Uncategorized

ក្រុមកង់ ចលនាយុវជនកម្ពុជា ១៥៧ គៀងគរមូលនិធិ បានជាង ៧ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប

សៀមរាប៖ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមចលនាយុវជនកម្ពុជា ក្រុម១៥៧ គ្រប់សាខាខេត្តក្រុង ធ្វើការជិះកង់ នៅតំបន់ប្រាសាទអង្គរវត្ត ដោយគៀងគរមូលនិធិ បានចំនួន ៥៨ ០០០ដុល្លារ និង ៧៥ ០០០ ០០០រៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក្នុងឱកាសអបអរខួប១១ឆ្នាំ នៃការបង្កើតចលនាយុវជន ក្រុម១៥៧ ។

លោក ម៉ឹង ពន្លក បានមានប្រសាសន៍ថា “សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលមានលោក ហ៊ុន ម៉ាណែត ជាស្ថាបនិកមួយរូប ជានិច្ចជាកាលតែងតែ ចង្អុលបង្ហាញ ណែនាំឲ្យក្រុមការងារ យុវជនរបស់យើង ជួយដល់កិច្ចការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ គ្រប់បណ្តាខេត្ត ហើយក៏ដូចជាការចូលរួម នៅក្នុងសង្គមផ្សេងៗដែរ” ។

លោកបន្តថា “ជាការពិតណាស់ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ បានប្រមូលនូវមូលនិធិ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផានេះ បានច្រើនដងហើយ ថវិកាទាំងនោះ មិនមែនត្រឹមតែ ប្រជាពលរដ្ឋ នៅក្នុងប្រទេសនោះទេ ក៏មានប្រជាពលរដ្ឋ រស់នៅក្រៅប្រទេស ក៏បានចូលរួមផងដែរ ជាពិសេសបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅ សហរដ្ឋអាមេរិក ដែលលោកទទួលបានព័ត៌មាន ពីការ Post (បង្ហោះ) តាមរយៈសារព័ត៌មានរបស់យើង ដោយបានចូលរួមចំណែកជាច្រើន ហើយនិងយុវជន នៃប្រទេសជាតិយើង បានចូលរួមជាច្រើន” ។

ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ ក៏បានសម្តែងការអរគុណ ចំពោះលោក ទៀ សីហា អភិបាលខេត្តសៀមរាប ដែលបានផ្តល់ឱកាស ឲ្យសមាគមចលនាយុវជកម្ពុជា ក្រុម១៥៧ បានធ្វើសកម្មភាពមនុស្សធម៌ នៅលើទឹកដីខេត្តសៀមរាប ដើម្បីផ្តល់ជាមូលនិធិ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ។

ក្នុងឱកាសនោះ លោកប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមជាមួយគ្នា ដើម្បីគៀងគររកមូលនិធិ ជួយដល់មន្ទីរពេទ្យគន្ធបុផ្ផា ស្របតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបាន បំផុស និងអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា ដើម្បីទ្រទ្រង់ដល់សកម្មភាព របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានជួយស្រោចស្រង់ អាយុជីវិតកុមារកម្ពុជា រាប់លាននាក់ ក្នុងមួយឆ្នាំៗ ។

លោក ម៉ឺង ពន្លក បានបញ្ជាក់ថា ការជិះកង់នាឱកាសនេះ មិនត្រឹមតែធ្វើឡើង សម្រាប់សកម្មភាពមនុស្សធម៌ តែប៉ុណ្ណោះទេ ពោលគឺដើម្បីបំផុសគំនិត អោយយុវជនទាំងអស់ ស្រលាញ់កីឡា ព្រោះកីឡានាំមកនូវសុខភាព និងបង្ហាញឲ្យឃើញ ពីការរួបរួមសាមគ្គីភាពគ្នាផងដែរ ។

គួរឲ្យដឹងថា ការជិះកង់នេះ ក៏មានការចូលរួម ដោយផ្ទាល់ពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកទៀ សុខា ប្រធានចលនាយុវជនកម្ពុជា សាខាខេត្តព្រះសីហនុ លោកឧកញ៉ា ទៀ វិចិត្រ និងសមាជិក សមាជិកា ពីគ្រប់សាខាបណ្តាខេត្តក្រុង ក្រុមម៉ូតូធំ BMW ព្រមទាំងមានក្រុមយុវជន ស.ស.យ.ក ខេត្តសៀមរាប និងយុវជន កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជាង៣០០កង់ ធ្វើដំណើរប្រមាណជា ៣៥គីឡូម៉ែត្រ ពីចំណុច មុខសណ្ឋាគារ សុខាអង្គរ ដែលជិះព័ទ្ធជុំវិញប្រសាទនានា មកដល់មន្ទីរពេទ្យគន្ធបុប្ផាតែម្តង៕ ដោយ៖ ដារាត់

ទស្សនាកម្រងរូបភាព នៃព្រឹត្តិការណ៍ជិះកង់របស់ក្រុម១៥៧៖

Related Posts