ព័ត៌មានថ្មីៗ

ក្រុមហ៊ុន អភិវឌ្ឍអចលនទ្រព្យក្នុងស្រុកដ៏ល្បីមួយ ធ្វេីឲ្យកក្រើកក្នុងកម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជា ដោយឈ្នះពានរង្វាន់ ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេ ៤ឆ្នាំជាប់ៗគ្នា

កាលពីរាត្រីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាន នាប្រទេសសឹង្ហបុរី បានរៀបចំកម្មវិធីពានរង្វាន់ អចលនទ្រព្យប្រចាំកម្ពុជា ឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៍ធំបំផុត សម្រាប់វិស័យអចលនទ្រព្យ បានប្រារព្ធឡើងជាលើកទី៤ នៅក្នុងប្រទេសកម្ពុជាក្រោមអធិបតីភាព លោកបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអ្នកចូលរួមពី ក្រុមហ៊ុនអចលនទ្រព្យល្បីៗ ផ្សេងៗទៀត។

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាអ្នកឈ្នះពានរង្វាន់ “ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេនៅកម្ពុជា” ៣ឆ្នាំជាប់ៗកន្លងមកហើយនោះ នៅតែបន្តភាពខ្លាំងរបស់ខ្លួន សម្រាប់ក្នុងឆ្នាំទី៤នេះ ក្រុមហ៊ុន នៅតែរក្សាបាននូវពានរង្វាន់ធំជាងគេ “ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ” ៤ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ រហូតដល់ទៅ៧ ពានបន្ថែមទៀតច្រើនជាងគេក្នុងកម្មវិធី។

លោកឧកញ៉ា ថៃ ម៉េងលី ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា ពានរង្វាន់ទាំងអស់នេះ ជាសមទ្ធិផល កើតចេញពីការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ និងជាពិសេសទៀតនោះ ក៏សូមអរគុណអតិថិជន ដែលតែងតែគាំទ្រ ជារៀងរហូតមក។

ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាក្រុមហ៊ុនមួយដែលបានរួមចំណែក ក្នុងការអភិវឌ្ឍវិស័យសំណង់ លំនៅឋាននៅកម្ពុជា មានការរីកចម្រើន មានការអភិវឌ្ឍទាំង គុណភាពសំណង់ និង ការច្នៃប្រឌិតខ្ពស់ ក្នុងការផ្តល់នូវភាពឥតខ្ចោះ និងផាសុកភាពដល់ការ រស់នៅរបស់អតិថិជន ព្រមទាំងជាក្រុមហ៊ុនមួយដែលគិតគូរ​ ពីបរិស្ថានធម្មជាតិពណ៌បៃតង ៕

Related Posts