ព័ត៌មានថ្មីៗ សហគ្រិន

លោក ឃាង ពុទ្ឋី៖ ភាពលោភលន់ នាំមកនូវវិនាស អន្តរាយដល់ខ្លួន និងសង្គមជាតិ

ភ្នំពេញ៖បន្ទាប់ពីបែកធ្លាយរឿង សមត្ថកិច្ចចម្រុះបានចុះចាប់ខ្លួនអ្នកជំនួញ ដីឡូតិ៍ដ៏មួយចំនួន ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មានករណីឆបោក និងចេញសែកសងលុយប៉ុន្តែ ក្នុងសែកគ្មានលុយដល់ ជនរងគ្រោះជាច្រើននាក់ ដែលមានទំហំសាច់ប្រាក់ រាប់រយលានដុល្លារនោះ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ឋី បានលើកឡើងថា ភាពលោភលន់ នាំមកនូវសេចក្ដីវិនាសអន្តរាយដល់ខ្លួន ព្រមទាំងមានការប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើវិស័យអចលនទ្រព្យ។

នេះគឺជាមួយជ្រុងនៃការបរាជ័យក្នុងវិស័យ អចលនទ្រព្យនៅកម្ពុជាផងដែរ ដោយអង្កេតឃើញថា ក្រុមមនុស្សមួយចំនួន បានប្រើយុទ្ធសាស្ត្រទាក់ទាញ អ្នកធំៗ អ្នកមានអំណាច និង បណ្តាសារព័ត៌មាន ឲ្យស្គាល់ពីក្រុមហ៊ុនដីឡូតិ៍របស់ខ្លួន ដោយមិនខ្វល់ពីផលប៉ះពាល់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិអីនោះទេ កត្តាទាំងអស់នេះហើយដែលរាំងខ្ទប់ អ្នកវិនិយោគជាតិ-អន្តរជាតិ មកវិនិយោគនៅកម្ពុជា។ ក្រៅតែធ្វើការឃោសនាបោកបញ្ឆោតអ្នកវិនិយោគ វិស័យអចលនទ្រព្យ គេនៅប្រើវិធីសាស្រ្ត ជាច្រើនដើម្បីទទួលបាន ការចាប់អារម្មណ៍ ពីមហាជនក៏ដូចជា អ្នកវិនិយោគជាតិ-អន្តរជាតិ ក្នុងវិស័យអចលនទ្រព្យ ដូចជាប្រើវិធី ប្រូម៉ូហ្សិនទិញដីបញ្ចុះតម្លៃ និងបន្ថែមរង្វាន់ ផ្សេងៗ ដោយឲ្យអតិជនទទួល បានប្រាក់ចំណេញលើសពី ការរពឹងទុក ដោយមិនសមហេតុសមផល ។

លោក ឃាង ពុទ្ឋី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានឲ្យដឹងតាមរយៈបណ្ដាញសង្គម Telegram នៅថ្ងៃទី១៩ ខែកក្កដានេះថា “ក្នុងនាមជាសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា គឺសមាគមរបស់យើង ធ្វើតែសកម្មភាពទាំងឡាយណា ដែលជួយអភិវឌ្ឍន៍ ដល់វិស័យអចលន ទ្រព្យនៅប្រទេសកម្ពុជាមានដំណើរការល្អនិង មានការរីកចម្រើន ប្រកបដោយស្ថេរភាព”។

លោកបន្តថា ដោយមានម្ចាស់គម្រោងខ្លះ មិនសុំច្បាប់អនុញ្ញាតសាងសង់លក់គម្រោង ពីមន្រ្តីជំនាញពាក់ព័ន្ធឲ្យបានត្រឹមត្រូវទេ តែបែរជាយកលុយទៅទិញ រថយន្តទំនើបៗ មកដាក់តាំងបង្អួត នៅមុខគម្រោងទៅវិញ។

ប្រធានសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា រូបនេះបានរំលឹកផងដែរថា “សូមប្រជាពលរដ្ឋក៏ដូចជាវិនិយោគិនទាំងឡាយ អោយមានស្មារតីខ្ពស់ និងប្រុងប្រយ័ត្នពិនិត្យ ប័ណ្ណកម្មសិទ្ធ, ច្បាប់សាងសង់, និងច្បាប់ទម្លាប់ផ្សេងៗ មុននឹងធ្វើការសម្រេចចិត្តវិនិយោគទុន ដើម្បីចៀសវៀងហានីភ័យ និងការខាតបង់”៕

Related Posts