ព័ត៌មានថ្មីៗ

ចលនាយុវជនកម្ពុជា ក្រុម១៥៧ ខេត្តព្រះសីហនុ ចុះអន្តរគមន៍ ជួយប្រជាពលរដ្ឋ រងការជន់លិចជំនន់ទឹកភ្លៀង

ព្រះសីហនុ៖ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង បង្កជាជំនន់ទឹកភ្លៀង ជនលិចផ្ទះប្រជាពលរដ្ឋជាច្រើន នៅខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) តាមការណែនាំ ពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា បានចាត់ឲ្យសមាជិក សមាជិកា ចុះអន្តរគមន៍ជួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ជន់លិចទៅកាន់ទីទួលមានសុវភាព ។

លោក ទៀ សុខា ប្រធានក្រុមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ​ បានឲ្យដឹងថា ក្រោយពីកម្ពស់ទឹកភ្លៀង​ នៅក្នុងក្រុងព្រះសីហនុមានការកើនទ្បើង ដែលធ្វើអោយផ្ទះប្រជាពលរដ្ឋមួយចំនួន ត្រូវបានជន់លិច និងបណ្តាលអោយមានការខូចខាត ទ្រព្យសម្បត្តិមួយចំនួន ដោយផ្អែកតាមប្រសាសន៍ ណែនាំរបស់លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) ផងនោះ លោក បានចាត់ឲ្យសមាជិក សមាជិកា ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ ចុះជួយបងប្អូនប្រជាពលរដ្ឋ​ នៅតាមភូមិ ឃុំ សង្កាត់ ក្នុងក្រុងព្រះសីហនុ ដែលមានការជន់លិចផ្ទះសំបែង ក្នុងនោះដែរសមាជិក ក៏បានជួយជីដូនជរាម្នាក់ ឈ្មោះ អ៊ី គៀន អាយុ៧៨ឆ្នាំ ចេញពីកន្លែងជន់លិច ទៅកាន់ទីកន្លែងសុវត្ថិភាពផងដែរ ។

សូមរំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅល្ងាចថ្ងៃទី៩ ខែសីហានេះ បានបញ្ជាឲ្យក្រសួងធនធានទឹក គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់​ ត្រូវមានវិធានការ ឲ្យបានខ្ពស់ សម្រាប់រំដោះជំនន់ទឹកភ្លៀង និងបញ្ជៀសការគ្រោះដល់ប្រជាពលរដ្ឋ៕ ដោយ៖ ដារាត់

Related Posts