ព័ត៌មានថ្មីៗ

លោក ទៀ សុខា ដឹកនាំកិច្ចប្រជុំ លើកិច្ចការមួយចំនួន ជាមួយក្រុមកង់១៥៧ ដើម្បីត្រៀមជិះកង់ គៀងគរមូលនិធិ ជូនមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប

សៀមរាប៖ តាមការគ្រោងទុក លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ នឹងដឹកនាំក្រុមកង់១៥៧ ដើម្បីធ្វើការជិះកង់គៀងគរ មូលនិធិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក្នុងឱកាសអបអរខួប១១ឆ្នាំ នៃការបង្កើតចលនាយុវជន ក្រុម១៥៧ ដោយក្នុងនោះ លោក ទៀ សុខា បានដឹកនាំកិច្ចប្រជុំ ជាមួយសមាជិក ក្រុមកង់១៥៧ ណែនាំលើកិច្ចការមួយចំនួន ដើម្បីត្រៀមលក្ខណៈ ឲ្យកម្មវិធីដំណើរការល្អប្រសើរ ។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងនារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ ពោលមុននឹងព្រឹត្តិការណ៍ ប្រព្រឹត្តិទៅមួយថ្ងៃ នាសាលប្រជុំ នៃសណ្ឋាគារ Century ដឹកនាំដោយ លោក ទៀ សុខា និងមានការចូលរួម ពីអាជ្ញាធរមូលដ្ឋាន, អាជ្ញារធរជាតិអប្សរា, ក្រុមម៉ូតូធំ BMW, ក្រុមយុវជន ស.ស.យ.ក និងវត្តមានលោកឧកញ៉ា ទៀ វិចិត្រ ផងដែរ ដោយក្នុងនោះ លោក ទៀ សុខា បានណែនាំ ដល់សមាជិកកង់របស់ខ្លួន ដែលមកចូលរួម ឲ្យបានយល់ច្បាស់ ពី កម្មវិធីសម្រាប់ថ្ងៃស្អែក ដើម្បីធ្វើយ៉ាងណា ឲ្យដំណើរការ ប្រព្រឹត្តិទៅល្អប្រសើរ និងសុំកិច្ចសហការ ជាមួយអាជ្ញារធរមូលដ្ឋាន និងអាជ្ញាធរជាតិអប្សរា ដើម្បីសម្រួលចំពោះការធ្វើដំណើរ ដល់អ្នកចូលរួមជិះកង់ ដែលតាមការរំពឹងទុក មានចំនួនប្រមាណជាង ៣០០នាក់ ដែលមានទាំងថ្នាក់ដឹកនាំខេត្ត ផងដែរចូលរួម ។

សូមរំលឹកថា ក្នុងឱកាស អបអរខួបទី១១ឆ្នាំ នៃការបង្កើត ចលនាយុវជនកម្ពុជា (ក្រុម១៥៧) លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ នឹងធ្វើការដឹកនាំសមាជិក សមាជិការ តាមបណ្តាសាខា គ្រប់ខេត្តក្រុងដោយផ្ទាល់ ដើម្បីនាំគ្នាជិះកង់គៀងគរមូលនិធិ ជូនមន្ទីរពេទ្យ គន្ធបុប្ផា នៅខេត្តសៀមរាប ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ស្អែកនេះ៕

Related Posts