ក្រុមហ៊ុន ព័ត៌មានថ្មីៗ អចលនទ្រព្យ

ប្រធាន CREA អំពាវនាវ ឲ្យស្ថាប័នពាក់ព័ន្ធផ្នែកអន្តរាគមន៍ ពន្លត់អគ្គីភ័យ បង្កើនប្រសិទ្ធភាព និងធ្វើទំនើបកម្ម ស្របពេលដែលកម្ពុជា កំពុងរីកស្គុះស្គាយ នូវអគារខ្ពស់ៗ

ភ្នំពេញ៖ តាមរយៈការមើលឃើញ នៅសន្ទុះនៃការអភិវឌ្ឍន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងមានការងើបឡើងយ៉ាងឆាប់រហ័ស ពោពេញដោយអគារលំនៅឋាន ការិយាល័យ និងផ្សារទំនើបខ្ពស់ៗ កំពុងបណ្តែតខ្លួនយ៉ាងច្រើនកុះករ នាពេលបច្ចុប្បន្ននេះ លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញ អចលទ្រព្យកម្ពុជា (CREA) ទទូចសុំឲ្យស្ថាប័ន្ធពាក់ព័ន្ធ ផ្នែកអន្តរគមន៍ពន្លត់អគ្គីភ័យ បង្កើនប្រសិទ្ធភាពរបស់ខ្លួន ជាពិសេសគួរតែមានការធ្វើទំនើបកម្ម ក្នុងការត្រៀមខ្លួន ជួយអន្តរគមន៍ ឲ្យកាន់តែប្រសើរជាងនេះ ខណៈប៉ុន្មានឆ្នាំទៀត អគារខ្ពស់ៗជាច្រើន ត្រូវបានសាងសង់រួចរាល់ ដែលជាពេលបន្ថែមការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍អាក្រក់ណា​មួយកើតឡើង ។

ក្រោយពីលោក ឃាង ពុទ្ធី ព្រមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមអ្នកជំនាញ អចលទ្រព្យកម្ពុជា (CREA) បានធ្វើទស្សនកិច្ច និងកម្មសិក្សា ពីបរទេសបញ្ចប់ទៅ លោក បានធ្វើការអំពាវនាវ ឲ្យស្ថាប័នពាក់ព័ន្ធផ្នែកអន្តរាគមន៍ ពន្លត់អគ្គីភ័យ គួរតែត្រូវធ្វើទំនើបកម្ម មានន័យថា នាំយកនូវគ្រឿងបរិក្ខាសម្រាប់អន្តរាគមន៍ ពន្លត់អគ្គីភ័យទំនើបៗ ដូចជាឡានបាញ់ទឹក គួរតែបានឆ្ងាយជាងមុន និងមានជណ្តើរខ្ពស់ជាងមុន ដើម្បីការពារហានិភ័យណាមួយ ដែលអាចកើតមានឡើង ស្របពេលដែល ប្រទេសកម្ពុជា កំពុងតែមានការអភិវឌ្ឍន៍ខ្លាំងក្លា ។

លោក ឃាង ពុទ្ធី បានលើកឡើងថា “ប្រទេសកម្ពុជា បច្ចុប្បន្ននេះ អគារខ្ពស់ៗមានច្រើន ដូច្នេះហើយនៅឆ្នាំក្រោយនេះ មានអគារមួយចំនួន ត្រូវបានបញ្ចប់ការសាងសង់ ដែលនេះជាហេតុ ត្រូវឲ្យយើងមានការការពារកាន់តែខ្ពស់” ។

លោកបានបន្ថែមថា បើទោះបីជាម្ចាស់អគារខ្ពស់ៗទាំងនោះ ច្បាស់ណាស់បានរៀបចំ នូវប្រព័ន្ធសុវត្ថិភាពផ្ទាល់ខ្លួន សម្រាប់បង្កា នូវគ្រោះអគ្គីភ័យក៏ដោយ តែក្រុមអន្តរាគមន៍ពន្លត់អគ្គីភ័យ ក៏គួរតែត្រៀមលក្ខណៈ សម្រាប់បង្ការការពារផ្នែកខាងក្រៅបន្ថែម៕

Related Posts