ក្រុមហ៊ុន ព័ត៌មានថ្មីៗ

ដឹងទេថា ក្រុមហ៊ុនហៅកង់បីតាម App នៅកម្ពុជា ណាខ្លះ ផ្ដល់សេវាធានារ៉ាប់រងគ្រោះថ្នាក់?

ក្រុមហ៊ុនផ្ដល់សេវាដឹកអ្នកដំណើរ តាមទូរសព្ទ ឬហៅថា កង់បីទំនើប រហូតដល់ទៅជាង ២០ក្រុមហ៊ុន កំពុងធ្វើប្រតិបត្តិការ នៅក្នុងទីក្រុងភ្នំពេញ។ ទន្ទឹមនឹងជម្រើសដ៏សម្បូរបែបនេះដែរ អ្នកដឹងទេថា តើមានក្រុមហ៊ុនណាខ្លះ ដែលផ្ដល់ជូនលក្ខខណ្ឌសុវត្ថិភាព ជូនអ្នកដំណើរ លើសេវាធានារ៉ាប់រង គ្រោះថ្នាក់ដល់អ្នកដំណើរ ?

“យើងគិតដល់រឿងសុវត្ថិភាពនេះ [ធានារ៉ាប់រងគ្រោះថ្នាក់] តាំងពីចាប់ផ្ដើមដំណើរការដំបូង ព្រោះគាត់ [ភ្ញៀវ] មានអារម្មណ៍កក់ក្ដៅបើមានសេវានេះ”។ នេះជាការបញ្ជាក់របស់លោក ឡេង វិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន WeGO។ លោកបន្តឲ្យដឹងដែរថា ក្រុមហ៊ុនរបស់លោកចង់ផ្ដោតលើ ការផ្ដល់គុណតម្លៃកាន់តែច្រើនដល់ភ្ញៀវ ពិសេសទំនុកចិត្តលើសុវត្ថិភាព ជាជាងការបញ្ចុះតម្លៃ។ ការធានារបស់ក្រុមហ៊ុនដដែលនេះ គឺបានទាំងអ្នកដំណើរ (២នាក់) និងអ្នកបើកបររាល់ពេលពួកគាត់ ប្រើសេវារបស់ WeGO តាមការកក់នៅលើ App។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនដឹកអ្នកដំណើរ ម៉ាឡេស៊ីមួយទៀតគឺ Grab ក៏កំពុងផ្ដល់ជូន នៅធានារ៉ាប់រងសុវត្ថិភាព សម្រាប់អ្នកដំណើររបស់ខ្លួនដូចគ្នា។ លក្ខខណ្ឌផ្ដល់ជូនរបស់ក្រុមហ៊ុន មានមូលដ្ឋាននៅសិង្ហបុរីនេះ គឺស្រដៀងគ្នា ទៅនឹងក្រុមហ៊ុន WeGO ដែរ នេះបើផ្អែកលើ “គោលការណ៍ធានារ៉ាប់រង ចំពោះគ្រោះថ្នាក់” ដែលលម្អិតនៅលើវិបសាយ www.grab.com.kh។

“ប្រទេសជាច្រើន នៅលើសកលលោក មានប្រព័ន្ធរ៉ាប់រងអ្នកដំណើរ ពិសេសប្រទេសជិតខាងកម្ពុជាតែម្តង។ អតិថិជនគឺជាស្ដេច និងជាប្រភពចំណូលរបស់ក្រុមហ៊ុន។ ដូច្នេះ ពេលមួយក្រុមហ៊ុន ចាប់ផ្ដើមគិតគូរសុវត្ថិភាពអតិថិជន គឺមានន័យស្មើនឹងការធានា នូវនិរន្តរភាពរបស់ក្រុមហ៊ុន ល្អយ៉ាងដូច្នេះដែរ”។ នេះបើ តាម សម្រង់សម្តីរបស់លោក គង់ រតនៈ អនុប្រធានវិទ្យាស្ថាន សុវត្ថិភាពចរាចរណ៍ផ្តល់ សម្ភាស ជាមួយសារព័ត៌មាន Sabay ចុះផ្សាយកាលពីថ្ងៃទី២ មីនា ឆ្នាំ ២០១៩។

ផ្ដើមចេញពីក្រុមហ៊ុនពីរខាងលើ មន្ត្រីជំនាញរូបនេះ ចង់ឃើញប្រតិបត្តិករផ្នែកដឹកជញ្ជូន កាន់តែច្រើន ជ្រើសរើសការប្រើប្រាស់ សេវាធានារ៉ាប់រងអ្នកដំណើរ បន្ថែមទៅលើការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍៕

Related Posts