ព័ត៌មានថ្មីៗ

ពលរដ្ឋជាង ៣០០គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន ជួយជំរុញឲ្យម្ចាស់បុរីកាំងម៉េង បំបែកក្បាលដីជូនពួកគាត់ ដើម្បីធ្វើប្លង់រឹង

ភ្នំពេញ៖ បន្ទាប់ពីកើតទុក្ខមិនសុខចិត្ត ដោយសារតែម្ចាស់បុរីកាំងម៉េង ដែលមានទីតាំងនៅក្នុងឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ មិនព្រមបំបែកក្បាលដីឲ្យពួកគាត់ដើម្បីធ្វើប្លង់រឹង ប្រជាពលរដ្ឋប្រមាណជាង ៣០០គ្រួសារ បានស្នើសុំកិច្ចអន្តរាគមន៍ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួយរកយុត្តិធម៌ ជាពិសេសជួយជំរុញឲ្យម្ចាស់បុរីកាំងម៉េង បំបែកក្បាល់ដី ធ្វើប្លង់រឹងជាលក្ខណៈប្រព័ន្ធ ។

អ្នកស្រី កែវ បូនី អតីតមន្ត្រីរាជការចូលនិវត្តន៍ និងជាតំណាងឲ្យប្រជាពលរដ្ឋជាង ៣០០គ្រួសារ បានប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីជួបជុំ នាព្រឹកថ្ងៃទី២៣ មិថុនានេះថា អ្នកស្រី និងពលរដ្ឋជាង ៣០០គ្រួសារទៀត បានមកទិញដីក្នុងបុរីកាំងម៉េង តាំងពីឆ្នាំ២០០៧ ហើយរហូតមកដល់បច្ចុប្បន្ននេះ ពួកគាត់ទាំងអស់គ្នា បានកម្មសិទ្ធិតែនៅក្នុងក្រដាសទេ មាន ៨០% មិនទាន់បានឃើញដីនៅឡើយ ដោយម្ចាស់បុរីមិនទាន់បាន បោះបង្គោលដាក់ឈ្មោះលេខឡូដ៍ ឲ្យពួកគាត់ស្គាល់ទេ ។ អ្នកស្រីថា ពួកគាត់រងគ្រោះជាង ១០ឆ្នាំមកហើយ ហើយដីនេះគឺពួកគាត់ បានទិញស្របច្បាប់ ។

អ្នកស្រី កែវ បូនី បញ្ជាក់ថា “ខ្ញុំសូមគោរពទៅសម្ដេចតេជោ ហ៊ុន សែន ឲ្យសម្ដេចជួយរកយុត្តិធម៌ ជាអតិថិជន ដើម្បីឲ្យសម្ដេច និងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែន ជួយបំបែកក្បាលដី ទៅតាមឈ្មោះអតិថិជននីមួយៗ ឲ្យបានកាន់ជាកម្មសិទ្ធិ ប្លង់រឹង”  ។

ជាមួយគ្នាបោះដែរលោក ជា សុខា តំណាងប្រជាពលរដ្ឋម្នាក់ទៀត បានថ្លែងថា ប្រជាពលរដ្ឋទទួលបានដី នៅក្នុងបុរីកាំងម៉េងនេះ តាមរយៈការទិញ លក់ ពីម្ចាស់បុរីកាំងម៉េង ។ ប្រជាពលរដ្ឋបានប្រគល់ ទទួលលុយគ្រប់ចំនួន រួចរាល់ជាង ១០ឆ្នាំមកហើយ និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ដោយមានការបញ្ជាក់ទទួលស្គាល់ ដឹងលឺពីអាជ្ញាធរ ឃុំ ស្រុក និងមេធាវី ក្នុងនោះដែរមានអ្នកខ្លះ បង់លុយគ្រប់ចំនួនហើយ បានទទួលតែកិច្ចសន្យាទិញ លក់ មានការទទួលស្គាល់ត្រឹមមេធាវីក្រុមហ៊ុនប៉ុណ្ណោះ ដោយពុំទាន់ទទួលបានលិខិត ផ្ទេរសិទ្ធិកាន់កាប់ដីធ្លីនៅឡើយ ។

លោកបន្ថែមថា ម្ចាស់បុរីកាំងម៉េង មិនបានបោះបង្គោលព្រំបែងចែក ក្បាលដីគ្រប់ចំនួនឡូតិ៍ បានទិញ លក់ ដែលបង្កឲ្យមានការរកទីតាំងដីមិនឃើញ ដីមិនគ្រប់ទំហំ និងមានដីខ្លះជាន់ប្លង់ឡូតិ៍គ្នា ។ ម្យ៉ាងវិញទៀត ម្ចាស់បុរី ពុំបានអភិវឌ្ឍន៍បុរី និងបំបែកក្បាលដី តាមការសន្យាជាមួយអាជ្ញាធររដ្ឋ និងប្រជាពលរដ្ឋម្ចាស់ដី ដើម្បីផ្ដល់លទ្ធភាព ឲ្យប្រជាពលរដ្ឋស្នើសុំ ធ្វើប្លង់រឹងស្របច្បាប់ ។

លោក ជា សុខា បានបញ្ជាក់ដែរថា “សូមគោរពសុំសម្ដេចតេជោ ហ៊ុន សែន មេត្តាអន្តរាគមន៍ជួយរក យុត្តិធម៌ឲ្យយើងខ្ញុំបានទទួល ការបំបែកក្បាលដី ធ្វើប្លង់រឹងជាលក្ខណៈប្រព័ន្ធ បានឆាប់រហ័ស ដើម្បីឲ្យយើងខ្ញុំសាងសង់ លំនៅដ្ឋានរស់នៅអចិន្ត្រៃយ៍សមរម្យ បង់ពន្ធជូនរដ្ឋ និងឆ្លើយតបការអភិវឌ្ឍរីកចម្រើន របស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ។ សូមគោរពសុំលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី ជួយអន្តរាគមន៍ទៅម្ចាស់បុរីកាំងម៉េង បំបែកក្បាលដី ឲ្យយើងខ្ញុំបានប្លង់រឹងជាលក្ខណៈប្រព័ន្ធ បានឆាប់រហ័ស” ៕

Related Posts