ព័ត៌មានថ្មីៗ

ធនាគារអេស៊ីលីដា ប្រារព្ធអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ទូទាំង២៦០ ការិយាល័យ

ភ្នំពេញ៖ធនាគារអេស៊ីលីដា ភីអិលស៊ី បានប្រារព្ធរៀបចំពិធី អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធ សករាជ ២៥៦១ គ.ស.២០១៩ ដោយមានការចូលរួមពី លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ ធនាគារអេស៊ីលីដា នៅទីស្នាក់ការកណ្ដាល រាជធានីភ្នំពេញនារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ក្នុងនោះការិយាល័យចំនួន២៦០នៅទូទាំងប្រទេសកម្ពុជា ក៏បានរៀបចំពិធី អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ចំពោះធនាគារអេស៊ីលីដា បានប្រកាន់យកថ្ងៃសៅរ៍ ដែលជាថ្ងៃឈប់ សម្រាកផង ធនាគារអេស៊ីលីដា បានប្រារព្ធរៀបចំពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ នៅគ្រប់ទូទាំងប្រទេសដែលមានជាង២៦០ការិយាល័យ ​ រួមនិងបុគ្គលិក មានចំនួន១ម៉ឺន២ពាន់នាក់។

លោកបន្តថា “ពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ជាឆ្នាំដែលសុខសន្តិភាព ឆ្នាំដែលមានការអភិវឌ្ឍ និងជាឆ្នាំដែលមានការរីកចម្រើន ជាពិសេសការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា មានការរីកម្រើនគួរឲ្យកត់សម្គាល់នៅក្នុងឆ្នាំ២០១៨ ហើយនៅក្នុងឆ្នាំនេះក៏មានមូលដ្ឋានធំក្នុងការរីកលូតលាស់រីកចម្រើនហ្នឹង គឺយើងរួមគ្នាយកឱកាសដែលកំពុងមាន សុខសន្តិភាព មានការអភិឌ្ឍ មានការរីកចម្រើន មានស្ថេរភាពទាំងសេដ្ឋកិច្ចនិងសង្គមកិច្ចហ្នឹង រួមដៃគ្នាសហប្រតិបត្តិការ កសាងជីវភាពគ្រួសាររបស់ខ្លួនឯង ក៏ដូចជាជីវភាព ដែលជាគ្រឹះនៃសេដ្ឋកិច្ចជាតិទាំងមូល ដើម្បីឲ្យរីកចម្រើនលូតលាស់ប្រកបដោយចីរភាព”។

លោកបន្ថែមទៀតថា ធនាគារអេស៊ីលីដា ប្រារព្ធពិធីនេះ ក្រៅពីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដូចជាការបួងសួងសុំសេចក្ដីសុខ សេចក្ដីរីកចម្រើន និងសុំឲ្យមានការអភិវឌ្ឍ រីកលូតលាស់ខ្ពស់ ដែលជាមូលដ្ឋានរួមដើម្បីធ្វើឲ្យធនាគារអេស៊ីលីដា អាចមានការរីកលូតលាស់និងមានការរីកចម្រើនខ្លាំងជាងឆ្នាំមុនៗទៅទៀត។​

លោក​បណ្ឌិត អ៊ិន ចាន់នី បញ្ជាក់ថា “បីខែដំបូងនៃឆ្នាំ២០១៩នេះ មានការរីកចម្រើនខ្លាំងជាងឆ្នាំ២០១៨។ ប៉ុន្តែកាលពីពាក់កណ្ដាលនៃឆ្នាំ ២០១៨ មិនសូវរីកលូតលាស់ទេ ប៉ុន្តែឆ្នាំនេះចាប់ពីខែ១ ខែ២ ខែ៣ទៅ មានការរីកសម្រើនខ្លាំង ទាំងការរីកចម្រើន​ទាំងផ្នែកសេវាទូទៅ និងទាំងគុណភាពទ្រព្យសកម្ម ល្អជាងឆ្នាំមុនឆ្ងាយ”។

ក្នុងឱកាសនោះដែរ ធនាគារអេស៊ីលីដា ក៏បាន​អញ្ជើញ​អតិថិជន​ក៏ដូចជា​អាជ្ញាធរ​ គ្រប់​ជាន់ថ្នាក់​ចូលរួម​ដើម្បី​ប្រសិទ្ធ​ពរជ័យ​ឆ្នាំ​ថ្មី ​ជាមួយ​សមាជិក​មហា​គ្រួសារ​អេស៊ីលីដា​នៅតាម​បណ្ដា​ការិយាល័យ​សាខា​នីមួយៗ​ ដោយមាន​កម្មវិធី​កំសាន្ត​សប្បាយ ការ​រាំ​កំសាន្ត​ចង្វាក់​ប្រពៃណី និង​ល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា លាក់កន្សែង ចោល​ឈូង ទាញព្រ័ត្រ និង​បោះអង្គញ់​ជាដើម​។

សូមរំលឹកថា ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ​ជា​រៀងរាល់ឆ្នាំ​តែងតែ​រៀបចំ​កម្មវិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ​​ដោយមាន​ការចូលរួម​ពី​សំណាក់​កម្មករនិយោជិត​គ្រប់លំដាប់​គ្រប់​នាទី​និង​ក្រុមគ្រួសារ​ក្នុង​គោលបំណង​ ដើម្បី​ជួបជុំគ្នា​សប្បាយរីករាយ​រឹតចំណង​សាមគ្គីភាព ​ក្នុង​ទំនាក់ទំនង​ការងារ​និង​ជាការ​លើកទឹកចិត្ត​ដល់​គ្រប់​កម្មករនិយោជិត​ដែល​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​និង​បញ្ញា​ស្មារតី​បំពេញការងារ​តាម​តួនាទី​របស់ខ្លួន ប្រកបដោយ​ជោគជ័យ​និង​រីកចម្រើន​ជា​បន្តបន្ទាប់​៕

Related Posts