សហគ្រិន

ស្ថាបនិក Asarar.com៖ អ្នកដឹកនាំ ត្រូវចេះ លើកទឹកចិត្ត ខ្លួនឯង

ភ្នំពេញ៖ លោក ងួន ប៊ុននិត ស្ថាបនិក Asarar.com បានលើកឡើងថា តួនាទីមួយរបស់អ្នកដឹកនាំ គឺត្រូវចេះលើកទឹកចិត្តគេ ប៉ុន្តែនៅពេលខ្លួន ជួបបញ្ហាដែរ តើត្រូវធ្វើដូចម្តេច ? អ្នកដឹកនាំត្រូវចេះលើកទឹកចិត្តខ្លួនឯង ព្រោះថា ពាក្យថាអ្នកដឹកនាំ គឺអ្នកនាំគេ ទៅរកជោគជ័យ និងជាអ្នក ដែលគេពឹងពាក់លើខ្លួន ។ 

លោកបន្តថា បើត្រូវការអ្នកផ្សេងលើកទឹកចិត្ត មានន័យថា ខ្លួនពឹកពាក់លើគេ ជោគជ័យ ឬបរាជ័យ គឺអាស្រ័យលើគេ អាស្រ័យលើការលើកទឹកចិត្តរបស់គេ ។ លើសពីនេះទៅទៀត ជួនកាលអ្នកផ្សេង មិត្តភក្តិ រួមទាំងក្រុមគ្រួសារយើង មិនដឹងពីវិធីសាស្ត្រលើកទឹកចិត្តយើងឡើយ ព្រោះគេមិនយល់ពីយើងកំពុងធ្វើអ្វីទេ ប៉ុន្តែបើគេយល់ ក៏ពួកគេអាចជួយលើកទឹកចិត្តយើងតែមួយរយៈពេលខ្ចីប៉ុណ្ណោះ  គេរវល់ការងារគេដែរ ។
 
លោកបញ្ជាក់ថា “ដូច្នេះ អ្នកដឹកនាំ ត្រូវចេះលើកទឹកចិត្តខ្លួនឯង ! ខ្ញុំលើកទឹកចិត្តខ្ញុំ !”។

លោក ងួន ប៊ុននិត ស្ថាបនិក Asarar.com បន្ថែមថា ខាងក្រោមនេះ ជាវិធីសាស្ត្រលើកទឹកចិត្តខ្លួនឯង មួយចំនួន ៖
១.  ត្រូវជឿថា យើងអាចលើកទឹកចិត្តខ្លួនឯងបាន
 បើយើងមិនជឿថា យើងអាចលើកទឹកចិត្តខ្លួនបានផង នោះយើងនឹងមិនអាចលើទឹកចិត្តខ្លួនឯងបានឡើយ ព្រោះ គ្មាននរណាអាចធ្វើអ្វីមួយបាន ដោយខ្លួនឯងមិនជឿវានោះទេ ។ ត្រូវជឿថា ខ្ញុំអាចលើកទឹកចិត្តខ្ញុំបាន ។

២.  រីករាយនឹងអ្វីដែលខ្លួនកំពុងមាន
 មនុស្សមួយចំនួន រវល់ខ្វល់នឹងអ្វីដែលខ្លួនចង់បាន ធ្វើឲ្យខ្លួនបាក់ទឹកចិត្ត ព្រោះមិនទទួលបានអ្វីនោះតាមបំណង់ ហើយភ្លេចរីករាយនឹងអ្វីដែលខ្លួនមាន ។ ការគិតទៅលើអ្វីដែលខ្លួនកំពុងមាន គិតលើអ្វីដែលខ្លួនសម្រេចបាន នឹងធ្វើឲ្យយើងមានកំលាំងចិត្តបន្តដំណើរទៅមុខទៀត ទៅកាន់គោលដៅរបស់ខ្លួនបានកំណត់ ។

៣.  ចេះអប់អរសាទរខ្លួនឯង នៅពេលធ្វើសម្រេចរឿងអ្វីមួយ ទោះរឿងនោះតូចក៏ដោយ
 រាល់ការដើរបានមួយជំហានៗ ឬធ្វើសម្រេចបានអ្វីមួយ ទោះរឿងនោះតូចក្តី ត្រូវចេះអប់អរសាទរ ឬចេះសរសើរខ្លួនឯងជានិច្ច ។

៤.  ស្វែងរកចំណុចខ្លាំងរបស់ខ្លួនដែលខុសពីគេ ហើយមានមោទនភាពចំពោះខ្លួនឯង
 មនុស្សម្នាក់ៗ តែងតែមានចំណុចពិសេសរបស់ខ្លួន ដែលអ្នកផ្សេងធ្វើមិនដូច ។ យើងត្រូវរកវាឲ្យឃើញ និងមានមោទនភាពចំពោះវាជានិច្ច ។ ពិសេសត្រូវចេះច្នៃចំណុចខ្លាំងរបស់ខ្លួន ឲ្យចេញជាប្រយោជន៍បានច្រើនតាមដែលអាចធ្វើទៅបាន ។

៥.  ទន្ទេញពាក្យទាំងនេះ ៖
 ខ្ញុំអាចធ្វើបាន
 ខ្ញុំមានចំណុចខ្លាំងខុសពីគេ
 អរគុណដែលខ្ញុំមាន ……… (និយាយអ្វីដែលខ្លួនកំពុងមាន ប្រាប់ខ្លួនឯងឲ្យបានច្រើន) ៕


ដោយ ងួន ប៊ុននិត
Asarar.com
by Idea Plus Co., Ltd.

Related Posts