ្ធ រួមជាមួយនំបុ័ងសម្រាប់បរិភោគមួយចំនួនផងដែរ៕

Related Posts