ក្រុមហ៊ុន ហិរញ្ញវត្ថុ

ក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល និងក្រុមហ៊ុនម៉ារីន បេ ឃែភីថល ចុះហត្ថលេខា វិនិយោគលើវិស័យដឹកជញ្ជូន សម្រាប់ការនាំចេញ នាំចូល ទាំងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិ

ភ្នំពេញ៖​ ក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ដែលជាក្រុមហ៊ុន មានសក្កានុពលមួយ នៅកម្ពុជា លើការអភិវឌ្ឍន៍ អចលនទ្រព្យ និងគម្រោងទីក្រុងឆ្លាតវៃ (Smart City) បានធ្វើការវិនិយោគ លើក្រុមហ៊ុនម៉ារីន បេ ឃែភីថល ក្នុងទំហំទឹកប្រាក់ ប្រមាណជាង ៥ លានដុល្លារសហរដ្ឋអាមេរិក លើវិស័យដឹកជញ្ជូន ដែលបានចុះហត្ថលេខារួមគ្នា កាលពីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារ Raffles Hotel Le Royal ក្រោមការអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ។

ជាការពិតណាស់ នារយៈពេល ៣០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា​ នៅតែរក្សាបានកំណើនសេដ្ឋកិច្ចក្នុង រង្វង់ ៧ % ជារៀងរាល់ឆ្នាំ នេះដោយសារតែប្រទេសកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស្ទើរតែគ្រប់វិស័យ ក្នុងនោះ មានដូចជាវិស័យអប់រំ វិស័យកសិកម្ម វិស័យសំណង់ ក៏ដូចជាវិស័យសុខាភិបាលជាដើម ប៉ុន្តែក្នុងនោះដែរ គេសង្កេតឃើញថា វិស័យនាំចេញ នាំចូល ក៏កំពុងមានសន្ទុះខ្លាំងផងដែរ។ ជាមួយទំហំទឹកប្រាក់សរុប ២៤​ ៩៨៥លានដុល្លារ នៅឆ្នាំ ២០១៨ ។ ទន្ទឹមនឹងវិស័យហេដ្ឋារចនាសម្ព័ន្ឋ មានការកើនឡើង និងមានភាពរីកចម្រើនខ្លាំង​ គួរអោយកត់សំគាល់ ជាពិសេសផ្តល់ភាពងាយស្រួល ក្នុងការដឹកជញ្ជូន កាន់តែមានភាពល្អប្រសើរឡើង ទើបធ្វើឲ្យក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ងាក់មកធ្វើការបណ្តាក់ទុនវិនិយោគ ជាមួយក្រុមហ៊ុនម៉ារីន បេ ឃែភីថល លើទៅលើវិស័យដឹកជញ្ជូនមួយនេះ សម្រាប់ការនាំចេញ នាំចូល ទាំងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិ ខណៈដែលកិច្ចសហការវិនិយោគ ដែលត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ ជាមួយក្រុមហ៊ុនម៉ារីន បេ ឃែភីថល គឺជាការវិនិយោគលើក្រុមហ៊ុនធំៗ ទី១៨ របស់ក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ។

លោកស្រី សែ លីលី សហស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល បានបញ្ជាក់ថា ក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ជាក្រុមហ៊ុនអចនលទ្រព្យមួយ ដែលត្រៀមខ្លួន ចូលក្នុងទីផ្សារ ភាគហ៊ុននៅញូយ៉ក ក្នុងឆ្នាំ ២០២៥ ខាងមុខ។ ដោយសារតែសំឡឹងឃើញ ភាពអំណោយផល ផ្នែកហេដ្ឋារចនាសម្ព័ន្ឋ ពិសេសការនាំចេញ នាំចូល កំពុងតែមានភាពប្រកូតប្រជែង ខ្លាំងផងនេះក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល មិនត្រឹមតែជាក្រុមហ៊ុន ដែលអភិវឌ្ឍន៍លើអចនលទ្រព្យ តែមួយមុខប៉ុណ្ណោះទេ តែពេលនេះក្រុមហ៊ុនក៏បានពង្រីក សក្តានុពលរបស់ខ្លួន ទៅបន្តវិនិយោគលើវិស័យដឹកជញ្ជូន បច្ចេកវិទ្យា និង ហិរញ្ញវត្ថុទៀតផង។ បន្ថែមពីលើនោះ ក្រុមហ៊ុន ក៏មានចក្ខុវិស័យ បង្កើតនូវ ទីក្រុងវ័យឆ្លាត ដំបូង គេបង្អស់ ដែលរួមបញ្ជូលវិស័យ ជាច្រើនដូចជា ពាណិជ្ជកម្ម អេកូទេសចរណ៍ វប្បធ៌ម បរិស្ថាន ដែលសុទ្ឋសឹងជាផ្នែកសំខាន់ៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។

ក្នុងឱកាសនេះដែរ លោក ថៃ ឧត្តម ដែលជា ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយក ក្រុមហ៊ុន ម៉ារីន បេ ឃែភីថល បានមានប្រសាសន៍ថា ក្រុមហ៊ុន ម៉ារីន បេ ឃែភីថល ជាក្រុមហ៊ុន ដែលផ្តោតទៅលើវិស័យដឹកជញ្ជួន និងគ្រឿងភស្តុភារ បែបទំនើប ក្នុងប្រទេសកម្ពុជា ជាមួយនឹងការប្រើប្រាស់ បច្ចេកវិទ្យា និងឧស្សាហកម្មជំនាន់ថ្មី ដើម្បីបំពេញតម្រូវការ ទីផ្សារនាពេលបច្ចុប្បន្ន។

លោកបានបន្ថែមទៀតថា ដោយមើលឃើញ នូវតម្រូវការ និងឱកាសទៅលើវិស័យនាំចេញ នាំចូល បានជាក្រុមហ៊ុនទាំង២ ចូលរួមគ្នាអភិវឌ្ឍន៍ វិស័យដឹកជញ្ជូននេះឡើង ដើម្បីអោយកាន់តែមានប្រសិទ្ឋភាព ក៏ដូចជាអាចឈានជើង ចូលទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ៕

Related Posts