ព័ត៌មានថ្មីៗ

ក្រុមហ៊ុន​បុ​រី​ធំៗ​ជាច្រើន ​កំពុង​ចាប់អារម្មណ៍​​ វិនិយោគ​នៅ​តំបន់​ជុំវិញ​​ រមណីយដ្ឋាន​ភ្នំ​ប្រសិ​ទ្ឋ​

ភ្នំពេញ​៖​ ​ក្រុមហ៊ុន​វិនិយោគ​បុ​រី​ធំៗ​ក្នុង​ស្រុក​ ​បាន​និង​កំពុង​សម្លឹង​ ឆ្ពោះទៅ​វិនិយោគ​លំនៅ​ដ្ឋាន​ នៅ​តំបន់​ភ្នំ​ប្រសិ​ទ្ឋ​ ​និង​តំបន់​ជុំវិញ​នោះ​ ​ដោយសារ​ការ​រីកចម្រើន ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​និង​កំណើន​ប្រជាពលរដ្ឋ​។​

​អគ្គនាយក​បុរី​វិមាន​ភ្នំពេញ​ ​លោក​ឧកញ៉ា​ ​លី​ ​ហួរ​ ​បាន​មានប្រសាសន៍​ ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ​លោក​បាន​និង​កំពុង​រៀបចំ​ គំរោង​វិនិយោគ​ នៅ​តំបន់​ភ្នំ​ប្រសិ​ទ្ឋ​ ​និង​តំបន់​ជុំវិញ​នោះ​រួចហើយ​ ​ដោយ​គំរោង​នេះ​នឹង​ចាប់ផ្តើម​ នៅ​រយៈពេល​ពីរ​ ​ឬ​បី​ឆ្នាំខាងមុខ​នេះ​។​ លោក​បន្ត​ថា​ ​យើង​មាន​ដី​រួចហើយ ​សំរាប់​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​ ​ហេតុនេះ​គំរោង​នេះ​នឹង​ចាប់ផ្តើម​នៅ​មិនយូរ​នោះ​ទេ​។​ ​

​លោក​បន្ត​ថា​ ​“​ជាមួយនឹង​ការ​រីកចម្រើន​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ ​និង​តំបន់​ជុំវិញ​នោះ​ ​ការ​វិនិយោគ​បុរី​លំនៅ​ដ្ឋាន​នានា​ នឹង​កើនឡើង​ខ្ពស់ ​នៅ​តំបន់​ភ្នំ​ប្រសិ​ទ្ឋ​ ​និង​តំបន់​ជុំវិញ​នោះ​”​។​

​ទោះជាយ៉ាងណា ​លោក​ឧកញ៉ា​ ​មិនទាន់​បញ្ជាក់​ ពី​ទំហំ​ទូ​នវិ​និ​យោគ​ ​និង​ទំហំ​គំរោង​នោះ​នៅឡើយ​ទេ​។​

​តំបន់​ភ្នំ​ប្រសិ​ទ្ឋ​ ​និង​តំបន់​ជុំវិញ​នោះ​ ​កំពុង​ទទួលការ​ចាប់អារម្មណ៍ ​ពី​អ្នក​វិនិយោគ​ជាច្រើន​ហើយ​ ​ដោយ​បច្ចុប្បន្ន​ មាន​គំរោង​លំនៅ​ដ្ឋាន ​ផ្ទះល្វែង​ជាច្រើន​ ​បាន​និង​កំពុង​ចាប់ផ្តើម​សាងសង់​។​ជាមួយគ្នា​នេះ​ ​មាន​បុ​រី​ធំៗ​ជាច្រើន​ទៀត​ ​បាន​និង​កំពុង​រៀបចំខ្លួន​ឆ្ពោះ ទៅ​តំបន់​ភ្នំ​ប្រសិ​ទ្ឋ​ ​និង​តំបន់​ជំ​វិញ​នោះ​ ​ដោយសារ​ការ​សាយភាយ​ នៃ​ការ​រីកចម្រើន​ ​ចេញពី​ទីក្រុង​ ​ពិសេស​តម្លៃ​ដី​ នៅក្នុង​ទីក្រុង​មា​នកំនើន​ខ្ពស់​ ​ដែល​ពិបាក​ក្នុង​ការ​ យក​មក​សាងសង់​ លំនៅ​ដ្ឋាន​សំរាប់​លក់​។​

