ព័ត៌មានថ្មីៗ

កញ្ញា មាន សូនីតា អំពាវនាវសាធារណជន ចូលរួមបរិច្ចាគតាមរយៈមូលនិធិ គន្ធបុប្ផាកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” (វិដេអូ)

ភ្នំពេញ៖ យើងទាំងអស់គ្នា បានឃើញទិដ្ឋភាពក្នុងមន្ទីរពេទ្យគន្ធបុប្ផា រួចមកហើយ ពីមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផា ទទួលកុមារជាង៤ពាន់នាក់ ក្នុងការពិនិត្យនិងព្យាបាល ជំងឺដោយឥតគិតថ្លៃ ក្នុងវិដេអូដែលមានរយៈពេលប្រមាណជាង៣នាទី កញ្ញា មាន សូនីតា ដែល​ជា​សិល្ប​ការិនី​ល្បី​ឈ្មោះ​មួយ​រូប បានបង្ហាញអារម្មណ៍ដ៏សង្វេគ នៅពេលបានឈានជើង ចូលដល់មន្ទីរពេទ្យ គន្ធបុប្ផា ដូច្នេះសូមសាធារណជនចូលរួម បរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីនាំមកនូវភាពញញឹមដល់កុមារ កម្ពុជាទាំងអស់។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation បានឲ្យដឹងថា “ដូចបានសន្យាថា នឹងបង្ហាញ ឃ្លីបវីដេអូខ្លីកាលពីថ្ងៃមុន ដែលស្ដីពី អារម្មណ៍ដ៏សង្វេគរបស់ កញ្ញា មាន សូនីតា Mean Sonyta នៅពេលបានឈានជើងចូលដល់ មន្ទីរពេទ្យគន្ធបុប្ផា សូមទស្សនាសកម្មភាព នៅក្នុងមន្ទីរពេទ្យនេះតាមរយៈ ក្រសែភ្នែក របស់កញ្ញា ក្នុងឃ្លីបវីដេអូខ្លីខាងក្រោម។ ស្តាប់ឮ១០០ដង ពិតជាមិនស្មើនឹងបាន ឃើញផ្ទាល់ភ្នែកម្តងមែន។ ភ្ជាប់ជាមួយនឹងអារម្មណ៍ពិត កញ្ញា មាន សូនីតា ក៏បានអំពាវនាវ ដល់សាធារណជន សូមចូលរួម បរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីនាំមកនូវភាពញញឹមដល់កុមារ កម្ពុជាទាំងអស់”។

តាមរយៈវិដេអូ របស់មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation កញ្ញា មាន សូនីតា បានឲ្យដឹងថា “យើងអាចចូលរួមគាំទ្រដើម្បីនិរន្តរភាព គន្ធបុប្ផា ទាំង៥ទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្ម ពិគ្រោះ ពិនិត្យនិងព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ ប្រកបដោយគុណភាពខ្ពស់។ ពីមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផា ទទួលកុមារជាង ៤ពាន់នាក់ ក្នុងការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដូច្នេះហើយយើងត្រូវការអ្នកទាំងអស់គ្នាដើម្បី ចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា យើងទាំងអស់គ្នាអាច ចូលរួមបាន និងក្លាយជា សមាជិកត្រឹមតែ៥ពាន់រៀលសម្រាប់មួយខែ ក្នុងថ្ងៃនេះផងដែរនាងខ្ញុំ ចង់បំផុសដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ក្នុងស្មារតីខ្មែរជួយខ្មែរ “។

សូមជម្រាបថាលោក លោកស្រី អ្នកនាងកញ្ញា មេត្តាបន្តចូលរួម ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយ ដែលងាយស្រួលជាច្រើន និងដោយមិនគិតថ្លៃសេវា ក្នុងករណី លោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគ ដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុន មកលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារយើង អាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ ក្នុងបញ្ចីរួមគ្នាតែមួយ ដែលបង្ហាញពីសាមគ្គីភាព ក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕

Related Posts