ព័ត៌មានថ្មីៗ

ក្រុមហ៊ុនប្រឹក្សាអាហារូបករណ៍ ក្រៅប្រទេសតែមួយគត់ នៅកម្ពុជា ប្រកាសជ្រើសរើសនិស្សិត អាហារូបករណ៍ ខ្មែរទៅសិក្សានៅចិន

ភ្នំពេញ ៖ Longmengrath Study Abroad Consultancy ជាក្រុមហ៊ុនប្រឹក្សាអាហារូបករណ៍ ក្រៅប្រទេសដំបូង និងមានតែមួយគត់នៅកម្ពុជា ដែលបានចុះអនុស្សារណៈ និងទទួលសិទ្ធិពិសេសពីស្ថាប័នអាហារូបករណ៍ធំៗ ទាំងបីរបស់ចិន អោយជ្រើសរើសនិស្សិតខ្មែរ រាប់រយនាក់ជារៀងរាល់ឆ្នាំ ដើម្បីសិក្សាជំនាញជាង៨០មុខ ដោយអាហារូបករណ៏ ចាប់ពីថ្នាក់បរិញ្ញាបត្ររហូតដល់បណ្ឌិត ។ ស្ថាប័នអាហារូបករណ៏ ទាំង៣នេះ ទទួលបានគម្រោងអាហារូបករណ៍ពីក្រសួងអប់រំចិន , ក្រុមប្រឹក្សាអាហារូបករណ៍ចិន (CSC) និងសាកលវិទ្យាល័យល្បីៗរបស់ចិនជាង៧០០។

លោក តាន់ វុទ្ធា ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Longmengrath Study Abroad Consultancy Co.,Ltd និងជាអតីតនិស្សិតសាកលវិទ្យល័យ PEKING ប្រទេសចិន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ក្រុមហ៊ុនលោកបានចុះញ្ជីជាផ្លូវការនៅក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ២០១៧ ។ ជាចក្ខុវិស័យ និងបេសកកម្ម ការបង្កើតក្រុមហ៊ុននេះឡើង ដើម្បីបញ្ជូននិស្សិតកម្ពុជាទៅសិក្សានៅប្រទេស ដែលមានការអភិវឌ្ឍជឿនលឿនតាមរយៈអាហារូបករណ៍ឲ្យបានច្រើនបំផុត និងក្នុងតម្លៃសេវាកម្មទាបបំផុត ដើម្បីទទួលយកបច្ចេកទេសថ្មីៗ ក៏ដូចជា ចម្រាញ់យកធនធានមនុស្សកាន់តែមានគុណភាព និងសមត្ថភាពលើជំនាញ វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម កសិកម្ម បច្ចេកទេស វិស្វកម្ម ភាសា ច្បាប់ សិល្បៈ កីទ្បា។ល។ លោកថា គ្មានប្រទេសណាមួយលើពិភពលោកដែលក្លាយជាប្រទេសខ្លាំងបាន ដោយគ្មានធនធានមនុស្សខ្លាំងនោះទេ តួយ៉ាងដូចជា៖ ប្រទេស ជប៉ុន ចិន កូរ៉េ សិង្ហបុរី ជាដើមសុទ្ធសឹងតែបានបញ្ជូននិស្សិតរាប់ម៉ឺននាក់ ទៅទទួលការសិក្សានៅប្រទេសជឿនលឿន មុននឹងត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេសកំណើតពួកគេវិញ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរូបនេះ ឲ្យដឹងទៀតថា លក្ខខណ្ឌដែលអាចទទួលបានអាហារូបករណ៍ទៅសិក្សានៅចិន គឺមិនតម្រូវឲ្យមានការប្រឡងនោះទេ ប៉ុន្តែតម្រូវឲ្យនិស្សិត មានចំណាប់អារម្មណ៍ត្រូវមាននិទ្ទេសខ្ពស់ សុខភាពល្អ ហើយសម្រាប់មុខវិជ្ជាមួយចំនួនត្រូវមានកម្រិតពិន្ទុចាប់ពីនិន្ទេស C ។

លោក តាន់ វុទ្ធា បញ្ជាក់ថា ចាប់ពីឆ្នាំ២០១០ និស្សិតកម្ពុជាជាង១០០នាក់ហើយ ត្រូវបានបញ្ជូនឲ្យសិក្សានៅចិន ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩ ក្រុមហ៊ុន Longmengrath Study Abroad Consultancy Co., Ltd ប្រកាសជ្រើសរើសយកនិស្សិតកម្ពុជាចំនួន១៥០នាក់ ដើម្បីសិក្សាដោយអាហារូបករណ៍នៅចិន។ នៅពេលបេក្ខជនបានបំពេញលក្ខខណ្ឌតម្រូវត្រឹមត្រូវរួចហើយ បេក្ខជនចំណាយលើសេវាកម្មក្រុមហ៊ុនប្រហាក់ប្រហែល នឹងការបង់ថ្លៃសាកលវិទ្យាល័យនៅកម្ពុជាប៉ុណ្ណោះ នឹងទទួលបានអាហារូបករណ៍រៀនមួយចប់តែម្តង៕

Related Posts