Uncategorized

ក្រុមកង់តំបន់ភ្នំអារ៉ែង​ នាំយកជំនួយមនុស្សធម៌ ឧត្តមនាវីឯក ទៀ សុខា និងឧកញ៉ា ទៀ វិចិត្រ ជួយដល់ស្ត្រីមេម៉ាយកូន៣ ដែលប្តីត្រូវឃាតករសម្លាប់

ភ្នំពេញ៖ ស្ត្រីមេម៉ាយក្រីក្រ មានកូនជាបន្ទុកបីនាក់ រស់នៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ ទទួលបានជំនួយមនុស្សធម៌ តាមរយៈក្រុមកង់តំបន់ភ្នំអារ៉ែង ដែលបាននាំយកអំណោយ បានមកពីលោកឧត្តមនាវីឯក ទៀ សុខា ប្រធានកិត្តិយសក្រុមកង់តំបន់ភ្នំអារ៉ែង និងលោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងសមាជិកក្រុមកង់តំបន់ភ្នំអារ៉ែង និងសប្បុរជននានា ។

ការនាំយកអំណោយមនុស្សធម៌នេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ប្រគល់ជូនដល់ ស្ត្រីមេម៉ាយឈ្មោះ ស៊ីន វណ្ណៈ មានកូន៣នាក់ ដែលប្តីរបស់ស្ត្រីមេម៉ាយរូបនេះ ត្រូវបានឃាតករឃោឃៅសម្លាប់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ខណៈដែលជីវភាពរស់នៅរបស់គ្រួសារកំសត់នេះ កំពុងជួបប្រទះនូវទុក្ខលំបាក ក្រោយបាត់បង់បង្គោលគ្រួសារ ជាក់ស្តែងដំបូល និងជញ្ជាំងផ្ទះធ្លុះធ្លាយគួរឲ្យសង្វេត ។

ក្រោយទទួលបានជំនួយ ស្ត្រីរូបនោះ លើកដៃសំពះថ្លែងអំណរគុណ​​ ដល់លោកឧកញ៉ា ទៀ វិចិត្រ និងលោកឧត្តមនាវីឯក ទៀ សុខា ដែលបានផ្តល់ក្តីសង្ឃឹម មានជម្រកសមរម្យរស់នៅឡើងវិញ អាចមើលថែរក្សាបីបាច់កូនៗបន្តទៀត ។

គួរបញ្ជាក់ថា តាំងពីព្រលឹមស្រាងៗ ក្រុមកង់តំបន់ភ្នំអារ៉ែង ប្រមាណ២០នាក់ បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ភូមិសំបុកគ្រាល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីរួមគ្នា ជួយប្រជាពលរដ្ឋក្នុងភូមិ ជួយជួសជុលផ្ទះ ប្រកដំបូល និងបិទជញ្ជាំងផ្ទះ ជូនដល់គ្រួសារស្ត្រីមេម៉ាយ ឈ្មោះស៊ិន វណ្ណៈ ដើម្បីឲ្យគាត់អាចរស់នៅ ជាមួយកូនៗ បានសមរម្យដូចគេដូចឯង៕

Related Posts