ក្រុមហ៊ុន ព័ត៌មានថ្មីៗ

ធនាគារ ប្រេដ ប៊ែង ខេមបូឌា បើកដំណើរការសាខាថ្មី នៅខេត្តបាត់ដំបង

ភ្នំពេញ៖​ ដើម្បីបម្រើទីផ្សារកម្ពុជា ឱ្យបានកាន់តែប្រសើរជាងមុនទៀត ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានបើកសម្ពោធសាខា បាត់ដំបងរបស់ខ្លួន ដែលជាសាខាទី៥ ក្រោមវត្តមាន លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិ​ នៃកម្ពុជា លោក Guillaume Perdon អគ្គនាយកនៃ ធនាគារ ប្រេដ ប៊ែង ខេមបូឌា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលេខ១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

គួររំលឹកថា ការបើកដំណើរការសាខាថ្មីនៅខេត្តបាត់ដំបង របស់ធនាគារ ប្រេដ ប៊ែង ខេមបូឌានេះ គឺបន្ទាប់ពី បើកដំណើរការ ការិយាល័យកណ្តាល របស់ខ្លួន កាលពីខែមីនា ឆ្នាំ២០១៧ សាខាទួលគោក នៅខែសីហា ឆ្នាំ២០១៨ សាខាខេត្តសៀមរាប នៅខែតុលា ឆ្នាំ២០១៨ និងសាខា ម៉ៅសេទុង នៅខែមករា ឆ្នាំ២០១៩។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានចាក់គ្រឹះដ៏រឹងមាំ នៅក្នុងវិស័យ ធនាគារនៅកម្ពុជា និងរក្សាបាននូវការរីកចម្រើន ទៅមុខជាលំដាប់។ ការបន្ថែមទីតាំងថ្មីទាំងនេះគឺ ជាមធ្យោបាយ មួយបន្ថែមទៀត ដើម្បីបម្រើទីផ្សារកម្ពុជា ឱ្យបានកាន់តែប្រសើរជាងមុនទៀត។

ក្នុងឱកាសបើកដំណើរការ សាខាថ្មីខេត្តបាត់ដំបង របស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា លោក Guillaume Perdon អគ្គនាយកនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា មានប្រសាសន៍ថា “គោលបំណងរបស់យើងគឺការបំបាត់នូវគម្លាត និងផ្តល់ជូនប្រជាជនកម្ពុជា នូវដៃគូទំនាក់ទំនងដែលអាចទុកចិត្តបាន និងដែលអាចពិភាក្សាដោយសេរីជាមួយបានពីគម្រោង និងមហិច្ឆតារបស់ពួកគាត់។ អ្វីដែលសំខាន់សម្រាប់យើង គឺធ្វើយ៉ាងណាដើម្បីឲ្យយើងអាចបម្រើលោកអ្នក និងជួយលោកអ្នកឱ្យរីកចម្រើនបាន។ ចាប់ផ្តើមជាមួយ ប្រេដ រីកចម្រើនជាមួយ ប្រេដ”។

ជាមួយគ្នានោះដែរ នាយិកាគ្រប់គ្រងបណ្តាញសាខា នៃធនាគារ ប្រេដ ប៊ែង ខេមបូឌា លោកស្រី មាសគន្ធា បានកត់សម្គាល់ឃើញថា ការបើកទីតាំងជាច្រើននៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តសំខាន់ៗ ផ្តល់ឱកាសឱ្យយើងក្នុងការពង្រីកវិសាលភាព នៅក្នុងប្រទេស និងពង្រីកសេវាកម្ម សម្រាប់អតិថិជនរបស់យើងនាពេលបច្ចុប្បន្ននិង អនាគត។

លោកស្រីបញ្ជាក់ថា “ការបើកបណ្តាញនេះគឺជាបំណែកដ៏សំខាន់ ក្នុងការផ្តល់ សេវាកម្មធនាគារដ៏ពេញលេញមួយ។ បន្ថែមពីលើកម្មវិធីធនាគារចល័ត (Mobile App)និងប្រព័ន្ធ ផ្តល់សេវាធនាគារតាមអ៊ីនធើណែត ទីតាំងថ្មីៗរបស់យើងជួយយើងក្នុងការ នាំយកសេវាកម្មធនាគារកាន់តែកៀកទៅនឹង អតិថិជនរបស់យើង។ អាទិភាពរបស់ យើងគឺ បំពេញតម្រូវការ ផ្នែកធនាគារ និងការផ្តល់ប្រាក់កម្ចី តាមរយៈបណ្ដាញ ដែលមានទាំងអស់”។

នាយកប្រតិបត្តិ ក្រុមធនាគារ ប្រេដ គ្រុប លោក Olivier Klein ក៏បានឲ្យដឹងដែរថា ក្រុមធនាគារ ប្រេដ គ្រុប (BRED Group) បានដាក់យុទ្ធសាស្រ្ត “ធនាគារគ្មានរយៈចម្ងាយ” ចាប់តាំងពីឆ្នាំ២០១៦ តាមរយៈការដាក់ឲ្យប្រើប្រាស់នូវ “ធនាគារមួយដែលនៅជិតអតិថិជនរបស់ខ្លួន ទាំងទីតាំងភូមិសាស្ដ្រ ក៏ដូចជាទំនាក់ទំនង ធ្វើយ៉ាងណាឲ្យទទួលបាន នូវអ្វីដែលល្អបំផុតតាម ដែលការខិតជិតផ្នែកឌីជីថល និងបណ្តាសាខាអាចផ្តល់ទៅបាន”។

ធនាគារ ប្រេដ ប៊ែង ខេមបូឌា គ្រោងនឹងបើកបណ្តាញសាខាថ្មីៗ ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាពេលឆាប់ៗខាងមុខនេះ ដូចជានៅចោមចៅ នៅខែមិថុនា នៅម្តុំផ្សារអូឡាំពិក នៅខែកញ្ញា និងនៅផ្លូវ ២៧១ ក្រុងភ្នំពេញ ឬនៅក្រុងព្រះសីហនុ នៅចុងឆ្នាំ ២០១៩។ ទិសដៅរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា គឺបើកសាខាចំនួន២០ និងដាក់ឲ្យដំណើរការ ទូអេធីអឹម ចំនួន១០០ នៅចុងឆ្នាំ ២០២០ ខាងមុខនេះ។ ក្រុមការងារប្រកបដោយបទពិសោធន៍ នៃធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងធានាផ្តល់ជូនអតិថិជន នូវជំនួយហិរញ្ញវត្ថុ និងប្រឹក្សាយោបល់ដ៏ល្អបំផុត សមស្របទៅតាមតម្រូវការរបស់ពួកគាត់។

សូមជម្រាបថា ធនាគារ ប្រេដ ប៊ែង ខេមបូឌា ត្រូវបានកាន់កាប់ 100% ដោយធនាគារ BRED Banque Populaire ដែលមានសមាជិក សហប្រតិបត្តិការចំនួន 180 000 នាក់ មូលធនចំនួន 4.1 ប៊ីលានអឺរ៉ូ និងបុគ្គលិកចំនួន 5 500 នាក់ ហើយនៅក្នុងនោះ 25% នៃបុគ្គលិកបម្រើការនៅបរទេស និងនៅសហគមន៍ក្រៅប្រទេសរបស់ ប្រទេសបារាំង៕

Related Posts