​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​ សមាគម​អ្នកជំនាញ ​អចលនទ្រព្យ​កម្ពុជា​ ​លោ​ក​ យិន​ ​លាង​គង់​ បាន​មានប្រសាសន៍​ថា​ ​នា​ពេល​អ​នាគ​ត​ឆាប់​ៗ​ ខាងមុខនេះ​ ​តំបន់​ភ្នំ​ប្រសិ​ទ្ឋ​ និង​តំបន់​ជុំវិញ​នោះ​ នឹង​មានការ​រីកចម្រើន​លឿន​ ​ដោយសារ​តំបន់​នេះ ​មាន​ទីតាំង​កៀក​នឹង​តំបន់​ ពាណិជ្ជកម្ម​របស់​ក្រុង​ ​ដោយ​គេ​ចំណាយពេល ​ត្រឹម១៥នាទី​ប៉ុណ្ណោះ ​អាច​ធ្វើដំណើរ​មកដល់​ផ្សារ​ទំនើប​ ​EAON​ ​MALL2​ ​និង​ផ្សារ​ទំនើប​នានា ​នៅ​តំបន់​នេះ​។​ ​លោក​បន្ត​ថា​ ​ការ​រីកចម្រើន​នៃ​ទីក្រុង​ ​ធ្វើឲ្យ​ប្រជាជន​មាន​អារម្មណ៍ ​ស្មុគស្មាញ​ច្រើន​ ​ហេតុនេះ​ប្រជាជន​ត្រូវការ​រក​ទីតាំង​ស្ងប់ស្ងាត់​ ​មាន​ទេសភាព​ស្អាត​ ​និង​ខ្យល់អាកាស​បរិសុទ្ឋ​ ​ហេតុនេះ​តំបន់ ​រមណីយដ្ឋាន​ភ្នំ​ប្រសិ​ទ្ឋ​ ​និង​ភ្នំ​រាប​ ​ជា​កន្លែង​ស័ក្តិសម​បំផុត​។​

​លោក​បន្ត​ថា​ ​“​តំបន់​នេះ​នឹង​មាន ការ​រីកចម្រើន​លឿន​ ​ដោយសារ​មាន​សណ្ឋានដី​ល្អ​ប្រសើរ​ ​មាន​លក្ខខ័ណ្ឌ​អាកាសធាតុ ​អំណោយផល​ ​និង​ទីតាំងនៅ​កៀក ​នឹង​ទីក្រុង​ ​ព្រមទាំង​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ខ្វាត់ខ្វែង​ ​តភ្ជាប់​ទៅកាន់​បណ្តា​ផ្លូវជាតិ​ សំ​ខាន់​ៗដទៃទៀត​”​។​លោក​បន្ត​ថា​ ​“​ខ្ញុំ​ជឿ​ថា​រយៈពេល ៣ទៅ៥ឆ្នាំខាងមុខ​ ​តំបន់​ភ្នំ​ប្រសិ​ទ្ឋ ​និង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ ​នឹង​មានការ​រីកចម្រើន​លឿន​ ​ហើយ​ឥទ្ឋិ​ពល​ នៃ​ការ​រីកចម្រើន​នេះ​ ​នឹង​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​ ​តភ្ជាប់​ជាមួយ​ទី​រួម​ស្រុក​ឧ​ត្តុ​ង ​ជា​ស្វ័យប្រវត្តិ​”​៕​
ប្រភព៖ propertyarea.asia

Related Posts