ក្រុមហ៊ុន ព័ត៌មានថ្មីៗ យុទ្ធសាស្ត្រីផ្សារ

Davitra សហការជាមួយ ក្រុមហ៊ុនខ្មែរ មហាសំណាង បង្កើតយុទ្ធនាការ ប្រឹក្សាយោបល់ អាហារូបករណ៍ និងសិក្សាក្រៅប្រទេស ឥតគិតថ្លៃ តាមរយៈកាប្រគំតន្ត្រីទូទាំងប្រទេស

ភ្នំពេញ៖ ក្រុមហ៊ុន Davitra (Cambodia) Co., Ltd និងក្រុមហ៊ុនខ្មែរមហាសំណាង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ បានប្រកាស ភាពជាដៃគូសហការគ្នា ក្នុងការរៀបចំនូវកម្មវិធី ដែលមិនធ្លាប់មានពីមុនមក នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺយុទ្ធនាការ​ តន្ត្រីអាហារូបករណ៍មហាសំណាង ។

តាមការអះអាងរបស់ភាគីទាំងពីរ ក្នុងសន្និសីទ ស្តីពីយុទ្ធនាការ តន្ត្រីអាហារូបករណ៍ មហាសំណាង នាការិយាល័យកណ្តាល ក្រុមហ៊ុន Davitra (Cambodia) Co., Ltd បានបញ្ជាក់ថា ការប្រគំតន្ត្រីនេះ នឹងត្រូវរៀបចំឡើង នៅទូទាំង២៥ខេត្ត/ក្រុង នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបញ្ជៀបព័ត៌មាន ស្តីអំពីការប្រឹក្សាយោបល់ អាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេស ដោយមិនគិតថ្លៃ ជូនសិស្សានុសិស្ស ទូទាំងប្រទេស និងដើម្បីផ្តល់ភាពសប្បាយរីករាយ ជូនបងប្អូនប្រជាជនកម្ពុជា ។

គួរឲ្យដឹងថា ក្រុមហ៊ុន Davitra (Cambodia) Co., Ltd ជាក្រុមប្រឹក្សាយោបល់អាហារូបករណ៍ និងសិក្សាក្រៅប្រទេសតែមួយគត់ ដែលមានជំនាញ ប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍ពិតប្រាកដ ទៅសិក្សានៅក្រៅប្រទេស និងអ្នកប្រឹក្សាសុទ្ធតែធ្លាប់បាន​ ទៅសិក្សានៅសកលវិទ្យាល័យ លំដាប់កំពូលនានា លើពិភពលោក ។ ជាងនេះទៅទៀត ក្រុមហ៊ុនមួយនេះ បានចាប់ដៃគូរជាមួយក្រុមហ៊ុន ប្រឹក្សាយោបល់លំដាប់អន្តរជាតិ របស់ប្រទេសអូស្ត្រាលី Yes Education ដែលមានទីស្នាក់ការ នៅទីក្រុងស៊ីដនី និងជាដៃគូរបស់សកលវិទ្យាល័យ ជាង៣០០លើពិភពលោកផងដែរ ។

Yes Education មានសាខាធំៗចំនួន ៦សាខា ក្នុងប្រទេស និងទីក្រុងផ្សេងៗគ្នា បូករួមទាំង នៅសាខាក្រុងភ្នំពេញ ដែលបានសហការបង្កើតឡើង ជាមួយក្រុមហ៊ុន Davitra (Cambodia) Co., Ltd ។

ដោយមើលឃើញ នូវភាពរីកចម្រើន ក្នុងវិស័យអប់រំ របស់សិស្សនិស្សិតនៅកម្ពុជា ព្រមជាមួយសិស្សនិស្សិត បន្តការសិក្សានៅក្រៅប្រទេស ក៏មានចំនួនកើនឡើងយ៉ាងឆាប់រហ័សដែរនោះ លោក អ៊ឹម ច័ន្ទបូរ៉ាជាតិ សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Davitra (Cambodia) បានឲ្យដឹងថា “ដើម្បីធ្វើការសំរេចចិត្ត ឲ្យត្រឹមត្រូវ ពាក់ព័ន្ធនឹងការជ្រើសរើសមុខជំនាញ និងប្រទេស ដែលជាគោលដៅ សម្រាប់ធ្វើការសិក្សា ពង្រីកនូវឱកាស ក្នុងការទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេស ក្នុងក្តីស្រមៃ ត្រូវទាមទារអោយមាន ការប្រឹក្សាយោបល់ ពីអ្នកដែលមានជំនាញច្បាស់លាស់ ដែលធ្លាប់បានទៅសិក្សា នៅក្រៅប្រទេសពិតប្រាកដ ។ ដូច្នេះទើបក្រុមហ៊ុន Davitra Cambodia និងក្រុមហ៊ុនខ្មែរមហាសំណាង បានរួមគ្នា បង្កើតនូវយុទ្ធនាការ អាហារូបករណ៍មហាសំណាង ដើម្បីធ្វើការផ្សព្វផ្សាយ អោយសិស្សានុសិស្សកម្ពុជា បានយល់ដឹង និងត្រៀមខ្លួនជាស្រេច ក្នុងការចាប់យកឱកាស ទៅសិក្សានៅក្រៅប្រទេស ។

កញ្ញា ជិន និកា ប្រធានទំនាក់ទំនងសាធារណៈ ក្រុមហ៊ុនខ្មែរមហាសំណាង បានឲ្យដឹងដែរថា “ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំនៅកម្ពុជា អោយកាន់តែមានភាពទូលំទូលាយ និងរីកចម្រើនបន្ថែមទៀត ក្រុមហ៊ុន ខ្មែរមហាសំណាង សហការជាមួយក្រុមហ៊ុន Davitra Cambodia ផ្តួចផ្តើមគំនិតរួមគ្នា បង្កើតយុទ្ធនាការ ប្រឹក្សាពិគ្រោះយោបល់អាហារូបករណ៍ និងការសិក្សាក្រៅប្រទេស ឥតគិតថ្លៃ ជូនសិស្សនិស្សិត ចាប់ពីកំរិតវិទ្យាល័យ ដល់មហាវិទ្យាល័យ អំពីផែនការសិក្សាថ្នាក់អាហារូបករណ៍ អោយចំគោលដៅមុខជំនាញ ជាមួយចំណង់ចំណូលចិត្តពីធម្មជាតិ របស់សិស្សនិស្សិត ប្រកបដោយប្រសិទ្ធិភាព ជាមួយអ្នកជំនាញ ផ្តល់ប្រឹក្សាប្រកបដោយចំណេះ ជំនាញ វិជ្ជាជីវៈ និងមានបទពិសោធន៍ខ្ពស់”៕ ដោយ៖ ដារាត់

Related Posts