ព័ត៌មានថ្មីៗ

PNN រៀបចំកម្មវិធីសម្តែង រួមគ្នា រវាងសិល្បៈ កម្ពុជា និងអ្នកសិល្បៈថៃ

ភ្នំពេញ ៖ ដើម្បីអបអរសាទរ ខួបគម្រប់៤ឆ្នាំ របស់ទូរទស្សន៍ PNN នាពេលថ្មីៗនេះ PNN បានរៀបចំកម្មវិធីដ៏កក្រើកមួយ ដោយផ្តល់នូវភាពរីករាយឥតដែនកំណត់ គឺបើកឱកាសឲ្យអ្នកគាំទ្ររបស់ខ្លួន ចូលរួមទទួលយកអារម្មណ៍ រំភើបស្រស់ស្រាយ ជាពិសេសរៀនសូត្រនូវបទពិសោធន៍ថ្មីៗ ក្នុងវិស័យសិល្បៈ និងកម្សាន្ត ដោយមានការសម្តែងរួមគ្នារវាង អ្នកសិល្បៈកម្ពុជា និងសិល្បៈថៃ។

វត្តមានដ៏ច្រើនកុះករ របស់អ្នកចូលរួមគ្រប់ស្រទាប់វណ្ណៈ មិនត្រឹមបញ្ជាក់អំពីការគាំទ្រ និងផ្តល់នូវកម្លាំងចិត្តឥតព្រំដែនដល់អ្នកសិល្បៈឡើយ តែគ្រប់គ្នាទទួលបានរង្វាន់ ជាទីគាប់ចិត្តត្រឡប់មកវិញដូចគ្នា គឺការពេញចិត្ត ពេញថ្លើម ជក់ចិត្តដិតអារម្មណ៍ពីសមត្ថភាព សម្តែងប្រកបដោយទេពកោសល្យ របស់តារាគ្រប់ដួងដែលបង្ហាញខ្លួន តាមលំដាប់មកអង្រួនឆាកតន្ត្រីឲ្យកាន់តែ អស្ចារ្យខ្លាំងឡើង ។ អាចនិយាយបានថា ជាឱកាសដ៏កម្រមួយដែលអ្នកទស្សនាកម្មវិធីជំនួបតារា PNN អាចមើលឃើញយ៉ាងច្បាស់ពីសមត្ថភាពសម្តែង រវាងអ្នកសិល្បពីរប្រទេសផ្សេងគ្នា ក្នុងពេលតែមួយ។

លោកអ្នកអាចវិនិច្ឆ័យ បានកាន់តែច្បាស់ តើតារារូបណាមានភាពលេចធ្លោជាង? តើពួកគេមានសមត្ថភាពសម្តែងពិសេសអ្វីអាចទាក់ចិត្តអ្នកគាំទ្ររបស់ខ្លួនបាន? ឆាកសម្តែងដែលមានទាំង កញ្ញា ជីម មី កញ្ញា ស៊ីន យូប៊ីន លោក ខាត់ វ៉ៃហាំង លោក អេតវិន លោក ឌីឌី និងតារាចម្រៀងលោក ជី ដេវីដ ក្រុមចម្រៀង Smallworld Smallband ជាពិសេសការចូលរួមរបស់តារាសម្តែងថៃគឺលោក Mario Maurer ។ មិនត្រឹមជាវេទិកាផ្តល់ជូននូវភាពរីករាយប៉ុណ្ណោះទេ តែក៏ជាកន្លែងមួយដែលរំលេចនូវសមត្ថភាព លក្ខណៈពិសេសរបស់តារា និងគាំទ្រលើកទឹកចិត្តដល់ការខិតខំច្នៃគំនិតជម្រុញនូវការបង្កើតថ្មីរបស់សិល្បករគ្រប់រូបថែមទៀត។

ក្រុមការងាររៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០១៩នេះ ជឿជាក់ថា អ្នកគាំទ្រទាំងអស់ ដែលចំណាយពេលវេលា ដ៏មានតម្លៃរបស់ខ្លួន ចូលរួមពិធីដ៏អធិកអធមនេះ នឹងមិនជួបប្រទះនូវការខកចិត្តខុសបំណងឡើយ ព្រោះក្រៅពីការសប្បាយ អ្នកចូលរួមក៏នឹងទទួលបានចំណេះដឹង និងបន្ថែមបទពិសោធន៍ថ្មីសម្រាប់ជីវិតផងដែរ ៕

ដោយ ៖ អេង ប៊ូឆេង

Related Posts